ក្រុង​អរិយក្សត្រ​នៅ​រយៈ​ពេល​៥ឆ្នាំ​ខាង​មុខ​នឹង​មាន​ការ​អភិវឌ្ឈ ​យ៉ាង​ដូច​ម្តេច​?​

ចែករំលែក

ដោយៈ គង់ សូរិយា

    កណ្តាលៈ ទីក្រុងមួយដែលស្ថិតនៅទល់មុខរាជធានីប្រទេសមួយ នឹងទទួលបានផលប្រយោជន៍ពីលំហូរប្រជាជន ឥទ្ធិពលសេដ្ឋកិច្ច និងការរីកចម្រើននៃនគរូបនីយកម្ម។

ប្រជាជនទីក្រុងនេះ បាននិងកំពុងរង់ចាំអស់ជាច្រើនទសវត្សរ៍មកហើយ ពីផែនការសាងសង់ស្ពានតភ្ជាប់ពីរាជធានី ទៅកាន់ទីក្រុងដែលមានប្រជាជនរស់នៅប្រមាណ៨០,០០០នាពេលបច្ចុប្បន្ននេះ ប៉ុន្តែពួកគេបានខកចិត្តជាបន្តបន្ទាប់ ដោយសារគម្រោងសាងសង់ស្ពានត្រូវបានពន្យាពេលជាបន្តបន្ទាប់។

ប៉ុន្តែស្នាមញញឹមបានកើតឡើង ស្របពេលក្រុមហ៊ុនTP Moral Group ដែលបាននិងកំពុងរៀបចំអភិវឌ្ឍន៍ ទីក្រុងរណបMekong Quay ប្រកាសនឹងសាងសង់ស្ពានតភ្ជាប់ពីទីក្រុងថ្មីនេះ មកកាន់ទីក្រុងនរានៅដើមឆ្នាំ២០២៧ខាងមុខ។

គម្រោងស្ពានប្រវែង២១០០ម៉ែត្រនេះ នឹងក្លាយជាLandmarkថ្មីមួយ នៅរាជធានីជាមួយការឌីសាញ ដែលមានការបាញ់ភ្លើង និងបាញ់ទឹកលម្អរនាពេលរាត្រី។

លើសពីនេះ គម្រោងស្ពានមិត្តភាពកម្ពុជា–កូរ៉េ មួយផ្សេងទៀត ដែលគ្រោងនឹងតភ្ជាប់ ពីតំបន់កណ្តាលរាជធានីភ្នំពេញ ឆ្លងកាត់ជ្រោយចង្វារ ទៅកាន់អារីក្សត្រផងដែរ។

ដំណឹងល្អមួយទៀត គឺរដ្ឋាភិបាលជប៉ុននឹងផ្តល់កម្ចីការប្រាក់ទាប ដល់កម្ពុជា ដោយនឹងសាងសង់ស្ពានតភ្ជាប់ពីតំបន់ក្តីតាកុយ ទៅកាន់ទីក្រុងអរិយក្សត្រផងដែរ ខណៈស្ពានដីឥដ្ឋ ថ្មគរ ដែលតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត បាននិងកំពុងសម្រេចបានវឌ្ឍនភាពល្អប្រសើរផងដែរ។

ទីក្រុងអរិយក្សត្រ នឹងមានការលំនៅឋាន​សម្រាប់​អ្នក​មាន​ចំណូល​មធ្យម ផ្ទះ​ល្វែង គម្រោង​បុរី និង​អាផាតមិន​កាន់​តែ​ច្រើន។ គ្រួសារ​ដែល​ធ្វើការ​នៅ​ភ្នំពេញ​អាច​ពិចា រណា​រស់នៅ​ត្រើយ​ម្ខាង​ទន្លេនាពេលអនាគត។

ជាមួយគ្នានេះ តាមផែនការទីក្រុងMekong Quay នឹងអភិវឌ្ឍន៍ជាតំបន់លំហែរ សេវាកម្មកម្សាន្ត ភោជនីយដ្ឋាន និងក្លាយជាផលិតផលទេសចរណ៍ថ្មីមួយ សម្រាប់រាជធានីភ្នំពេញ។

ការអភិវឌ្ឍ​ពាណិជ្ជកម្ម ភោជនីយដ្ឋាន ផ្សារទំនើប ផ្សារ កន្លែង​ទិញ​ទំនិញ គ្លីនិក និង​សាលារៀន​នឹង​កាន់តែ​មាន​សារៈសំខាន់។ ការអភិវឌ្ឍសេវាកម្មទេសចរណ៍ និង​របៀប​រស់នៅ​តាម​មាត់ទន្លេ ភោជនីយដ្ឋាន សណ្ឋាគារ កន្លែង​កម្សាន្ត ឧទ្យាន និង​តំបន់​ពាណិជ្ជកម្ម​តាម​មាត់ទន្លេ​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ពី​ភ្នំពេញ នឹងអាចរៀបចំឡើងនាពេលអនាគតជាមួយនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលបម្រើចក្ខុវិស័យនាពេលអនាគតរបស់រាជធានី។

