ភ្នំពេញ៖ សណ្ឋាគារធំៗលំដាប់អន្តរជាតិចំនួន ៤ទៀត នឹងបើកដំណើរការនៅខេត្តព្រះសីហនុនៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០១៨ខាងមុខនេះ ស្របពេលចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិកើនឡើងយ៉ាងគំហុកនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។
យោងតាមការសិក្សាស្រាវជ្រាវពីសំណាក់ CBRE Cambodia ក្នុងឆមាសដំបូងឆ្នាំ ២០១៧នេះបានបញ្ជាក់ថា សណ្ឋាគារផ្កាយប្រាំជាច្រើន ស្ថិតក្នុងគម្រោងសាងសង់ ក្នុងនោះមានដូចជា សណ្ឋាគារលំដាប់អន្តរជាតិ Xihu នឹងបើកនៅចុងឆ្នាំ ២០១៧ដែលមានបន្ទប់ចំនួន៥០។ បន្ថែមពីនេះសណ្ឋាគារលំដាប់អន្តរជាតិចំនួន២ទៀត គឺ Intercontinental2 និង Marriott ក៏មានគម្រោងចូលមកទឹកដីខេត្តនេះផងដែរ។

-->
របាយការណ៍ដដែលបានឲ្យដឹងថា មានការកើនឡើងរមណីយដ្ឋានខ្នាតអន្តរជាតិធ្វើការលើផ្នែកបដិសណ្ឋារកិច្ច និងរមណីយដ្ឋានលើបណ្ដាកោះមួយចំនួនទៀត ក្នុងខេត្តព្រះសីហនុនេះផងដែរ។ ក្នុងនោះមានដូចជាក្រុមហ៊ុន Six Senses ដែលនឹងចាប់ផ្ដើមរមណីយដ្ឋានលើកោះក្របីត្រឹមឆ្នាំ ២០១៨ និងក្រុមហ៊ុន Royal Group’s Royal Sands ដែលមានគម្រោងបើករមណីយដ្ឋានលើកោះរ៉ុងក្នុងខែតុលាឆ្នាំ ២០១៧នេះ។
ការកើនឡើងនូវសណ្ឋាគារលំដាប់ផ្កាយ និងរមណីយដ្ឋានបន្ថែមនេះគឺបណ្ដាមកពីហេដ្ឋារចនាសម្ព័ន្ធទៅកាន់តំបន់ឆ្នេរមានភាពប្រសើរ ជាពិសេសការកើនឡើងនូវចំនួនភ្ញៀវទេសចរអន្តរជាតិ ដោយសារសម្រស់ដ៏ស្រស់ស្អាតរបស់ឆ្នេរសមុទ្រ និងបណ្ដាកោះនានានៅខេត្តនេះ។
តាមរបាយការណ៍របស់ CBRE Cambodia បានបញ្ជាក់ថា ភ្ញៀវបរទេសចរដែលមកកំសាន្តច្រើនជាងគេជាជនជាតិចិន វៀតណាម រុស្ស៊ី និងពួគលោកខាងលិច។ គិតត្រឹមត្រីមាសដំបូងនៃឆ្នាំ ២០១៧ ព្រលានយន្តហោះ បានទទួលភ្ញៀវទេសចរសរុបចំនួន៤៧,០០០នាក់ ដែលវាជាការកើនឡើងស្មើរនឹង ១៨២%ប្រៀបនឹងពេលវេលាដូចគ្នាកាលពីឆ្នាំមុន។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកថោង ខុនបានថ្លែងថា ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានកើនឡើងខ្លាំងនៅក្នុងខេត្តព្រះសីហនុ ពិសេសភ្ញៀវទេសចរណ៍ចិន ដែលធ្វើឲ្យចំនួនបន្ទប់កំពុងប្រឈមការខ្វះខាតជាប្រចាំ ប៉ុន្តែនៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០១៨ខាងមុខ បន្ទប់សណ្ឋាគារចំនួន២០០០ ទៅ៣០០០បន្ទប់ទៀតនឹងបំពេញកង្វះខាតបន្ទប់ភ្ញៀវស្នាក់នៅក្នុងខេត្តមួយនេះ។
លោកបន្តថា “ការវិនិយោគលើវិស័យបដិសណ្ឋារកិច្ចនៅខេត្តព្រះសីហនុ ត្រូវពង្រីកបន្តទៀត ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរណ៍ ប៉ុន្តែខ្ញុំក៏មានការព្រួយបារម្ភពីបញ្ហាបំពុលបរិស្ថានផងដែរ ដែលការងារនេះទាមទារឲ្យស្ថាប័នពាក់ព័ន្ឋទាំងអស់រួមគ្នាដោះស្រាយ”៕