ឆ្នាំងបើកគ្របហើយៈសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំនើន៦,៩ភាគរយកាល ពីឆ្នាំមុន

0

ដោយ  :  គង់ សូរិយា
ភ្នំពេញ : របាយការណ៍ព្យាករណ៍សេដ្ឋកិច្ចកម្ពុជា បានបង្ហាញជាផ្លូវការហើយ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបាន​ឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជាកាលពីឆ្នាំមុន សម្រេចបានកំណើន៦,៩ភាគរយ និងប្រាក់​ចំណូលប្រជាពលរដ្ឋម្នាក់ៗ ទទួលបាន១៤៣៥ដុល្លារអាមេរិកក្នុងមួយឆ្នាំ។
សម្តេចតេជោ  ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងពិធីរំលឹកខួបនៃទិវាជ័យជន្នះ ​៧មករា លើកទី៣៩ ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណ​៤៥,០០០នាក់កាលពីម្សិលម៉ិញនេះថា ការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខដ៏រ៉ឹងមាំ បានធានាឲ្យកម្ពុជាសម្រេចបានសមិទ្ឋិផលធំៗជាថ្មីទៀត ក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងកែលំអរជីវភាពរស់នៅរបស់ប្រជាជន។
សម្តេចបានបន្តថា “កំណើនសេដ្ឋកិច្ចដ៏រឹងមាំនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការរីកចម្រើនវិស័យឧស្សាហកម្មកម្មន្តសាល សំណង់ កសិកម្ម និងសេវាកម្ម ដូចជាទេសចរណ៍ និងអចលនទ្រព្យជាដើម”។សម្តេចបន្តថា “ជាមួយគ្នានេះកម្ពុជាបានផ្លាស់ប្តូររចនាសម្ពន្ឋសេដ្ឋកិច្ច ពីប្រទេសពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែល ពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្ម”។
អត្រានៃភាពក្រីក្រនៅកម្ពុជា បានធ្លាក់ចុះពី៥៣,៥ភាគរយនៅឆ្នាំ២០០៤ មកនៅត្រឹម១៣,៥ភាគរយនៅឆ្នាំ២០១៤ និងធ្លាក់ចុះថែមទៀត ខណៈដែលគម្លាតប្រាក់ចំណូលប្រជាពលរដ្ឋ ក៏ត្រួវបានកាត់បន្ថយផងដែរ។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាលោកបណ្ឌិត ហុង វណ្ណៈ  បានថ្លែងថា ប្រសិនជាគិតក្នុងក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ការសម្រេចបានកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់៦,៩ភាគរយជារឿងល្អ ដែលអាចឲ្យកម្ពុជាអាចឈោ​ងយកកំណើនសេដ្ឋកិច្ចបានល្អ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ហើយប្រសិ​នជាកម្ពុជារក្សាបាននូវសន្តិភាព នូវស្ថិរភាពនយោបាយ សេដ្ឋកិច្ចកម្ពុជានឹង​រក្សាបានកំណើនក្នុងរង្វង់៧ភាគរយ ឬអាចខ្ពស់ជាងនេះទៀត ដោយសារកំណើននៃការវិនិយោគផ្ទាល់ពីបរទេស ពិសេសពីប្រទេសចិន ពីប្រទេសសមាជិកអាស៊ាន អឺរ៉ុបជាដើម។
លោកបណ្ឌិតបន្តថា “ខ្ញុំនៅតែមើលឃើញថា អ្នកវិនិយោគចិនកាន់តែច្រើននៅបន្តចូលមកកម្ពុជា ហើយអ្នកវិនិយោគដទៃទៀតក៏បានចូលមក ដោយ​មិនឃើញសញ្ញាថមថយនោះទេ ដែលនេះសុទ្ឋតែជាសញ្ញាល្អ ដែលអាចឲ្យរដ្ឋាភិ​បាលប្រមូលចំណូលបានកាន់តែច្រើន ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់ខ្លួន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here