រដ្ឋមន្រ្តីពាណិជ្ជកម្មៈ​ ស្វាយចន្ទីរ ​និង​ម្រេច​កម្ពុជា​បាន​ដាក់​លក់​ជាង ២៣០០០​ ទីតាំង​នៅ​លើ​ពិភព​លោក​

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ លោកជំទាវរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងជំរុញ និងសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ផលិតផលកសិ-កែច្នៃរបស់កម្ពុជា រួមទាំងគ្រាប់ស្វាយចន្ទី និងម្រេច បច្ចុប្បន្នកំពុងមានវត្តមានដាក់លក់ នៅតាមផ្សារអន្តរជាតិសរុបជាង២៣,០០០ទីតាំង ក្នុងនោះមានបណ្តាញផ្សារធំៗ ដូចជា Costco, E.Leclerc, Carrefour និងTesco ជាដើម។

លោកជំទាវបានថ្លែងបែបនេះ ក្នុងវេទិកាមួយដែលបានរៀបចំធ្វើនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១១ វិច្ឆិកាកន្លងមកនេះ។

លោកជំទាវបានបញ្ជាក់ថា “វឌ្ឍនភាពនេះ ឆ្លុះបញ្ចាំងពីការពង្រី​កវត្តមានផលិតផលកម្ពុជា នៅលើទីផ្សារអន្តរជាតិ និងជាកម្លាំងជំរុញឱ្យបន្តពង្រឹងគុណភាព បង្កើនតម្លៃបន្ថែម និងស្វែងរកឱកាសទីផ្សារថ្មីៗបន្ថែមទៀត”​។

ដើម្បីបន្តលើកកម្ពស់ភាពប្រកួតប្រជែង នៃវិស័យស្វាយចន្ទី និងម្រេចកម្ពុជា លោកជំទាវរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍សំខាន់ៗ រួមមាន៖ ការបង្កើនសមត្ថភាពកែច្នៃ និងវេចខ្ចប់ក្នុងស្រុក ការពង្រឹងគុណភាព និងការអនុវត្តតាមស្តង់ដា និងលក្ខខណ្ឌតម្រូវរបស់ទីផ្សារអន្តរជាតិ ការទាញយកអត្ថប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ការពង្រីកប្រព័ន្ធតាមដានប្រភពដើមឌីជីថល ការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន និងទុនបង្វិល ការលើកកម្ពស់ម៉ាកសញ្ញា និងអត្តសញ្ញាណផលិតផលកម្ពុជា ព្រមទាំងការកសាងទំនាក់ទំនងពាណិជ្ជកម្មដោយផ្ទាល់ ដែលឈរលើទំនុកចិត្ត តម្លាភាព និងផលប្រយោជន៍ទៅវិញទៅមក៕

 


ចែករំលែក