ចង់​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​មិន​បរាជ័យ​ត្រូវ​ស្វែងយល់​ពី​ចំណុច​ទាំងនេះ​

0
អគារនៅកោះពេជ្រ

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ស្រប​ពេល​ដែលគេ​មើលឃើញ​ថា​ កម្ពុជា​កំពុងតែ​មាន​ភាព​រីកចម្រើន​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ​ បាន​ជម្រុ​ញឱ្យ​មានការ​កើនឡើង​នូវ​ក្រុមហ៊ុន​វិនិយោគ​ ភ្នាក់ងារ​អចលនទ្រព្យ​ ក៏ដូចជា​អ្នក​ស្វែងរក​កម្រៃ​ជើង​សារ​ជាច្រើន​។

ប៉ុន្តែ​បើ​ទោះជា​អ្នក​ទាំងនោះ​ បានសម្រេច​ចិត្ត​ចេញ​មក​ប្រកប​ជាមួយ​អាជីព​មួយ​នេះ​ក៏ដោយ​ តែ​ភាព​ជាក់ស្តែង​ត្រូវ​បាន​គត់​សម្គាល់​ឃើញថា​ ក្នុងចំណោម​អ្នក​ទាំងនោះ​ គឺ​មាន​មួយចំនួន​អាច​សម្រេច​បាន​ភាពល្អ​ប្រសើរ​ និង​រីកចម្រើន​ទទួល​បាន​ប្រាក់ចំណេញ​ពី​ការ​វិនិយោគ​ ដោយឡែក​ក៏​មាន​មនុស្ស​មួយ​ក្រុម​ទៀត​ ជួប​ភាព​បរាជ័យ​លើ​ការ​ធ្វើ​ជំនួយ​ក្នុង​វិស័យ​មួយ​នេះ​ទៅវិញ​។

យ៉ាងណាក៏ដោយ​ ភាព​បរាជ័យ​ និង​ភាព​ជោគជ័យ​ទាំងនោះ​ ត្រូវ​បាន​គេ​លើកឡើង​ថា​ គឺ​មានការ​ជាប់​ព័ន្ធ​ទៅ​នឹង​ចំ​ណុច​ធំៗ​ចំនួន៣​ ដែល​វា​ជា​គ្រឹះ​ក្នុង​ការ​ប្រកប​ជំនួញ​ទិញ​-លក់​អចលនទ្រព្យ​ ។ ដូច្នេះ​ដើម្បី​ឈរជើង​ និង​រកស៊ី​បាន​យូរ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ អ្នក​ត្រូវតែ​មាន​ភាព​ឆ្លាតវៃ​បំផុត​ ក្នុង​ការបង្កើត​ទំនាក់ទំនង​ និង​ចេះ​វាយតម្លៃ​ទៅលើ​អចលនទ្រព្យ​។

តើ​អ្នក​គួរតែ​យល់ដឹង​អ្វីខ្លះ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ដែល​កំពុង​មានការ​រីកចម្រើន​និង​ផុសផុល​យ៉ាង​ខ្លាំង​នេះ​?។

ស្វែងយល់​ឱ្យ​បាន​ច្បាស់​ពី​តម្លៃ​ជាក់ស្ដែង​ក្នុង​ស្រុក​នេះ​ជា​កិច្ចការ​ដំបូង​ ដែល​អ្នក​ត្រូវ​ដឹង​តម្លៃ​អចលនទ្រព្យ​ក្នុង​ពេល​បច្ចុប្បន្ន​ នៅក្នុង​តំបន់​នី​មួយ​ៗក្នុង​ប្រទេស​របស់​អ្នក​ ជាពិសេស​គឺ​តំបន់​កំពុង​អភិវឌ្ឍន៍​ និង​តំបន់​គ្រោង​អភិវឌ្ឍន៍​ នៅពេល​ដែល​អ្នកដឹង​ពី​តម្លៃ​អចលនទ្រព្យ​ក្នុង​តំបន់​ណាមួយ​ច្បាស់​ នោះ​អ្នក​នឹង​ងាយស្រួល​ក្នុង​ការ​លក់​ ឬទិញ​ដោយ​ទទួល​បានផល​ចំណេញ​ច្រើន​។ អ្នក​ត្រូវ​ដឹង​ឱ្យ​ច្បាស់​ថា​ តម្លៃ​នៃ​អចលនទ្រព្យ​មួយ​នេះ​ វា​នឹង​កើន​តម្លៃ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៀត​នៅពេល​ខាងមុខ​ ជាពិសេស​ត្រូវ​ដឹង​ថា​ ហេតុអ្វី​តំបន់​នេះ​មានការ​អភិវឌ្ឍន៍​ច្រើន​ ប៉ុន្តែ​តម្លៃ​នៃ​អចលនទ្រព្យ​មិន​កើនឡើង​សោះ​។

