ដោយៈ រ៉ាណេត
ភ្នំពេញៈ ទំហំផ្សារទំនើបនិងកន្លែងលក់រាយនៅទីក្រុងភ្នំពេញ កំពុងកើនឡើងយ៉ាងគំហុក ខណៈផ្សារទំនើបតូចធំចំនួន៩ទៀតគ្រោងបញ្ចប់ការសាងសង់ និងដាក់ឲ្យដំណើរការនៅចុងឆ្នាំនេះ។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតាបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា នៅដំណាច់ឆ្នាំ២០១៩នេះថាការផ្គត់ផ្គង់លើការដាក់ជួលទីតាំងលក់រាយ នឹងមានការកើនឡើងរហូត ដល់៣៤៨,០០០ម៉ែត្រការ៉េ ខណៈឆ្នាំ២០១៨កន្លងទៅទំហំផ្សារទំនើបមានត្រឹម២៨២,០០០ម៉ែត្រការ៉េតែប៉ុណ្ណោះ”។
អ្នកនាងបន្តទៀតថា“កំណើននៃការផ្គត់ផ្គង់ខាងលើនេះ គឺដោយសារតែផ្សារទំនើបតូចធំសរុបចំនួន ៩ទៀតនឹង បញ្ចប់គម្រោងសាងសង់ទាំងស្រុង ហើយនឹងត្រូវបានដាក់បញ្ចូលនៅលើទីផ្សារ”។
ផ្សារទំនើបទាំង៩ ក៏ត្រូវបានបែងចែកជាប្រភេទផ្សេងគ្នាដូចជា ប្រភេទ Shopping Mall ( The Olympia Mall) មានទំហំសរុបចំនួន ៥២,២៣២ ម៉ែត្រការ៉េ , ប្រភេទ Retail Podium (Gold Tower 42, The Bridge) មានទំហំសរុបចំនួន៣២,៨៩៥ ម៉ែត្រការ៉េ និងប្រភេទ Community Mall (Midtown Mall, Downtown 93, Chip Mong’s Noro Mall, WB Arena, The Point, និង The Commune )មានទំហំសរុបចំនួន៥៨,៩៨០ ម៉ែត្រការ៉េ។
អ្នកនាងអាន សុធីតាបានបន្តថា បើទោះជានៅដំណាច់ឆ្នាំ២០១៩ខាងមុខនេះ បរិមាណនៃការផ្គត់ផ្គង់ទីតាំងលក់រាយ ត្រូវបានបង្កើនឡើងរហូតដល់៣៤៨,០០០ម៉ែត្រការ៉េ បន្ទាប់ពីផ្សារទំនើបចំនួន៩ថ្មីទៀត នឹងចូលមកបង្ហាញខ្លួននៅលើទីផ្សារនោះ អ្នកជំនាញក្នុងវិស័យនេះបានបញ្ជាក់ប្រាប់ថា នៅមិនទាន់គ្រប់គ្រាន់នៅឡើយនោះទេ ដែលវាតម្រូវឱ្យមានការផ្គត់ផ្គង់បន្ថែមទៀត ។
តបទៅនឹងកំណើននៃការផ្គត់ផ្គង់លើទីផ្សារលក់រាយ និងជួលទីតាំងលក់រាយនៅតាមបណ្តាផ្សារទំនើបខាងលើនេះ ប្រធានសមាគមអ្នកជំនាញអចលនវត្ថុកម្ពុជា លោក ឃាង ពុទ្ធី បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទថា បើទោះជាផ្សារទំនើបចំនួន៩ ដូចបានរៀបរាប់ខាងលើនេះពិតជាដំណើរមែន ក៏វានៅតែមិនទាន់គ្រប់គ្រាន់នៅឡើយនោះទេ ដែលវាទាមទារឱ្យមានបណ្តាអ្នកវិនិយោគ ចូលមកបង្កើតផ្សារទំនើបដូចនេះបន្ថែមទៀត ដើម្បីឱ្យសមស្របទៅតាមតម្រូវការនៃការប្រើប្រាស់ក្នុងស្រុក។
លោកបន្តទៀតថា “វត្តមាននៃកំណើនផ្សារទំនើប នឹងចូលរួមចំណែកយ៉ាងធំក្នុងការជួយលើកស្ទួយវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម ក៏ដូចជាសុខុមាលភាពរបស់ប្រជាជនផងដែរ”។ លោកបន្តថា “ នៅពេលមានផ្សារទំនើបកាន់តែច្រើន ទីក្រុងកាន់តែរីកធំ ហើយអាជីវករ ឬពាណិជ្ជករ ដែលធ្លាប់តែប្រកបរបរនៅតាមផ្សារបែបប្រពៃណីនោះ នឹងងាកចូលទៅប្រកបរបរនៅក្នុងផ្សារទំនើបវិញ”។
លោកឃាង ពុទ្ឋីបានបន្តថា នៅពេលដែលផ្សារទំនើបមានកាន់តែច្រើន នោះទីតាំងជួលនឹងមានភាពទូលាយ ហើយតម្លៃក៏មានកម្រិតទាបក្រោមការប្រកួតប្រជែង និងកាន់តែផ្តល់លទ្ធភាពដល់បណ្តាអាជីវករ ដែលមានបំណង់ចង់ប្រកអាជីវកម្មនៅក្នុងផ្សារទំនើប៕