ដោយៈ គង់ សូរិយា
ភ្នំពេញៈ មិនមែនមេឃខ្មៅ សុទ្ធតែមិនអាចពន្លឺព្រះអាទិត្យចែងចាំងបាននោះទេ យ៉ាងណាអ្នកជំនាញ និងការវិភាគទីផ្សារបានរកឃើញថា តំបន់ចំនួន១០នឹងទទួលបានការចាប់អារម្មណ៍ ច្រើនជាងគេនៅចន្លោះឆ្នាំ២០២៧ ២០៣០។
តំបន់ដែលមានសក្តានុពល និងកំពុងរះឡើងបណ្តើរៗនៅក្នុងទីផ្សារមានដូចជា
ទី១ ក្រុងតាខ្មៅៈ
វាជាទីក្រុងធំមួយ ដែលស្ថិតនៅកៀករាជធានីភ្នំពេញ ដែលអំណោយផលដល់ការអភិវឌ្ឍលំនៅដ្ឋាន និងជាតំបន់ទទួលបានផលប្រយោជន៍ ពីការអភិវឌ្ឍនៃរាជធានីភ្នំពេញ និងព្រលានយន្តហោះ អន្តរជាតិតេជោ។
ទី២ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលៈ
ស្រុកនេះទទួលបានអត្ថប្រយោជន៍ ពីច្រករបៀងព្រលានយន្តហោះថ្មី ដែលអំណោយផលដល់ការអភិវឌ្ឍលំនៅដ្ឋាន ភស្តុភារកម្ម ឃ្លាំង ហើយអ្នកអភិវឌ្ឍន៍គួរសិក្សា និងជ្រើសរើសតំបន់ស្ថិតនៅច្រកចេញសំខាន់ៗ។

ទី៣ ខ័ណ្ឌកំបូលៈ
ជាតំបន់មានសក្តានុពល សម្រាប់វិស័យឧស្សាហកម្ម ឃ្លាំង ផ្ទះតម្លៃសមរម្យ ដែលទាក់ទាញតម្រូវការពីអ្នកធ្វើការ និងអ្នកប្រកបអាជីវកម្មខ្នាតតូច។
ទី៤ ទីក្រុងអរិយក្សត្រៈ
ជាទីក្រុងថ្មី និងកំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ ទីក្រុងនេះនឹងមានសក្តានុពល និងភាពទាក់ទាញកាន់តែខ្លាំងសម្រាប់អនាគត ដោយសារទីក្រុងនេះ មានកត្តាអំណោយផលជាច្រើន ពិសេសមានទីតាំងជាប់ដងទន្លេមេគង្គ ដែលផ្តល់នូវបរិយាកាស និងខ្យល់អាកាសយ៉ាងមនោរម្យ។
ទីក្រុងនេះ នឹងមានការអភិវឌ្ឍលំនៅដ្ឋានកាន់តែច្រើន តំបន់ពាណិជ្ជកម្ម បន្ទាប់ពីស្ពានមេគង្គ ឃី មកកាន់ទីក្រុងនរាសាងសង់រួច។ លើសពីនេះ តំបន់នេះនឹងមានភាពអំណោយផលដល់ការវិនិយោគដីធ្លីសម្រាប់អនាគតផងដែរ បន្ទាប់ពីស្ពានសាងសង់រួច មនុស្សកាន់តែច្រើន នឹងទៅរស់នៅតំបន់នេះ។