សម្លឹង​ទៅ​តំបន់​ជាយក្រុង​ដែល​មាន​សក្ដានុពល​

ជា​ការពិត​ណាស់​ នៅពេល​ការអភិវឌ្ឍន៍​ក្នុង​ក្រុង​កាន់តែ​តូច​ទៅៗ​ នោះ​ក្រុម​អ្នក​វិនិយោគ​នឹង​ងាក​ទៅ​ជាយក្រុង​វិញ​ម្ដង​ ដូច្នេះ​​អ្នក​ត្រូវ​ដឹង​ថា​ បច្ចុប្បន្ន​តើ​ការអភិវឌ្ឍន៍​នៅក្នុង​ទីក្រុង​ដល់កម្រិត​ណា​ហើយ​ ហើយ​វា​នឹង​ជះឥទ្ធិពល​ទៅដល់​ជាយក្រុង​នៅពេល​ណា​? នៅពេល​ដែល​អ្នកដឹង​ថា​ តំបន់​ជាយក្រុង​ណាមួយ​ នឹង​ក្លាយជា​តំបន់​អភិវឌ្ឍន៍​នោះ​ នោះ​អ្នក​នឹង​មើលឃើញ​ពី​ការ​រកស៊ី​ និង​ទទួល​បានផល​ចំណេញ​ពី​ការ​រកស៊ី​ នៅក្នុង​វិស័យ​អចលនទ្រព្យ​មួយ​នេះ​។

តាមដាន​ព័ត៌មាន​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​

ត្រូវ​មាន​ទំនាក់ទំនង​ល្អជា​មួយ​នឹង​ស្ថាប័នឯកជន​ ឬស្ថាប័នរដ្ឋ​ ដើម្បី​ទទួល​បាន​ព័ត៌មាន​នានា​ លើ​វិស័យ​អចលនទ្រព្យ​ ព្រោះ​អ្នក​នឹង​ដឹង​ថា​ តំបន់​ណា​នឹង​ក្លាយជា​តំបន់​អភវិ​ឌ្ឍ​ន៍​ តំបន់​ណា​នឹង​ត្រូវ​រដ្ឋាភិបាល​កាត់​ធ្វើជា​របស់​រដ្ឋ​។ មួយទៀត​ការ​មាន​ទំនាក់ទំនង​ល្អជា​មួយ​នឹង​ស្ថាប័នរដ្ឋ​ អ្នក​ក៏អាច​នឹង​ទទួល​បានផល​ចំណេញ​ច្រើន​ ព្រោះ​នៅពេល​មាន​ក្រុម​វិនិយោគ​មក​ គេ​អាច​នឹង​រុញច្រាន​គម្រោង​ណាមួយ​ឱ្យមក​អ្នក​ក៏​ថា​បាន​ដែរ​។

ដូច្នេះ​ សម្រាប់​លោកអ្នក​ដែល​ចង់​ធ្វើការ​វិនិយោគ​ ឬធ្វើជំនួញ​ក្នុង​វិស័យ​អចន​ទ្រព្យ​គម្បី​ធ្វើការ​សិក្សា​លម្អិត​ទៅលើ​ចំណុច​គ្រឹះ​ទាំង៣ខាងលើ​នេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here