ដោយៈ រ៉ាណេត
ភ្នំពេញៈ ផ្ទុយពីសកម្មភាពនៃការអភិវឌ្ឍសាងសង់ សំណង់លំនៅដ្ឋានព្រោងព្រាតនាពេលបច្ចុប្បន្ន តែបច្ចុប្បន្នការលក់លំនៅដ្ឋានជាក់ស្ដែង នៅលើទីផ្សារនៅដើមឆ្នាំ២០១៩នេះ មានការធ្លាក់ប្រមាណជាង១០ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។
លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានលំនៅឋានកម្ពុជា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា នៅដើមឆ្នាំ២០១៩កន្លងទៅនេះ វិស័យសំណង់នៅកម្ពុជាពិតមានការកើនឡើង ហើយភាគច្រើនជាប្រភេទវិស័យសំណង់លំនៅដ្ឋាន។ លោកបានបន្តទៀតថា ភាគច្រើនគគម្រោងសំណង់ដែលកំពុងតែមានសកម្មភាពសាងសង់ ជាគំរោងសល់ពីគម្រោងចាស់កាលពីឆ្នាំមុនតែប៉ុណ្ណោះ។
លោកបានបន្តទៀតថា “គម្រោងវិនិយោគ និងការសាងសង់នៅតែមានសកម្មភាពបន្តទៅមុខមិនមានអ្វីប្រែប្រួលនោះទេ ប៉ុន្តែចំពោះការទិញ-លក់ គឺមានភាពថមថយបន្តិច។ លោកបានបន្តទៀតថា “នៅត្រឹមឆមាសទី១ដើមឆ្នាំ២០១៩នេះ ការទិញ-លក់សំណង់លំនៅដ្ឋាន មានការធ្លាក់ចុះប្រមាណជាង១០ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។
លោកបន្តដោយពន្យល់ថា ការធ្លាក់ចុះនេះគឺភាគច្រើនជាទីផ្សារក្នុងស្រុក ប៉ុន្តែចំពោះតម្រូវការលំនៅដ្ឋានរបស់ជនបរទេស ដែលចូលមកកាន់កម្ពុជា គឺមានការកើនឡើង។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីពេលកន្លងទៅបានឱ្យដឹងថា ទំហំទុនវិនិយោគសរុប នៅក្នុងឆមាសទី១ឆ្នាំ២០១៩នេះមានចំនួន៣៣៩២លានដុល្លារ និងមានគម្រោងចំនួន២០៤៧ និងស្ថិតនៅលើទំហំផ្ទៃដីប្រមាណ៧លានម៉ែត្រការ៉េ ដែលក្នុងនោះគម្រោងសាងសង់ចំនួន១៥៤ ស្មើនឹងទឹកប្រាក់វិនិយោគប្រមាណ៣.០៧ ពាន់លានដុល្លារ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ដោយឡែកគម្រោងចំនួន១៨៩៣ ស្មើនឹងទំហំទឹកប្រាក់វិនិយោគប្រមាណ៣១៨លានដុល្លារ ស្ថិតនៅក្រោមការគ្រប់គ្រងថ្នាក់ក្រោមជាតិ ដែលរួមមានរដ្ឋបាលខេត្ត-ក្រុង ជាសេនាធិកាទទួលបន្ទុក។
អ្នកជំនាញស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទផងដែរថា ការធ្លាក់ចុះនៃទីផ្សាលំនៅដ្ឋាននៅពេលនេះ វាមិនមែនជាការបង្ហាញពីសញ្ញាអវិជ្ជមាននៅក្នុងវិស័យនេះនោះទេ។ លោកបានបន្តទៀតថា “ប្រជាជនកម្ពុជា នៅមានតម្រូវការលំនៅដ្ឋានស្នាក់នៅសមរម្យ រាប់សិបម៉ឺនខ្នងបន្ថែមទៀត ជាពិសេសប្រភេទសំណង់លំនៅដ្ឋានក្រោមមធ្យម ដែលស្របទៅនឹងចំណូល និងកម្រិតជីវភាពប្រចាំថ្ងៃ។
លោកបានបន្តទៀតថា “ខ្ញុំគិតថានៅដើមឆ្នាំនេះការទិញ-លក់ បានបង្ហាញថាមានការធ្លាក់ចុះ ប៉ុន្តែនៅឆ្នាំបន្ទាប់ខាងមុខនេះ វានឹងមានភាពល្អប្រសើរឡើងវិញជាមិនខាន ខណៈដែលកំណើនសេដ្ឋកិច្ចកម្ពុជា នៅតែអាចរក្សាបានកំណើនក្នុងរង្វង់៧ភាគរយ។លោកបន្តថា កំនើនសេដ្ឋកិច្ចធ្វើឲ្យចំណូលប្រជាជនមានការកើនឡើង ដែលបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ តាមរយៈការទទួលបានការងារធ្វើ ក្រោមទុនវិនិយោគបន្ថែមរបស់ក្រុមហ៊ុមបរទេសដែលមកកាន់កម្ពុជា”៕