ដោយ ដួង ចន្រ្ទា
ភ្នំពេញ៖ ការផ្តល់ឥណទាននៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា សម្រេចបានកំណើនខ្ពស់ចន្លោះពី៣០ ទៅ៥០ភាគរយ កាលពីឆ្នាំ២០១៧ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក សាយ សូនី ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៨ មករានេះថា ការផ្តល់ឥណទានរបស់ប្រាសាក់សម្រេចបានកំណើន៥០ភាគរយ ដោយទំហំទឹកប្រាក់បានកើនពី១០៣០លានដុល្លារ កាលពីឆ្នាំ២០១៦ ដល់១៥៤៨លានដុល្លារគិតត្រឹមដំណាច់ឆ្នាំ២០១៧។ ចំណែកការដាក់ប្រាក់បញ្ញើក៏សម្រេចបានកើនខ្ពស់ផងដែរ ដោយកំណើនទឹកប្រាក់បានកើនពី៦១៩លានដុល្លារ ដល់៩១៥លានដុល្លារ ស្មើនឹងកំណើន៤៨ភាគរយ។
លោកបន្តថា “កំណើនឥណទានកើនខ្លាំង ដោយសារការរីកចម្រើននៃវិស័យសហគ្រាសធុនតូចបំផុត ធុនតូច និងធុនមធ្យម និងការរីកចម្រើននៃវិស័យកសិកម្ម”។លោកបន្តថា “កំណើនប្រាក់បញ្ញើក៏បញ្ជាក់ពីស្ថិរភាពនយោបាយ និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ លើវិស័យហិរញ្ញវត្ថុនៅកម្ពុជាកើនឡើងផងដែរ”។
លោក សាយ សូនី បានបន្តថា ទោះជាការដាក់ប្រាក់បញ្ញើរសម្រេចបានកំណើនល្អប្រសើរក្តី ប៉ុន្តែទំហំសាច់ប្រាក់បញ្ញើធៀបនឹងឥណទាន ដែលយើងផ្តល់ជូនប្រជាពលរដ្ឋ មិនទាន់មានតុល្យភាពគ្នានៅឡើយទេ ពោលគឺយើងនៅតែត្រូវការឥណទានពីបរទេសនៅឡើយ។
អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រិត លោក ជា ផល្លារិន បានមានប្រសាសន៍ឲ្យដឹងផងដែរថា ការផ្តល់ឥណទាន ពិតជាសម្រេចបានកំណើនល្អប្រសើរ ដោយសារការរីកចម្រើន នៃសហគ្រាសធុនតូចបំផុត ធុនតូច និងធុនមធ្យម ព្រមទាំងវិស័យកសិកម្មមានការរីកចម្រើននៅឆ្នាំនេះ ជាមួយនឹងកំណើនផលិតកម្មនិងតម្លៃមានភាពសមស្របផងដែរ។ លោកបន្តថា ឥណទានរបស់អម្រិតបានកើនពី៥៨០លានដុល្លារកាលពីឆ្នាំ២០១៦ ដល់៦៨៨លានដុល្លារនៅឆ្នាំ២០១៧ ស្មើនឹងកំណើន២១ភាគរយ។
ចំណែកការដាក់ប្រាក់បញ្ញើបានកើនល្អប្រសើរផងដែរ ដោយទំហំទឹកប្រាក់បានកើនពី២៣០លានដុលារកាលពីឆ្នាំ២០១៦ ដល់៣៣០លានដុល្លារនៅឆ្នាំ២០១៧ ស្មើនឹងកំណើន២៥ភាគរយផងដែរ។
លោក ជា ផល្លារិន បានបន្តថា “ការរីកចម្រើននៃសកម្មភាពអាជីវកម្ម ពិសេសវិស័យសហគ្រាសធុនតូច និងមធ្យម និងវិស័យកសិកម្មបានស្ថិតនៅពីក្រោយការរីកចម្រើននេះ”។ លោកបន្តថា “នៅឆ្នាំ២០១៨នេះ យើងនឹងនៅតែបន្តផ្តោតលើវិស័យSME និងសកម្មដែលកំពុងតែបន្តមានភាពវិជ្ជមាន”។
កម្ពុជាជាប្រទេសមួយ ដែលមានការរីកចម្រើនក្នុងវិស័យមីក្រូហិរញ្ញវត្ថុខ្លាំង និងជាប់ចំណាត់ថ្នាក់ល្អនៅលើពិភពលោក ដោយសារការសម្រេចបានកំណើនឥណទាន និងឥណទានមានបញ្ហាស្ថិតនៅក្នុងការគ្រប់គ្រងបានល្អប្រសើរ៕