ប្រសិនជាសិក្សាពីតំបន់អរីយក្សត្រ (Areyksat) សម្រាប់រយៈពេលរហូតដល់ឆ្នាំ ២០៣១ សម្រាប់អ្នកវិនិយោគអចលនទ្រព្យ លោកយិន លាងគង់អ្នកវិភាគអចលនទ្រព្យឯករាជ្យ បានលើកឡើងនូវគម្រោ​ង​អចលនទ្រព្យ៣ប្រភេទ ដែលគួរអភិវឌ្ឍន៍នាពេលអនាគត ទី១លំនៅឋានសម្រាប់អ្នកមានចំណូលកម្រិតមធ្យម៖ ផ្តោតលើតម្រូវការជាក់ស្តែងសម្រាប់ការស្នាក់នៅ មិនមែនគ្រាន់តែជាការទិញដើម្បីរំពឹងចំណេញពីការឡើងថ្លៃ (speculative buying) នោះទេ។

ទី២ ដីសម្រាប់ពាណិជ្ជកម្ម៖ ផ្តល់អាទិភាពដល់ទីតាំងដែលនៅជិតផ្លូវចូលស្ពាន និងតំបន់ដែលមានសហគមន៍រស់នៅរួចជាស្រេច។ និងទី៣ ដីសម្រាប់ឧស្សាហកម្ម និងភស្តុភារកម្ម (Logistics)៖ ស្វែងរកទីតាំងដែលមានការតភ្ជាប់ផ្លូវថ្នល់ល្អ មានហេដ្ឋារចនាសម្ព័ន្ធចាំបាច់ (ដូចជាទឹក ភ្លើង) និងមានការអនុញ្ញាតឱ្យប្រើប្រាស់ដីស្របតាមច្បាប់។

តាមការសិក្សារបស់ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ នៃប្រទេសជប៉ុន(JICA)ក៏បានបង្ហាញផងដែរថា សម្រាប់ឆ្នាំ ២០៣៥ តំបន់ច្រករបៀងភាគខាងកើតនៃរាជធានីភ្នំពេញ អាចនឹងបង្កើតតម្រូវការដឹកជញ្ជូនយ៉ាងច្រើន និងលំហួរចរាចណ៍កាន់តែកើនខ្ពស់។

ការសិក្សាថ្មីមួយបានបង្ហាញផងដែរថា នៅពេលសាងសង់បញ្ចប់ នឹងមានមនុស្សចន្លោះពី៣០,០០០ទៅ៦០,០០០នាក់ នឹងធ្វើដំណើរឆ្លងកាត់ស្ពានMekong Quay ក្នុងមួយថ្ងៃ ស្របពេលប្រជាជនទៅរស់នៅទីក្រុងនេះ នឹងកើនឡើងយ៉ាងគំហុក ដែលឆ្នាំ២០២៥ ចំនួនមនុស្សទៅរស់នៅទីក្រុងនេះ អាចកើនដល់១៥០,០០០នាក់ ឬច្រើនជាងនេះ អាស្រ័យលើល្បឿននៃការអភិវឌ្ឍ និងភាពទាក់ទាញរបស់តំបន់នេះ។

លោកយិន លាងគង់បានបន្តថា ការអភិវឌ្ឍប្រកបដោយនិរន្តរភាព គួរជាអ្វីដែលអ្នកអភិវឌ្ឍនៅទីក្រុងនេះគួរផ្តោត ជាជាងចំណេញឬអ្នកអភិវឌ្ឍន៍ឈ្នះតែម្នាក់ឯង ដែលបញ្ហានេះបានកើតមានរួចមកហើយនៅគម្រោងអភិវឌ្ឍន៍ធំៗជាច្រើននៅរាជធានីមួយនេះ។

លោកបញ្ជាក់ថា “ការអភិវឌ្ឍដែលផ្តោតលើភាពបៃតង ផ្តោតលើទីក្រុងឆ្លាតវៃ និងហេដ្ឋារចនាសម្ព័ន្ធធំៗ នឹងជួយឲ្យទីក្រុងនេះទាក់ទាញមនុស្សរស់នៅកាន់តែច្រើន និងមានភាពរសរវើកសម្រាប់អនា​គត”៕


ចែករំលែក