កម្ពុជា​-បារាំង​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​

0
ទង់ជាតិប្រទេសកម្ពុជា បារាំង

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ មេដឹកនាំ​កម្ពុជា​ និង​បារាំង​បាន​និង​កំពុង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ ដើម្បី​ជំរុញ​ការ​វិនិយោគ​ ក៏ដូចជា​ធ្វើឲ្យ​ទំហំ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​។

ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​ បាន​រៀបចំ​វេទិកា​ប្រចាំឆ្នាំ​របស់​ទីប្រឹក្សា​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​បា​រំា​ងនៅ​តាម​ប្រទេស​អាស៊ាន​ រៀបចំឡើង​ដោយ​លោកស្រី​ អេ​វ៉ា​ ង្វៀ​នប៊ីញ​ (Eva​ Nguyen​ Binh​) ឯកអគ្គ​រដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​ នៅក្នុង​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​ នៅ​រាត្រី​ថ្ងៃទី៦​ ខែមិថុនា​ ឆ្នាំ២០១៩កន្លងមក​ លោក​ ប៉ាន​ សូរ​ស័ក្ដិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​មានប្រសាសន៍​ថា​ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​បារាំង​ មាន​ភាពល្អ​ប្រសើរ​ និង​ភាព​វិជ្ជា​មាន​ជាច្រើន​ ហើយ​បាន​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​កើនឡើង​ជាបន្តបន្ទាប់​។

​លោក​បាន​បន្ត​ទៀត​ថា​ ​“កម្ពុជា​ជា​ប្រទេស​មាន​ភាព​បើកទូលាយ​ និង​គោលនយោបាយ​អនុគ្រោះ​ជាច្រើន​សម្រាប់​ការ​វិនិយោគ​ ពាណិជ្ជកម្ម​ និង​ធុរកិច្ច​”។

តាមរយៈ​គោលនយោបាយ​គាំទ្រ​ធុរកិច្ច​ និង​ពាណិជ្ជកម្ម​របស់​កម្ពុជា​ ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា​ និង​បារាំង​បាន​ឈាន​ទៅដល់ជាង ១​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ២០១៨​ កើនឡើង ៩​,២% ធៀប​រយៈពេល​ដូចគ្នានឹង​ឆ្នាំ២០១៧​។

​លោក​ប៉ាន​ សូរ​ស័ក្តិ​បាន​បន្ត​ទៀត​ថា​ “ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​ធានា​សន្តិភាព​ និង​ស្ថេរ​ភាព​នយោបាយ​ ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការអភិវឌ្ឍន៍​”។ លោក​បន្ត​ថា​ “លើស​ពីនេះ​ទៀត​ រាជរដ្ឋាភិបាល​កម្ពុជា​ កំពុងតែ​អនុវត្ត​កម្មវិធី​កំណែទម្រង់​នានា​ ដើម្បី​ជួយ​សម្រួល​ដល់​បរិយាកាស​ធុរកិច្ច​ ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត​ ដោយ​ទាំងអស់​នេះ​ ជា​ចក្ខុវិស័យ​ដែល​បាន​កំណត់​នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ ២០១៥​-២០២៥​”។

លោកស្រី​ Eva​ Nguyen​ Binh​ ឯកអគ្គ​រដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​ បាន​បង្ហាញ​ពី​ក្ដី​សាទរ​ និង​គាំទ្រ​គោលជំហរ​នៃ​ការ​បន្ត​កិច្ចសហការ​ជា​ដៃគូ​យូរអង្វែង​ រវាង​ប្រទេស​ទាំងពីរ​។ លោកស្រី​ក៏បាន​តាំងចិត្ត​ខិតខំ​ជំរុញ​ ឱ្យ​វិស័យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​នេះ​ កាន់តែ​មាន​ភាព​រីកចម្រើន​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ ឧកញ៉ា​ លឹម​ ហេង​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី៨​ ខែមិថុនា​នេះ​ថា​ កិច្ច​ទំនាក់ទំនង​ និង​ភាពជា​ដៃគូ​រវាង​កម្ពុជា​ និង​បារាំង​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ នៅតែ​បន្ត​មាន​ភាពល្អ​ប្រសើរ​គ្មានអ្វី​ប្រែប្រួល​នោះ​ទេ​។ លោក​ឧកញ៉ា​បន្ត​ថា​ ពាណិជ្ជកម្ម​កម្ពុជា​ បារាំង​ កាលពី​ពេល​កន្លងទៅ​ភាគច្រើន​គឺ​ផ្តោត​ទៅលើ​ EBA​ ដែល​ជាទី​ផ្សារ​សហគមន៍​អឺរ៉ុប​ ក្នុង​ទំហំ​ទឹកប្រាក់​រាប់​រយ​លាន​ដុល្លារ​។

លោក​ឧកញ៉ា​បន្ត​ទៀត​ថា​ “បើ​ទោះជា​បច្ចុប្បន្ន​នេះ​ ការ​អនុគ្រោះ​ពន្ធ​កំពុងតែ​ស្ថិតនៅ​ក្នុង​ភាព​មិនទាន់​ច្បាស់​ការណ៍​ ក៏ប៉ុន្តែ​តម្រូវការ​ទីផ្សារ​របស់​ប្រទេស​បារាំង​ និង​កម្ពុជា​នៅតែ​មាន​ដដែល​”។

លោក​ឧកញ៉ា​បន្ត​ទៀត​ថា​ “ភាគច្រើន​ទំនិញ​ដែល​ត្រូវ​បាន​នាំចេញ​ពី​កម្ពុជា​ទៅកាន់​ប្រទេស​បារាំង​ រួមមាន​ ដូចជា​ប្រភេទ​កសិផល​ ស្រូវ​អង្ករ​ និង​វិស័យ​កាត់ដេរ​ ហើយ​បើ​ទោះជា​ការនាំចេញ​ ទៅកាន់​ផ្សារ​ប្រទេស​មួយ​នេះ​តម្រូវ​បង់ពន្ធ​ ឬអនុគ្រោះ​ពន្ធ​ ការនាំចេញ​នៅតែ​បន្ត​ដដែល​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here