អគារសាងសង់ និងកំពុងសាងសង់នៅខេត្តព្រះសីហនុ។ រូបថត៖ សហការី
ដោយៈ រ៉ាណេត
ក្រុងព្រះសីហនុៈ ជាមួយនឹងកំណើននៃចំនួនប្រជាសាស្ត្រ ដែលភាគច្រើនជាអ្នកប្រកបការងារផ្សេងៗ និងអ្នកវិនិយោគជាតិ-អន្តរជាតិ បាននិងកំពុងសម្រុកចូលទៅកាន់ក្រុងដ៏ស៊ីវិល័យមួយនេះ បានជម្រុញឱ្យតម្រូវការនៃការជួលអចលនវត្ថុ មានការកើនឡើងយ៉ាងខ្លាំងជាមួយនសតម្លៃថ្លៃលើសពីការរំពឹងទុក។
នាយកក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century21 Fortuna Investment លោក វ៉ា វីរៈ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ នេះថា បច្ចុប្បន្ននេះតម្រូវការនៃការជួលអចលវត្ថុ ជាពិសេសលើវិស័យដីធ្លីនៅក្រុងព្រះសីហនុគឺកំពុងតែមានការកើនឡើងយ៉ាងខ្លាំង បើប្រៀបធៀបកាលពីឆ្នាំកន្លងទៅនេះ ។
-->
លោកបន្តថា ដោយសារតែកំណើនប្រជាសាស្រ្ត ដែលភាគច្រើនជាអ្នកប្រកបការងារ (ជនជាតិចិន) និងបណ្តាអ្នកវិនិយោគជាតិ អន្តរជាតិជាច្រើន បានជ្រើសយកក្រុងព្រះសីហនុធ្វើជាគោលដៅជំនួញ បានជម្រុញឱ្យតម្រូវការនៃការជួលអចលនវត្ថុនៅក្រុងមួយនេះមានការកើនឡើងយ៉ាងគំហុក”។
លោកបានបន្តទៀតថា “ភាពល្អប្រសើរនៃស្ថានភាពក្រុងព្រះសីហនុ កំពុងតែបន្តការទាក់ទាញកាន់តែខ្លាំង ពីសំណាក់អ្នកវិនិយោគទាំងឡាយ”។ លោកបន្តងថា “កំណើននៃការអភិវឌ្ឍលើវិស័យអចលនទ្រព្យនៅក្នុងក្រុងព្រះសីហនុ នៅតែបន្តជំហានរបស់ខ្លួនយ៉ាងស្វាហាប់ ព្រោះនៅមានគម្រោងជាច្រើន ដែលកំពុងតែបន្តសកម្មភាពសាងសង់បញ្ចប់គម្រោងរបស់ខ្លួន ហើយក៏នៅមានគម្រោងថ្មីៗជាច្រើនទៀត ដែលកាន់តែធ្វើឱ្យវិស័យអចលនទ្រព្យកាន់តែមានភាពរីកចម្រើន”។
នាយកក្រុមហ៊ុន Family Real Estate Service លោក ម៉ឹង លាងហ៊ន បានទទួលស្គាល់នូវការកើនឡើងនូវតម្រូវការជួលខាងលើនេះ ហើយតម្លៃនៃការជួលក៏មានការកើនឡើងខ្ពស់ផងដែរ។
លោកបានបន្តទៀតថា បច្ចុប្បន្ននេះ គ្រាន់តែដីទំនេរដែលមានទំហំត្រឹម ១៧ X ២៧ ម៉ែត្រ ត្រូវបានដាក់ជួលក្នុងតម្លៃ ៦០០០ដុល្លារក្នុងមួយខែ ហើយដីទំនេរដែលមានទំហំតូច១០ X ២៥ម៉ែត្រ ត្រូវបានដាក់ជួលក្នុងតម្លៃ៣៥០០ ដុល្លារក្នុងមួយខែ។
;លោកបានបន្តទៀតថា ដីដែលអាចសាងសង់ជាអគារពាណិជ្ជកម្ម ជាកាស៊ីណូ ឬជាភោជនីយដ្ឋាន មានទំហំ២០X ៣០ម៉ែត្រ ដែលនៅលើផ្លូវធំគឺជួលក្នុងតម្លៃ ២៥,០០០ដុល្លារក្នុងមួយខែដោយមានកុងត្រារហូត២០ឆ្នាំ។ លោកបានបន្តទៀតថា ចំពោះផ្ទះល្វែ ងដែលអាចប្រកបអាជីវកម្មបាន ត្រូវបានដាក់ជួលក្នុងតម្លៃក្នុងចន្លោះចាប់ពី២៥០០-៣០០០ដុល្លារក្នុងមួយខែ ឬផ្ទះ៣ល្វែងជាប់គ្នាមានកម្ពស់២ជាន់ (Eo . E1)តម្លៃជួល ១០៥០០ដុល្លារក្នុងមួយខែ។
ដោយឡែកសម្រាប់ប្រភេទផ្ទះវីឡាកម្រិតតូច ដែលមានទំហំត្រឹម ៦ X១៥ ម៉ែត្រ ជួលបានក្នុងតម្លៃ៣៥០០ដុល្លារក្នុងមួយខែ ឬអាចខ្ពស់ជាងនេះ ដែលវាអាស្រ័យទៅតាមស្ថានភាពផ្លូវ និងទីតាំងតំបន់៕