ទី៥ ខ័ណ្ឌច្បារអំពៅៈ
ជាខ័ណ្ឌមួយធ្លាប់ត្រូវបានមើលរំលង ប៉ុន្តែបច្ចុប្បន្ននេះ ខ័ណ្ឌនេះមានការអភិវឌ្ឍយ៉ាងលឿន និងរសរវើកយ៉ាងខ្លាំង ដោយសារមានទីតាំងកៀកណ្តាលរាជធានី មានភាពអំណោយផលលើកត្តាហេដ្ឋារចនាសម្ព័ន្ធ និងទន្លេរធម្មជាតិ។
ខ័ណ្ឌនេះមានសក្តានុពល ដល់ការអភិវឌ្ឈលំនៅដ្ឋាន ទីតាំងលក់រាយ សាលារៀន សហគមន៍អាជីវកម្ម និងទទួលបានសក្តានុពលពីការអភិវឌ្ឍផ្នែកខាងកើតនៃទីក្រុងនេះ។
ទី៦ ទីក្រុងបាវិតៈ
ទីក្រុងស្ថិតនៅជាប់ព្រំប្រទល់ ប្រទេសវៀតណាមនេះ មានសក្តានុពលលើវិស័យឧស្សាកម្ម រោងចក្រ សហគ្រាសសនានា ទីតាំងសម្រាប់កម្មករស្នាក់នៅ ភស្តុភារកម្ម។
លើសពីនេះ ទីក្រុងនេះនឹងទទួលបានអត្ថប្រយោជន៍ច្រើន ពីផ្លូវល្បឿនលឿនភ្នំពេញ បាវិត ដែលនឹងសាងសង់បញ្ចប់នាពេលខាងមុខ។

ទី៧ ទីក្រុងព្រះសីហនុៈ
ជាទីក្រុងដែលមានការរីកចម្រើនដ៏លឿន ទីក្រុងនេះទោះបីរងព្យុះភ្លៀងជាច្រើនលើកក្តី ប៉ុន្តែវានៅមានសក្តានុពលសម្រាប់ការងារលើកដាក់ទំនិញ ឧស្សាហកម្ម កំពង់ផែ។
លើសពីនេះ ខេត្តមួយនេះក៏មានសក្តានុពល លើវិស័យទេសចរណ៍ ដែលអាចឲ្យអ្នកធុរកិច្ចសាងសង់ជាបូទិក ឬសេវាកម្មបដិសណ្ឋារកិច្ចជាច្រើនទៀត។

ទី៨ ខេត្តកំពង់ស្ពឺៈ
ជាខេត្តមួយដែលមានឧស្សាហកម្ម ឈានមុខគេនៅកម្ពុជា ខេត្តនេះមានភាពអំណោយផលលើកត្តាភូមិសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ធ និងកំណើនប្រជាពលរដ្ឋ។
ខេត្តនេះ មានអំណោយផលដល់ការវិនិយោគសាងសង់ឃ្លាំង ផ្ទះជួល អាជីវកម្មខ្នាតតូច និងលំនៅដ្ឋានតម្លៃសមរម្យជាដើម។
ទី៩ ខេត្តសៀមរាបៈ
ទោះជាភ្ញៀវទេសចរណ៍អន្តរជាតិធ្លាក់ចុះ ប៉ុន្តែចំនួនភ្ញៀវទេសចរណ៍ក្នុងស្រុក នៅតែបន្តគាំទ្រដល់ភាពរឹងមាំ នៃឧស្សាហកម្មទេសចរណ៍ផងដែរ។
ខេត្តនេះមានភាពអំណោយផលលើ ការវិនិយោគសណ្ឋាគារ សេវាកម្មបដិសណ្ឋារកិច្ច ទីតាំងលក់រាយ ពិសេសអ្នកវិនិយោគសូមផ្តោតនិងសិក្សាលើទីតាំង ដែលជាទីពេញនិយមរបស់ភ្ញៀវទេសចរណ៍។

ទី១០ ខេត្តកំពតៈ
មានសក្តានុពលដងព្រែកធម្មជាតិ ភ្នំ និងទេសចរណ៍កែច្នៃជាច្រើន ខេត្តកំពតនៅតែជាតំបន់ទេសចរណ៍ និងទីតាំងសម្រាកលំហែរកាយយ៉ាងប្រណីត និងមិនចេះជិនណាយ។
ខេត្តនេះអំណោយផលដល់ការវិនិយោគលើ អ្វីដែលផ្សារភ្ជាប់ដល់រសនិយមរបស់ជីវិត សណ្ឋាគារបែបយូនីក អាជីវកម្មខ្នាតតូចមួយចំនួន ប៉ុន្តែអ្នកអភិវឌ្ឍន៍ត្រូវប្រុងប្រយ័ត្នខ្ពស់រវាងការផ្គត់ផ្គង់ និងតម្រូវការ៕







