ដោយ Donald Lee
ភ្នំពេញ៖ ក្រុមហ៊ុន Grab Holdings Inc បានឲ្យដឹងថា ខ្លួននឹងវិនិយោគទឹកប្រាក់ចំនួន ៥០០លានដុល្លារអាមេរិកនៅវៀតណាម ដើម្បីអនុវត្តការពង្រីកវិស័យដឹកជញ្ជូន បច្ចេកវិទ្យាហិរញ្ញវត្ថុ និងប្រព័ន្ធចែកចាយអាហារនៅក្នុងប្រទេសនេះ។
ប្រធានក្រុមហ៊ុន Grab ប្រចាំប្រទេសវៀតណាម លោក Jerry Lim បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនថា “ក្រុមហ៊ុន Grab គឺជាវិនិយោគិនបច្ចេកវិទ្យាធំជាងគេមួយនៅវៀតណាម”។
លោកបានបន្ថែមថា “ការវិនិយោគ ៥០០លានដុល្លារនាពេលបច្ចុប្បន្ននេះ នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីលើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាជនវៀតណាមរាប់លាននាក់ និងអ្នកប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីទំនើបរបស់យើង” ។
ការវិនិយោគ ៥០០ លានដុល្លារនឹងត្រូវបានបែងចែកក្នុងផែនការពង្រីករយៈពេល ៥ ឆ្នាំ។ក្រុមហ៊ុន Grab បានចូលក្នុងទីផ្សារវៀតណាមក្នុងឆ្នាំ ២០១៤ ហើយបានបង្កើតខ្លួនជាសេវាកម្មជិះរថយន្តដឹកទំនិញ និងចែកចាយម្ហូបអាហារដ៏លេចធ្លោជាងគេនៅក្នុងប្រទេសនេះ។
ក្រុមហ៊ុនបានទទួលបានកំណើនរបស់ខ្លួនដែលកើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះ។ នៅក្នុងឆមាសទី ១ នៃឆ្នាំ ២០១៩ វេទិកាចែកចាយអាហាររបស់ Grab បានបង្កើនតម្លៃទំនិញសរុបរបស់ខ្លួនជាង ៤០០ ភាគរយជាមួយនឹងការបញ្ជាទិញប្រចាំថ្ងៃជាមធ្យមជាង ៣០ ម៉ឺននាក់។
ប្រធានប្រតិបត្ដិប្រចាំតំបន់នៅ Grab មានប្រសាសន៍ថា “ការវិនិយោគនេះគឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងចំពោះវៀតណាម”។
លោកបានបន្ថែមថា “សេដ្ឋកិច្ចកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងប្រទេសនេះ និងចំនួនប្រជាជនវ័យក្មេងធ្វើឱ្យទីផ្សារនេះមានភាពរួចរាល់ក្នុងការទទួលយកសេវាកម្មឌីជីថល”៕