ដោយៈ ចំណាន
ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា (JCA)និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងតំណាងក្រុមហ៊ុនជប៉ុនចំនួន១៩ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមប្រធានសមាគម និងគណៈប្រតិភូ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន និងការរីកចម្រើននៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលមានភាពរឹងមាំ និងកំណើនល្អប្រសើរ។
នាកិច្ចជំនួបនោះ លោក KATO Kazunori នាយកប្រតិបត្តិនៃសមាគមជប៉ុន-កម្ពុជា និងជាប្រធានក្រុមហ៊ុន Aric Co., Ltd. បានធ្វើបទបង្ហាញគោរពរាយការណ៍ ជូនអំពីវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្រធុរកិច្ចឆ្នាំ២០២៦ និងផែនការយុទ្ធសាស្ត្រឆ្នាំ២០២៧ រួមទាំងគំនិតផ្តួចផ្តើមសំខាន់ៗ ក្នុងការជំរុញការកែច្នៃផលិតផលកសិកម្ម នៅតំបន់សេដ្ឋកិច្ចពិសេសរបស់សហគ្រាសធុនតូច និងមធ្យមជប៉ុន និងការធ្វើទីផ្សារឌីជីថលសម្រាប់ម៉ាកយីហោជប៉ុន ដែលផលិត និងប្រើប្រាស់វត្ថុធាតុដើមនៅកម្ពុជា និងយុទ្ធសាស្ត្រក្នុងការផ្សព្វផ្សាយផលិតផលជប៉ុនផលិតនៅកម្ពុជា ជាដើម។
ជាកិច្ចឆ្លើយតប លោកជំទាវរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ និងស្វាគមន៍នូវគំនិតផ្តួចផ្តើមរបស់សមាគមជប៉ុន- កម្ពុជា និងបានជម្រាបជូនអំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ជាពិសេស ក្រសួងពាណិជ្ជកម្មក្នុងនាមសេនាធិការរាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច កិច្ចសម្រួលពាណិជ្ជកម្ម និងការបន្តធ្វើសាមញ្ញកម្ម និងទំនើបកម្មការផ្តល់សេវាសាធារណៈ ក្រោមសមត្ថកិច្ចក្រសួង។
លោកជំទាវរដ្ឋមន្ត្រីបានថ្លែងអំណរគុណ ចំពោះសមាគមជប៉ុន-កម្ពុជា ដែលផ្តល់ជំនឿទុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា និងបានចូលរួមជួយទាក់ទាញ និងកៀរគរក្រុមហ៊ុន សហគ្រាស ធុរកិច្ចជប៉ុន មកបណ្តាក់ទុន ប្រកបអាជីវកម្ម ធុរកិច្ច និងវិនិយោគនៅកម្ពុជា៕








