ដោយៈ ម៉ាណា
ភ្នំពេញៈ លោកលឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចរូម៉ានី ដឹកនាំដោយលោក Mihai Andritoiu កុងស៊ុលកិត្តិយសនៃកម្ពុជាប្រចាំប្រទេសរូម៉ានី និងជាប្រធានសមាគមជំរុញពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ។
ជំនួបនេះធ្វើឡើង ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ ដោយមានការចូលរួមពីសំណាក់លោកជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសរូម៉ានី ដែលមាននិវេសនដ្ឋាននៅទីក្រុងសូហ្វីយ៉ា ប្រទេសប៊ុលហ្គារី។
មានមតិក្នុងជំនួបខាងលើ លោកលឹម វិសាល បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចធុរកិច្ចនៅកម្ពុជា។
ជាមួយគ្នានេះ លោកអគ្គលេខាធិការរងបានគូសបញ្ជាក់ពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា-រូម៉ានី តាំងពីជំនាន់សង្គមរាស្ត្រនិយម ដែលគិតមកដល់ពេលនេះមានរយៈពេលប្រមាណ៦៣ឆ្នាំមកហើយ និងបានជម្រាបជូនគណៈប្រតិភូអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងក្របខណ្ឌគតិយុត្តពាក់ព័ន្ធនឹងការវិនិយោគ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកលឹម វិសាលបានថ្លែងអំណរគុណដល់ប្រទេសរូម៉ានី ក្នុងនាមជាសមាជិកនៃសហភាពអឺរ៉ុប ដែលបានផ្តល់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម EBA ដល់កម្ពុជា ហើយសង្ឃឹមថារូម៉ានីនឹង គាំទ្រការផ្តល់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម GSP+ ដល់កម្ពុជាបន្ទាប់ពីការចាកចេញ ពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួច (LDC) នៅពេលប៉ុន្មានឆ្នាំខាងមុខនេះ។
លោកអគ្គលេខាធិការរងបានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រៀមខ្លួនជានិច្ចក្នុងការស្វាគមន៍ សម្របសម្រួល និងគាំទ្រដល់វិនិយោគិន មិនត្រឹមតែនៅដំណាក់កាលសម្រេចចិត្តវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែពេញមួយវដ្តនៃការវិនិយោគនៅកម្ពុជា៕







