ដោយ Donald Lee
ភ្នំពេញៈ សេដ្ឋកិច្ចប្រទេសអង់គ្លេស គឺជាសេដ្ឋកិច្ចធំចុងក្រោយបង្អស់ ដែលកំពុងទទួលរងនូវការធ្លាក់ចុះ ខណៈសង្គ្រាមពាណិជ្ជកម្មអាមេរិក ចិនបន្តជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចពិភពលោក។
ផលិតផលក្នុងស្រុកសរុប (GDP) របស់អង់គ្លេសនៅត្រីមាសទី២ធ្លាក់ចុះ មកត្រឹម ០,២ ភាគរយ។ នេះគឺជាការធ្លាក់ចុះដំបូង ដែលសេដ្ឋកិច្ចអង់គ្លេសបានជួបប្រទះចាប់តាំងពីឆ្នាំ២០១២មក។
ប្រសិនបើសេដ្ឋកិច្ចអង់គ្លេស រងការធ្លាក់ចុះជាមួយនឹងការធ្លាក់ចុះផ្សេងទៀត នៅក្នុងត្រីមាសទីបី ប្រទេសនេះនឹងធ្លាក់ចូលវិបត្តិសេដ្ឋកិច្ច។
ក្រុមអ្នកវិភាគជឿជាក់ថា សេដ្ឋកិច្ចអង់គ្លេសកំពុងស្ថិតក្នុងដំណាក់កាលធ្លាក់ចុះ។
ប្រធានសេដ្ឋវិទូនៅ IHS Markit បានសរសេរលើបណ្តាញសង្គម Twitter ថា “ចក្រភពអង់គ្លេស កំពុងដើរថយក្រោយដោយនឹងជួបវិបត្តិសេដ្ឋកិច្ច៖ GDP ធ្លាក់ចុះ ០,២ភាគរយនៅក្នុងត្រីមាសទី ២ (ការធ្លាក់ចុះលើកទី ១ ចាប់តាំងពីឆ្នាំ ២០១២) និង PMI (សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ) និយាយថារហូតមកដល់ពេលនេះ យើងរំពឹងថានឹងនៅទ្រឹងក្នុងត្រីមាសទី៣។
ការធ្លាក់ចុះនៃវិស័យផលិតកម្ម បានរួមចំណែកភាគច្រើនដល់ការធ្លាក់ចុះរបស់អង់គ្លេស។ វិស័យសំខាន់ៗបានធ្លាក់ចុះ ២,៣ ភាគរយពីមួយត្រីមាសទៅមួយត្រីមាសនៅក្នុងត្រីមាសទី២ ។
ចំណែកសេដ្ឋកិច្ចប្រទេសសឹង្ហបូរី បានទទួលជោគវាសនាប្រហាក់ប្រហែលគ្នានៅក្នុងត្រីមាសទី២ ដោយសារការធ្លាក់ចុះនៃវិស័យផលិតកម្ម ដែលអាចធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនៅចុងត្រីមាសបន្ទាប់។
ប្រធានធនាគារកណ្តាលសិង្ហបុរីលោក Ravi Menon បាននិយាយនៅក្នុងរបាយការណ៍ដែលបានចេញផ្សាយថ្មីៗនេះថា “ជម្លោះពាណិជ្ជកម្មដែលអូសបន្លាយរវាងអាមេរិក និងចិនធ្វើឱ្យប៉ះពាល់ដល់ផលិតកម្មពាណិជ្ជកម្ម និងការវិនិយោគសកល។
របាយការណ៍សេដ្ឋកិច្ចរបស់ Bloomberg បានប៉ាន់ប្រមាណថា ការចំណាយនៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនអាចមានទំហំទឹកប្រាក់ដល់ ១,២ពាន់ពាន់លានដុល្លារ ដែលប៉ះពាល់ដល់ផលិតផលក្នុងស្រុកសរុប សម្រាប់សេដ្ឋកិច្ចនៅទូទាំងពិភពលោក៕