ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជួបភាគីចិន។
ដោយ ដូណាល់ លី
ភ្នំពេញ៖ សេដ្ឋកិច្ចឌីជីថលរបស់អាស៊ាន គួរតែឈានដល់ទឹកប្រាក់២០០ពាន់លានដុល្លារក្នុងរយៈពេលប្រាំឆ្នាំខាងមុខនេះ។ បើយោងតាមទិន្នន័យស្រាវជ្រាវថ្មីដែលចេញផ្សាយដោយក្រុមហ៊ុន Google LLC និងក្រុមហ៊ុន Temasek Holdings Private Ltd. ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។
ជាមួយគ្នានេះ ប្រទេសកម្ពុជាគួរតែបង្កើតឲ្យមានផ្លូវមួយ ចូលទៅក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនៅពេលនោះ និងគួរតែជាអ្នកដើរតួនាទីសំខាន់នៃតំបន់មេគង្គ។ ដោយមានហេដ្ឋារចនាសម្ព័ន្ធរាប់ពាន់លានដុល្លារ ក្នុងការវិនិយោគនៅក្នុងផ្លូវល្បឿនលឿនការសាងសង់ស្ពាន និងព្រលានយន្តហោះ រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបច្ចេកវិជ្ជាចិនដូចជា ក្រុមហ៊ុនAlibaba Group បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការធ្វើឲ្យប្រទេសនេះ ក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មអេឡិចត្រូនិចកណ្តាល ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ។
-->
លោក Kevin Li អ្នកគ្រប់គ្រងទូទៅសម្រាប់ការដឹកជញ្ជូនទូទាំងពិភពលោកនៃក្រុមហ៊ុន Cainiao Smart Logistics Network Ltd. ដែលស្ថិតនៅក្រោមក្រុមមេ Alibaba បានមានប្រសាសន៍ថា “នៅក្នុងប្រទេសកម្ពុជាអ្វីគ្រប់យ៉ាងគឺថ្មី និងមានកំណើនលឿនណាស់”។លោកបន្តថា “វាជាទីតាំងដ៏ល្អមួយ បើអ្នកប្រើកម្ពុជាជាមជ្ឈមណ្ឌលដឹកជញ្ជូនមជ្ឈមណ្ឌលផ្ទេរសេវាកម្មនេះ អាចគ្របដណ្តប់ប្រទេសវៀតណាម ថៃ និងសូម្បីតែមីយ៉ាន់ម៉ា។ គោលនយោបាយរបស់ប្រទេសកម្ពុជា គឺប្រសើរជាងប្រទេសវៀតណាម និងថៃ។ ទីតាំងរបស់ប្រទេសកម្ពុជា គឺជាចំណុចកណ្តាលនៃតំបន់មេគង្គ ដូច្នេះទីតាំងកណ្តាលគឺល្អខ្លាំងណាស់”។
កាលពីខែមីនា លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើទស្សនកិច្ចក្រុមហ៊ុន Shenzhen 4PX Express Co. , Ltd ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ដើម្បីសិក្សាពីរបៀបដែលរដ្ឋាភិបាលកម្ពុជា អាចចម្លងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ក្រុមហ៊ុនShenzhen ដែលធ្វើឲ្យគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិកដូចជាក្រុមហ៊ុន Alibaba គ្របដណ្តប់ទីផ្សារ។
ក្រុមហ៊ុន Shenzhen 4PX Express គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដឹកជញ្ជូនឆ្លងកាត់ព្រំដែនដ៏ធំបំផុតរបស់ប្រទេសចិន ហើយជាផ្នែកមួយនៃក្រុមហ៊ុន Cainiao Smart Logistics Network Ltd ដែលជាសាខាដឹកជញ្ជូនរបស់ក្រុមហ៊ុន Alibaba Group Holding Ltd. របស់លោក Jack Ma។
លោក កែន រដ្ឋា អនុប្រធានការិយាល័យខុទ្ទកាល័យក្រសួងសាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា “រដ្ឋមន្ដ្រីក្រសួងសាធារណការ ដឹកជញ្ជូន បានកោតសរសើរការគ្រប់គ្រង និងក្រុមហ៊ុន4px នៅប្រទេសចិន ហើយពិតជាចង់ចម្លងវាមកធ្វើនៅកម្ពុជា”។
ក្រុមហ៊ុន និងអ្នកវិនិយោគចិន បានកត់សម្គាល់អំពីអណ្តូងមាសនៃឌីជីថល តាមប្រព័ន្ធអេឡិចត្រូនិច ហើយបានបោះជំហ៊ានក្នុងការបង្កើនទីតាំងរបស់ខ្លួន នៅក្នុងទីផ្សាឌីជីថលអាស៊ាន ហើយបានសហការជាមួយក្រុមហ៊ុន ក្នុងស្រុកក្នុងគោលបំណងដើម្បីគ្របដណ្ដប់តំបន់នេះ។
លោក Stuart Milne អគ្គនាយកធនាគារ HSBC ដែលមានមូលដ្ឋាននៅម៉ាឡេស៊ី បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃនេះថា “ការធ្វើនគរូបនីយកម្មរបស់អាស៊ាន ការទទួលយកឌីជីថល និងការកើនឡើងនៃអតិថិជនធ្វើឲ្យតំបន់នេះក្លាយទៅជាទិសដៅវិនិយោគដ៏ទាក់ទាញ។ ទោះបីជាយ៉ាងណាក៏ដោយភាពចម្រុះនៃភូមិសាស្ត្រ ភាពងាយស្រួលអាជីវកម្ម និងច្បាប់វិនិយោគបរទេសខុសៗគ្នាអាចធ្វើឲ្យការលំបាកក្នុងការវិនិយោគ”។
លោកបានបន្ថែមថា “ការទាក់ទាញការវិនិយោគ តម្រូវឲ្យមានការបង្កើតបរិយាកាស វប្បធម៌ និងផ្នត់គំនិតត្រឹមត្រូវនៅក្នុងក្រុមហ៊ុន ដើម្បីស្វែងរកការរំខានខាងបច្ចេកវិជ្ជាយ៉ាងសកម្មមុន ពេលវាដើរលឿនជាងលើអ្នក”៕