ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ នៅលើទីផ្សារដ៏ទូលាយរបស់ប្រទេសកម្ពុជា បានបើកចំហរឱ្យបណ្តាប្រជាជនក្នុងស្រុក និងជនជាតិនានាមានសិទ្ធិប្រកបអាជីវកម្មចំរុះ ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយច្បាប់ ប៉ុន្តែលើកឡែងតែអាជីវកម្ម ១០ប្រភេទ ដែលត្រូវបានហាមឃាត់ជនបរទេសក្នុងការប្រកបរបរ។
នៅក្នុងសេចក្ដីប្រកាសដែលចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីព្រឹកមិញនេះ បានបញ្ជាក់ថាគោលបំណងកំណត់នូវប្រភេទមុខរបរស្វ័យនិយោជន៍ ដែលត្រូវបានហាមឃាត់ចំពោះជនបរទេសក្នុងការប្រកបមុខរបរ និងធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងសេចក្ដីប្រកាសដដែលបានលើកឡើងទៀតថា បុគ្គលស្វ័យនិយោជន៍សំដៅដល់ជនបរទេសដែលប្រការការងារ ឬមុខរបររកចំណូលផ្ទាល់ខ្លួនដោយមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល ឬប្រាក់បៀវត្សដែលផ្តល់ដោយនិយោជក ឬរដ្ឋតាមកិច្ចសន្យាការងារ។
សម្រាប់មុខរបរ និងការងារ ទាំង ១០ ដែលត្រូវបានរដ្ឋាភិបាលហាមឃាត់មិនឱ្យបណ្តាជនបរទេសប្រកបរួមមាន ៖
១, អ្នកបើកបរយានជំនិះគ្រប់ប្រភេទជាលក្ខណៈអាជីវកម្មមានជាអាទិ៍ អ្នកបើកបរទោចក្រយានយន្ត អ្នកបើកបរត្រីចក្រយានយន្ត អ្នកបើកទោចក្រយានយន្តសណ្តោងរ៉ឺម៉ក់ អ្នកបើកម៉ូតូកង់៤ អ្នកបើករថយន្យតដឹកអ្នកដំណើរ និងដឹកទំនិញ។
២, អ្នកលក់ដូរដោយមធ្យោបាយថ្មើរជើង ឬយានជំនិះគ្រប់ប្រភេទនៅទីសាធារណៈ
៣, អ្នកម៉ាស្សា ចាប់សរសៃតាមទីសាធារណៈ
៤, អ្នកកាត់សក់ អ៊ុតសក់ និងថែរក្សាសម្ផស្ស
៥, អ្នកផ្តល់សេវាកម្មដេរ និងសម្អាតស្បែកជើង
៦, អ្នកកាត់ដេរ
៧, អ្នកប៉ះកង់ ជាងជួសជុលយានយន្ត
៨, អ្នកផលិតវត្ថុអនុស្សាវរីយ៍ខ្មែរ
៩, អ្នកផលិតឧបករណ៍ភ្លេងខ្មែរ បាត្រលោក ព្រះពុទ្ធរូប
១០, ជាងទង ជាងច្នៃត្បូងពេជ្រ៕