កម្ពុជា​-ម៉ាឡេស៊ី​ប្តេជ្ញា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​រីក​លូតលាស់​

0
កម្ពុជា-ម៉ាឡេស៊ីប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មឱ្យកាន់តែរីកលូតលាស់

ដោយ​ វុត្ថា

​ភ្នំពេញ​៖ ប្រទេស​កម្ពុជា​ និង​ម៉ាឡេស៊ី​ បាន​ប្តេជ្ញា​រួមគ្នា​ក្នុង​ការ​លើកកម្ពស់​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ វិនិយោគ​ និង​សេដ្ឋកិច្ច​ នៃ​ប្រទេសទាំងពីរ​ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​ធំ​បន្ថែម​ទៀត​។

លោក​ Eldeen​ Hasaaini​ Binh​ Mohd​ Hashim​ (អែល​ឌីន​ ហួសៃ​នី​ ប៊ី​ន ម៉ូត​ ហា​ស៊ី​ម) ឯកអគ្គ​រដ្ឋទូត​ម៉ាឡេស៊ី​ថ្មី​ ប្រចាំ​នៅ​កម្ពុជា​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ថ្ងៃទី​ ៤ ខែមិថុនា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ ក្នុង​បេសកកម្ម​ការងារ​របស់​លោក​នៅ​កម្ពុជា​នៅពេល​នេះ​ គឺ​៖

ទី១​) ធ្វើ​យ៉ាងណា​ ជំរុញ​ទំនាក់ទំនង​កម្ពុជា​ និង​ម៉ាឡេស៊ី​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​ឡើង​ថែមទៀត​

ទី២​) ជំរុញ​រាល់​កិច្ច​ព្រមព្រៀង​អនុស្សារ​ណៈ​ទាំងឡាយ​ដែល​បាន​ចុះហត្ថលេខា​កន្លងមក​ឲ្យ​ដំណើរការ​ទៅមុខ​

ទី៣​) ជំរុញ​ពាណិជ្ជកម្ម​កម្ពុជា​ និង​ម៉ាឡេស៊ី​អោយ​មាន​ទំហំ​កាន់តែ​ធំឡើង​ ជាពិសេស​ការ​នាំ​អង្ករ​ចេញពី​កម្ពុជា​ទៅ​ម៉ាឡេស៊ី​ ព្រមទាំង​ធ្វើ​យ៉ាងណា​ជំរុញ​ការ​វិនិយោគ​ម៉ាឡេស៊ី​នៅ​កម្ពុជា​ឱ្យ​ក្លាយទៅជា​វិនិយោគ​ធំ​លំដាប់​ទី១នៅ​កម្ពុជា​។

សម្ដេច​តេជោ​ ហ៊ុន​ សែន​ បាន​ថ្លែង​ដែរ​ថា​ ទំនាក់ទំនង​រវាង​កម្ពុជា​ និង​ម៉ាឡេស៊ី​បាន​ឈាន​ដល់កម្រិត​មួយ​ដែល​មិនធ្លាប់​មាន​ហើយ​អ្វី​ដែល​ជាគោល​បំណង​ និង​សេចក្តី​ប៉ងប្រាថ្នា​គឺ​ធ្វើ​យ៉ាងណា​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ធំ​បន្ថែម​ទៀត​ ហើយ​លើស​ពីនោះ​ទៀត​ គឺ​ធ្វើ​យ៉ាងណា​ជំរុញ​លំហូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​មាន​លំហូរ​ដោយសេរី​ស្របតាម​យន្តការ​គោលការណ៍​ និង​គោលនយោបាយ​របស់​អាស៊ាន​ មិន​តែប៉ុណ្ណោះ​ត្រូវ​ជំរុញ​ឱ្យ​មាន​លំហូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​អាស៊ាន​ និង​អាស៊ាន​ផង​ដែរ​។

សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ក៏បាន​ធ្វើការ​ណែនាំ​ឲ្យ​ធ្វើ​យ៉ាងណា​ជំរុញ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​ផង​ និង​ជំរុញ​កិច្ច​ព្រមព្រៀង​មិន​យកពន្ធ​ត្រួត​គ្នា​នៃ​ប្រទេស​ទាំងពីរ​ផង​ ដើម្បី​ធ្វើ​យ៉ាងណា​សម្រួល​ដល់​ការ​វិនិយោគ​ពាណិជ្ជកម្ម​យើង​ទាំងពីរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here