ដោយ គង់ សូរិយា
ភ្នំពេញ៖ ទីផ្សារលំនៅដ្ឋាននៅកម្ពុជា មិនទាន់មានសញ្ញាថមថយល្បឿននៅឡើយទេ ខណៈការសាងសង់និងការលក់់នៅតែមានភាពល្អប្រសើរ។ នេះបើតាមការអះអាងរបស់លោកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឈន៍លំនៅដ្ឋានកម្ពុជា។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី៣១ កក្កដានេះថា ស្ថានភាពការលក់លំនៅដ្ឋាននៅតែមានដំណើរការល្អប្រសើរ សម្រាប់រយៈពេល៧ខែនៃឆ្នាំ២០១៩នេះ និងមានភាពល្អប្រសើររហូតដល់ដំណាច់ឆ្នាំនេះ។លោកបន្តថា ទីផ្សារលំនៅដ្ឋានតម្លៃមធ្យម លើមធ្យមនៅតែមានតម្រូវការច្រើន មិនមានអ្វីជាបញ្ហាគួរឲ្យបារម្ភនោះទេ។
-->
លោកបន្តថា “ខ្ញុំគិតថាអ្វីៗមានភាពប្រសើរ ហើយអ្នកវិនិយោគវិស័យលំនៅដ្ឋាននៅតែមានសុទិដ្ឋិនិយមពីទីផ្សារនៅឡើយ”។ លោកបន្តថា “បើសេដ្ឋកិច្ច និងស្ថានភាពនយោបាយនៅតែមានភាពរលូនបែបនេះ វិស័យលំនៅដ្ឋាននៅតែបន្តរីកចម្រើន និងនៅតែមានតម្រូវការ”។
យោងតាមការសិក្សារបស់ក្រសួងររៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០១៧ ដល់ឆ្នាំ ២០៣០ខាងមុខ កម្ពុជានៅតែមានតម្រូវការលំនៅដ្ឋាន ប្រមាណ ៨០ម៉ឺនខ្នងទៀតសម្រាប់ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានថ្លែងថា ទីផ្សារលំនៅដ្ឋាននៅតែមានតម្រូវការច្រើន ពិសេសលំនៅដ្ឋានសំរាប់ប្រជាជនមានប្រាក់ចំណូលមធ្យម និងក្រោមមធ្យម។ លោកបន្តថា អ្នកទិញភាគច្រើនជាស្រទាប់ប្រជាពលរដ្ឋមានប្រាក់ចំណូលមធ្យម អ្នករស់នៅជាយរាជធានីភ្នំពេញ និងអ្នកចូលមកពីតាមបណ្តាខេត្តនានា។
លោកបន្តថា ដោយមើលឃលញតម្រូវការនេះ អ្នកអភិវឌ្ឍន៍ធំៗបាននិងកំពុងសំរុកទិញដីច្រើននៅតាមបណ្តោយផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ យ៉ាងច្រើន និងជាគំរោងវិនិយោគធំៗ ដែលផ្តោតលើលំនៅដ្ឋានតម្លៃមធ្យម៕