តើ​គួរទិញដី​ ខុនដូ ​អាជីវកម្ម​ ឬ​​ទិញ​ផ្ទះ​នៅ​ក្នុង​បរិបទ​ទីផ្សារ​បែប​នេះ​?​

ចែករំលែក

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ ក្នុងបរិបទទីផ្សារបែបនេះ ប្រសិនជាលោក អ្នកមានប្រាក់ក្នុងដៃ១០ម៉ឺនដុល្លារ មានលំហូរសាច់ប្រាក់រឹងមាំ តើគួរវិនិយោគដី ខុនដូ ផ្ទះ ឬទិញអាជីវកម្មណាមួយ?។

នេះជាគំនិតគួរពិចារណាមួយចំនួនពីលោកយិន លាងគង់អ្នកតាមដានស្ថានភាពការវិវត្តនៃសេដ្ឋកិច្ច សង្គម និងអចលនទ្រព្យកម្ពុជា។

១.ទិញដីៈ អ្នកវិនិយោគអាចទិញដីបាន ដោយឈរលើគោលការណ៍មួយចំនួន ទី១ ដីនោះមានទីតាំងស្ថិតនៅតំបន់ មានសក្តានុពលសេដ្ឋកិច្ចឬទេ? ទី២ ទិញដើម្បីអ្វី? ដើម្បីបង្កើតអាជីវកម្មសាងសង់ផ្ទះលក់ សង់ហាង? សង់ស្តង់សម្រាប់ជួល? ​ឬទិញទុកយកផលចំណេញ?។

អ្នកវិនិយោគឆ្លាតវៃក្នុងបរិបទនេះ ពួកគេមិនប្រថុយទិញដើម្បីបង្កើតផលចំណេញនាពេលអនាគតនោះទេ ផ្ទុយទៅវិញពួកគេនឹងទិញ ដើម្បីបង្កើតចំណូល។

២.ទិញខុនដូៈ ប្រសិនជាលោក អ្នកទិញខុនដូ ទំហំទឹកប្រាក់១០ម៉ឺនដុល្លារនាពេលនេះ អាចទិញខុនដូបាន២ទៅ៣យូនីត ប៉ុន្តែសំណួរសួរថា តើទិញដើម្បីរស់នៅ ឬទិញដើម្បីជួលយកផលចំណេញពីការវិនិយោគ។

ប្រសិនជាទិញសម្រាប់យកមកវិនិយោគ? អ្នកវិនិយោគគួរសិក្សាទីតាំង តំបន់មានប្រជាប្រិយភាពសម្រាប់ជួលឲ្យជនបរទេស ឬជនជាតិខ្មែរ។

៣.ទិញអាជីវកម្មៈ ប្រសិនជាអ្នកវិនិយោគទឹកប្រាក់១០ម៉ឺនដុល្លារ ទៅវិនិយោគដីធ្លីនាពេលនេះ គួរវិនិយោគលើអាជីវកម្មបែបណា? អាជីវកម្មសមស្របតាមទីផ្សារឬទេ? ឬមិនសមស្របតាមទីផ្សារ។

ប្រសិនជាអាជីវកម្មនោះ មិនសមស្របនឹងនិន្នាការទីផ្សារ អ្នកវិនិយោគ គួរសិក្សាពីផែនការអាជីវកម្មឡើងវិញ សម្រាប់រយៈពេល៣ទៅ៥ឆ្នាំ ចាំសម្រេចចិត្តថា គួរទិញឬមិនទិញ។

៤.ទិញផ្ទះឬលំនៅដ្ឋានៈ ប្រសិនជាលោក អ្នកមានលំហូរសាច់ប្រាក់រឹងមាំ ហើយសល់លុយសម្រាប់ទិញផ្ទះសម្រាប់ស្នាក់នៅ ដោយបង់ផ្តាច់ឬនបង់រំលោះតិចតួច គួរតែទិញ។ ផ្ទុយទៅវិញ បើសិនជា លោក អ្នកមានលំហូរសាច់ប្រាក់មិនល្អ បង់រំលស់ច្រើនភាគរយនៃតម្លៃផ្ទះ មិនគួរទិញនោះទេ។

ប៉ុន្តែប្រសិនជាផ្ទះនោះមានទីតាំងល្អ អាចបង្កើតមុខរបរណាមួយឬអាជីវកម្មបាន បង្កើតចំណូលបានឬជួលបាន? លោក អ្នកគួរពិចារ​ណាវិនិយោគផ្ទះប្រភេទនេះ៕

 


ចែករំលែក