ដោយៈ ម៉ាណា
ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធសហគ្រាសបារាំង (MEDEF) ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីពន្លឿនកិច្ចសហប្រតិបត្តិការធុរកិច្ចកម្ពុជា-បារាំង។
ព័ត៌មាននេះត្រូវបានធ្វើឡើងក្នុងឱកាស អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោក ប៉ាទ្រិក ម៉ាតាំង (Patrick Martin) ប្រធានសហព័ន្ធសហគ្រាសបារាំង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងបារាំងឱ្យកាន់តែស៊ីជម្រៅថែមទៀត និង បានឯកភាពគ្នា ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ដោយឈរលើគោលការណ៍ស្មើភាព និងផលប្រយោជន៍ទៅវិញទៅមក តាមរយៈទី១ ការផ្លាស់ប្តូរព័ត៌មានទីផ្សារសំខាន់ៗ គោលនយោបាយសេដ្ឋកិច្ច និងការយល់ដឹងអំពីបទប្បញ្ញត្តិនានា។ ទី២ ការរៀបចំបេសកកម្មធុរកិច្ច និងវិនិយោគទៅវិញទៅមក ដើម្បីសម្រួលដល់ការផ្គូផ្គងធុរកិច្ច។ ទី៣ ការគាំទ្ររួមគ្នាលើពិព័រណ៍ពាណិជ្ជកម្ម វេទិកាធុរកិច្ច និងសិក្ខាសាលាតាមវិស័យជាក់លាក់នៅក្នុងប្រទេសទាំងពីរ។
អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាសមិទ្ធផលដ៏សំខាន់មួយ ក្នុងការពង្រឹងទំនាក់ទំនងវិស័យឯកជន រវាងប្រទេសទាំងពីរ ព្រមទាំងបង្កើតជារចនាសម្ព័ន្ធច្បាស់លាស់ សម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង ក្នុងការពង្រីកវិសាលភាពធុរកិច្ចរបស់ខ្លួន ទៅកាន់ទីផ្សារអន្តរជាតិ៕







