អ្នកនាំពាក្យ​បញ្ជាក់​ពី​ពេលវេលា​ជាក់លាក់​នៅក្នុង​ការ​ចាក់កៅស៊ូ​ពង្រីក​ផ្លូវជាតិ​លេខ៤​ បន្ថែម​

0
National Road 4

ដោយ​ វុត្ថា

​ភ្នំពេញ​៖ បើ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ​ ផ្លូវជាតិ​លេខ៤​ នឹង​ត្រូវ​ចាប់ផ្តើម​ពង្រីក​ឱ្យ​បាន​ទទឹង​ផ្លូវ​ ១១ម៉ែត្រ​ នៅ​ចុងឆ្នាំ​នេះ​បន្ថែម​ទៀត​ ខណៈ​ផ្លូវ​មួយ​នេះ​ជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​សំខាន់​ដែល​បាន​និង​កំពុង​មមាញឹក​ចរ​ចរណ៍​ឆ្លងកាត់​ច្រើន​។

លោក​ វ៉ា​ ស៊ិ​មសូរិ​យា​ អ្នកនាំពាក្យ​ក្រសួង​សាធ​រណៈ​ការ​ និង​ដឹកជញ្ជូន​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​ ៣០​ ខែកក្កដា​ឆ្នាំ​ ២០១៩​ នេះ​ថា​ គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​នេះ​ ទទួល​បាន​ថវិកា​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) និង​ថវិកា​របស់​រដ្ឋាភិបាល​ប្រមាណ​ ១១០លាន​ដុល្លារ​ក្នុង​ពង្រីក​ទទឹង​ផ្លូវ​ឱ្យ​បាន​ ១១ម៉ែត្រ​ ដើម្បី​ជួយ​សម្រួល​ដល់​ចរាចរណ៍​។

លោក​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​ ផ្លូវជាតិ​លេខ​ ៤នេះ​ មាន​ទទឹង​ប្រមាណ​ ១១ម៉ែត្រ​រួចហើយ​ តែ​យើង​គ្រាន់តែ​ចាក់កៅស៊ូ​ឱ្យ​បាន​ពេញ​នៅអម​សង​ខាង​ផ្លូ​ងដោយ​ចាក់កៅស៊ូ​ប្រភេទ​ AC​” ។

ផ្លូវជាតិ​លេខ​ ៤ នេះ​គឺជា​ផ្លូវ​សេដ្ឋកិច្ច​ និង​ជា​សរសៃឈាម​ក្នុង​ការ​ដឹកជញ្ជូន​ ហើយ​ការ​កែ​លម្អ​ផ្លូវ​នេះ​ គឺ​មិន​ប៉ះពាល់​ដល់​ការស្ថាបនា​ផ្លូវ​ល្បឿន​លឿន​នោះ​ទេ​ ដោយសារតែ​ផ្លូវ​ល្បឿន​លឿន​ជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ទៅលើ​ខ្សែ​ផ្លូវ​ថ្មី​ផ្សេង​មួយទៀត​។

គម្រោង​នេះ​ នឹង​ចាប់ផ្តើម​ធ្វើការ​កែ​លម្អ​ឡើងវិញ​ និង​ជួសជុល​តាម​កន្លែង​ដែល​មានការ​ខូចខាត​ខ្លាំង​នៅដើម​ឆ្នាំ២០១៩​ ដែល​ត្រូវ​ចំណាយពេល​រយៈពេល​ ១៨ខែ​ ហើយ​ពង្រឹង​ទៅលើ​ខឿន​ផ្លូវ​ដែល​មានស្រាប់​ក្នុង​ផ្លូវ​ចាស់​ និង​ចាក់​អ៊ុត​កៅស៊ូ​បន្ថែម​នៅ​លើ​ចិញ្ចើម​ផ្លូវ​។

ការ​កែ​លម្អ​ផ្លូវជាតិ​លេខ៤នេះ​ នឹង​មិន​មានការ​ពង្រីក​បន្ថែម​ថ្មីទៀត​ទេ​ ប៉ុន្ដែ​អាច​ពង្រីក​អ៊ុត​កៅស៊ូ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ក្រួស​ក្រ​ហម​ខ្លះ​ៗដែរ​ ជាពិសេស​ការ​កសាង​ស្ពាន​បន្ថែម​ ឬបើកមុខ​ទឹក​ឱ្យ​បាន​ធំជាង​មុន​ ខណៈ​ពេល​ដែល​បច្ចុប្បន្ន​មានការ​លិចទឹក​ហូរកាត់​តាម​ដងផ្លូវ​នៅកន្លែង​មួយចំនួន​ និង​បាន​កើតឡើង​ជា​រៀងរាល់​ឆ្នាំ​ក្នុង​ពេល​កន្លងមក​។

កាលពីដើម​ខែកក្កដា​ ឆ្នាំ២០១៨នេះ​ ធនាគារពិភពលោក​ និង​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ផ្ដល់​កម្ចី​ឥណទាន​សម្បទាន​ សម្រាប់​គម្រោង​គ្រប់គ្រង​សម្បត្តិ​ផ្លូវថ្នល់​ ជំហាន​ទី២​ ជា​ហិរញ្ញប្បទាន​បន្ថែម​លើ​គម្រោង​បច្ចុប្បន្ន​ ដែល​គ្រោង​ចំណាយ​ថវិកា​ សរុប​ចំនួន​ ១១៣លាន​ដុល្លារ​។

ក្នុង​នោះ​ឥណទាន​សម្បទាន​ពី​ធនាគារពិភពលោក​ចំនួន​ ១១០លាន​ដុល្លារ​ និង​ថវិកាបដិភាគ​រាជរដ្ឋាភិបាល​ចំនួន​ ៣លាន​ដុល្លារ​ សម្រាប់​វិនិយោគ​លើ​ការ​ស្តារ​ និង​ពង្រីក​ផ្លូវជាតិ​លេខ៤​ ពី​រាជធានី​ភ្នំពេញ​ ដល់ទី​រួម​ខេត្ត​ព្រះសីហនុ​ ក្នុង​ប្រវែង​សរុប២០៦គីឡូម៉ែត្រ​ ដោយ​ពង្រីក​តួ​ផ្លូវ​ បច្ចុប្បន្ន​ពី​ទំហំ​ ៧ម៉ែត្រ​ ឱ្យ​ដល់​ ១១ម៉ែត្រ​ និង​ចាក់​អ៊ុត​កៅស៊ូ​ប្រភេទ​ Asphalt​ Concret​ – AC​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here