ដោយៈ ចំណាន
ភ្នំពេគៈ កម្ពុជាគឺជាគោលដៅទេសចរណ៍ ប្រកបដោយសុខសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងសូមអញ្ជើញមិត្តចិន និងមិត្តអន្តរជាតិទាំងអស់ មកទស្សនាកម្ពុជា ដោយក្តីជឿជាក់ និងមានទំនុកចិត្ត” សារដ៏មុតមាំ និងជាក់ច្បាស់របស់កម្ពុជាដល់ប្រទេស ជាង៥០ ពីគ្រប់ទ្វីប។ នេះជាការលើកឡើងរបស់លោកហួត ហាក់រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
ដោយទទួលបានគោលការណ៍អនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា លោករដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ទៅចូលរួមព្រឹត្តិការណ៍ទេសចរណ៍ “The 9th Silk Road (Dunhuang) International Cultural Expo” នៅទីក្រុងទុងហ័ង (Dunhuang) ខេត្តគ័នស៊ូ (Gansu) នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនោះ លោកហួត ហាត់បានថ្លែងសុន្ទរកថាក្នុងពិធីបើក “ពិព័រណ៍វប្បធម៌អន្តរជាតិវិថីសូត្រ លើកទី៩” នៅទីក្រុងទុនហ័ង ខេត្តគ័នស៊ូ (Gansu) នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមពីលោកWu Xiaojun លេខាធិការបក្សប្រចាំខេត្តគ័នស៊ូ និងមន្រ្តីពាក់ព័ន្ធ។
ថ្លែងក្នុងព្រឹត្តិការណ៍ទេសចរណ៍អន្តរជាតិ និងដ៏អាធិកអធមនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ ចំពោះភាពជោគជ័យនៃការរៀបចំពិព័រណ៍នេះចំនួន៨លើកកន្លងមក ព្រមទាំងថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តគ័នស៊ូ និងរដ្ឋបាលក្រុងទុនហ័ង ដែលបានរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ដែលស្របតាមស្មារតីនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មី។
ទន្ទឹមនឹងនេះ លោកហួត ហាក់បានលើកឡើងថា ខេត្តគ័នស៊ូ គឺជាមជ្ឈមណ្ឌលស្នូលនៃវិថីសូត្របុរាណ ដែលមានសម្បត្តិបេតិកភណ្ឌវប្បធម៌ទេសចរណ៍ និងធម្មជាតិដ៏សម្បូរបែប ជាពិសេសរូងភ្នំម៉ូកៅ នៅទីក្រុងទុនហ័ង រីឯកម្ពុជាមានប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទប្រវត្តិសាស្ត្រ និងជាច្រើនសុទ្ធសឹងជាកំណប់ទ្រព្យនៃអរិយធម៌មនុស្សជាតិ ដែលគំនិតផ្តួចផ្តើម “កិច្ចសន្ទនារវាងរូងភ្នំម៉ូកៅ និងប្រាសាទអង្គរវត្ត” បានក្លាយជាចំណុចដ៏សំខាន់ ក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌ និងអរិយធម៌តាមបណ្តោយវិថីសូត្រ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ ដែលមានបេតិកភណ្ឌពិភពលោកដូចគ្នា។
លោករដ្ឋមន្ត្រីក៏បានបន្ថែមថា ពិព័រណ៍វប្បធម៌អន្តរជាតិវិថីសូត្រលើកទី៩ គឺជាវេទិកាទេសចរណ៍វប្បធម៌ ដ៏មានសារៈសំខាន់ក្នុងការជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រជាជន និងប្រជាជន ទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងការរៀនសូត្រពីគ្នាទៅវិញទៅមករវាងអរិយធម៌ទឿងអស់ ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍។
ទំនាក់ទំនងមិត្តភាពកម្ពុជា និងចិន មានប្រវត្តិសាស្ត្រយូរលង់មកហើយគឺតាំងពីសម័យហ្វូណនមកម្ល៉េះ ជាពិសេស ឆ្នាំ២០២៦ នេះ គឺជាខួបលើកទី៦៨ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ត្រូវបានកសាង និងពង្រឹងជាបន្តបន្ទាប់ក្លាយជា “មិត្តដែកថែប” តាមរយៈថ្នាក់ដឹកនាំជំនាន់មុន និងបច្ចុប្បន្ន ព្រមទាំងទទួលបានការគាំទ្រពីប្រជាជននៃប្រទេសទាំងពីរ៕







