ដីឡូត៍ពុះលក់​​កាន់តែមានសភាពខ្លាំងក្លា

0

ដោយ : ដួង ចន្រ្ទា
ភ្នំពេញ : ការធ្វើទីផ្សារដីធ្លី បាន និងកំពុងផ្តោតកាន់តែខ្លាំងលើអ្នកមានប្រាក់ចំណូលមធ្យម ខណៈប្រជាជនប្រទេ​ស​នេះ ​កំពុងកើនទ្បើងនូវចំនួនប្រជាជន និងកំលាំងទិញ ដោយសារកម្ពុជាបានចាកផុត ពីប្រទេសមានការអភិវឌ្ឍ​ន៍តិចតួចបំផុត ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបនៅឆ្នាំនេះ។
លោក គឹង​ វណ្ណៈ ម្ចាស់​ភាគហ៊ុន​ធំ​នៃ​គម្រោង​ Highland De’ Canal ដែល​បានវិនិយោគទឹកប្រាក់៨០លានដុល្លារលើគំរោងរបស់ខ្លួន បាន​ថ្លែង​ឲ្យដឹងកាលពីពេលថ្មីៗនេះថា គម្រោង​គ្រប់​ដណ្តប់​លើ​ផ្ទៃដី១០០​ហិកតា ដែល​ត្រូវបានបែងចែកជាច្រើនដំណាក់កាល ដោយ​ក្នុង​ដំណាក់​កាល​ទី១​ មានផ្ទៃ​ដី៣៦ហិកតា សម្រាប់​ដាក់​លក់​សម្រាប់​អតិថិជន​។​
តម្លៃ​ដី​អាច​រក​ទិញបាន​ចាប់​ពី ៨០ទៅ៩០​ ដុល្លារ​ក្នុង​ម៉ែត្រការ៉េ ហើយ​គម្រោ​ង​នេះ​ មាន​ទីតាំងស្ថិតតាម​បណ្តោយ​ផ្លូវជាតិលេខ​ ៦ ក្នុង​សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
លោក​បញ្ជាក់​ថា “នេះជា​គម្រោង​ដំបូង​ដែល​ពុះ​ដីឡូត៍លក់​ និង​ផ្តល់​ជម្រើស​ដល់​អតិថិជនសម្រាប់​ការសាងសង់ ​លំនៅឋាន​តាម​ការ​ចង់​បានរបស់​ពួកគេ”។
លោកបាន​ថ្លែងថា«​ខ្ញុំ​គិតថាតម្លៃ​នេះ​គឺ​សមរម្យ​ ដោយ​សារ​យើង​បាន​រៀបចំ​ប្រព័ន្ធផ្លូវ និង​ទឹក​ក្នុង​គម្រោង​នេះ​ ដូច្នេះ​អតិថិជន​ទិញ​ហើយ​អាច​សាងសង់​លំនៅឋាន​បាន​តែម្តង​”។ លោកបន្តថា “ភាព​ខុស​ពីគម្រោងដទៃ​គឺអតិថិជន​អាច​ទិញ​ដីពីគម្រោង​ ហើយ​អាចសាងសង់​លំនៅឋាន​បានដោយ​ខ្លួន​ឯង​ តែ​យើង​ក៏សាងសង់​ផ្ទះ ៥​ ប្រភេទ​សម្រាប់​ពួកគាត់ដើម្បីជ្រើស​»។​
លោក ឌឹត ចណ្ណា ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន Lucky Realty បាន​លើក​ឡើង​ថា អី្វដែល​ខុសគេ​គឺ​ក្រុមហ៊ុន​សាងសង់​ផ្ទះគំរូ សម្រាប់​អតិថិជន​ជ្រើសរើស​ ឬ​គាត់​អាចសាងសង់​ផ្ទះដោយ​ខ្លួន​ឯង​។ ម្យ៉ាង​ទៀត​តម្លៃ​នេះ​គឺសមរម្យ​ ដោយសារ​អ្នក​អភិវឌ្ឍន៍រៀបចំ​ហេដ្ឋារចនាសម្ពន្ធ និង​ប្រព័ន្ធទឹក​ភ្លើង​សម្រាប់​អ្នក​ទិញ។
លោកបន្តថា“នេះ​គឺ​ជម្រើស​​ថ្មីមួយ ​សម្រាប់​អ្នកទិញដោយ​អាច​ទិញដីឡូត៍បាន​ ហើយ​ជ្រើសរើស​ការ​សាងសង់​បាន​ដោយ​ខ្លួន​ឯង​»។​ លោកថា ៖«គម្រោង​អាច​នឹងទទួល​បាន​ជោគជ័យ ដោយសារ​មាន​ទីតាំង​ល្អ​ និង​មាន​គម្រោង​អភិវឌ្ឍន៍ជាច្រើន​នៅ​ទីនោះ»។
គំរោងដីឡូត៍បច្ចុប្បន្នបានផ្តោតលើគ្រប់ទិសនៃរាជធានីភ្នំពេញ ពិសេសក្នុង​ខ័ណ្ឌសែនសុខ និងខ័ណ្ឌព្រែកព្នៅ ជាយក្រុងភ្នំពេញ និងស្រុកពញ្ញាឮ ខេត្តកណ្តាល (តំបន់ជុំវិញភ្នំប្រសិទ្ធិ) ដែលបាននិងកំពុងមាន​ចលនាពុះដីឡូត៍លក់រីកដូចផ្សិត។
ជាមួយនឹងការរីករាយដាលនៃចលនាពុះដីឡូត៍លក់ ករណីបោកប្រាស់ប្រ​ជាពលរដ្ឋមួយចំនួនក៏បាន និងកំពុងកើតមាន ដែលទាមទារឲ្យប្រជាជនប្រុងប្រយ័ត្ន និងគួរពិគ្រោះជាមួយអ្នកជំនាញមុនសម្រេចចិត្តទិញគំរោងណាមួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here