កម្ពុជា​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនូន​៣៩​និង​ស្រូប​យក​លំហូរ ​ទុន​១៥​ពាន់​លាន​ដុល្លារ​

ចែករំលែក

ដោយៈ ម៉ាណា

    ភ្នំពេញៈ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការចំនួន៣៩តំបន់ ដោយបានស្រូបទាញគម្រោងវិនិយោគសរុបចំនួន១.១៤៩គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ១៥ប៊ីលានដុល្លារអាម៉េរិក និងបានបង្កើតឱកាសការងារ ជូនប្រជាពលរដ្ឋប្រមាណ២៧ម៉ឺនកន្លែង។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ និងតំបន់សេដ្ឋកិច្ចពិសេស ហ័រស៊ាំង អ៊ិនធើណេសិនណល ក្នុងខេត្តស្វាយរៀង ដើម្បីពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់របស់លោកជា វុទ្ធីអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោកអគ្គលេខាធិការបានលើកឡើងអំពីសាវតា នៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដែលជាលទ្ធផលនៃគំនិតផ្តួចផ្តើម ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

លោកបញ្ជាក់ថា “គំនិតផ្តួចផ្តើមនេះបានប្រែក្លាយផ្ទៃដីទំនេរ និងវាលស្រែដ៏ធំល្វឹងល្វើយ ឱ្យទៅជាតំបន់ឧស្សាហកម្ម ដែលបាននិងកំពុងបន្តទាក់ទាញគម្រោងវិនិយោគថ្មីៗជាច្រើន ព្រមទាំងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការធ្វើពិពិធកម្មមូលដ្ឋានឧស្សាហកម្ម ពីឧស្សាហកម្មដែលប្រើប្រាស់កម្លាំងពលកម្មច្រើន ទៅជាឧស្សាហកម្មដែលប្រើប្រាស់បច្ចេកវិទ្យា និងមានតម្លៃបន្ថែមខ្ពស់”។

ជាមួយគ្នានេះ លោកជា វុទ្ធីបានរំលឹកឡើងវិញនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ដែលបានជំរុញ និងលើកទឹកចិត្តឱ្យវិនិយោគិនខិតខំផលិត និងកែច្នៃផលិតផលនៅក្នុងស្រុក មុននឹងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីបង្កើនតម្លៃបន្ថែម និងកាត់បន្ថយហានិភ័យ ដែលអាចកើតមានពីភាពមិនប្រាកដប្រជា នៃការនាំចេញទៅក្រៅប្រទេស។

ទន្ទឹមនេះ លោកអគ្គលេខាធិការក៏បានលើកឡើងពីប្រសាសន៍របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានជំរុញឱ្យមានការកែច្នៃកសិផលក្នុងស្រុក ដើម្បីបង្កើនតម្លៃបន្ថែម ព្រមទាំងពង្រឹងការតភ្ជាប់រវាងការវិនិយោគបរទេស និងឧស្សាហកម្មក្នុងស្រុក ក្នុងគោលដៅធានានូវការអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុកឱ្យកាន់តែរឹងមាំ និងមានស្ថិរភាព។

នៅឱកាសពិនិត្យរោងចក្រផលិតសំបកកង់រថយន្ត ឯកឧត្តមអគ្គលេខាធិការបានលើកឡើង ពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញឱ្យមានការវិនិយោគ កែច្នៃជ័រកៅស៊ូក្នុងស្រុកឱ្យបានជាអតិបរមានិងប្រកបដោយគុណភាពខ្ពស់ សម្រាប់ផ្គត់ផ្គង់ដល់ឧស្សាហកម្មផលិតសំបបកកង់រថយន្ត ជំនួសឱ្យការនាំចូលជ័រកៅស៊ូពីក្រៅប្រទេស ត្បិតកម្ពុជាមានសក្តានុពលខ្ពស់ក្នុងការផលិតនិងកែច្នៃជ័រកៅស៊ូ៕


ចែករំលែក