ដោយ ដែន ចែងចាំង
ភ្នំពេញ : សេដ្ឋវិទូនានាបានលើកឡើងថា ការសម្រេចបានកំណើនសេដ្ឋកិច្ច៦,៩ភាគរយកាលពីឆ្នាំមុន ជារឿងគួរឲ្យអបអរសាទរ ដែលមានភាពសមស្របនឹងត្រូវខិតខំបន្តទៀត។
ដោយ ដែន ចែងចាំង
ភ្នំពេញ : សេដ្ឋវិទូនានាបានលើកឡើងថា ការសម្រេចបានកំណើនសេដ្ឋកិច្ច៦,៩ភាគរយកាលពីឆ្នាំមុន ជារឿងគួរឲ្យអបអរសាទរ ដែលមានភាពសមស្របនឹងត្រូវខិតខំបន្តទៀត។
ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោកបណ្ឌិត ម៉ី កល្យាណ បានថ្លែងឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី ៩ មករានេះថា ការសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយបែបនេះ ជារឿងល្អប្រសើរណាស់ ដែលគួរស្រែកជយោ! ជយោ! ព្រោះការសម្រេចបាននេះ ដោយសារការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ធ្វើឲ្យប្រទេសយើងមានភាពរីកចម្រើនបន្តិចម្តងៗ ប៉ុន្តែលោកគិតថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងអាចថមថយនៅ៥ទៅ១០ឆ្នាំខាងមុខ ដោយសារមូលដ្ឋានសេដ្ឋកិច្ចកម្ពុជាកាន់តែរីកធំ។
លោកបន្តថា “ការថមថយកំណើនសេដ្ឋកិច្ចជារឿងធម្មតា ព្រោះមូលដ្ឋានសេដ្ឋកិច្ចយើងកាន់តែធំ ប៉ុន្តែបើយើងខិតខំហើយសម្រេចបានក្នុងរង្វង់៧ភាគរយបន្តទៀតជារឿងល្អមែនទែន”។ លោកបន្តថា “វាប្រៀបដូចជាយើងឡើងកាំជណ្តើរអញ្ចឹងគឺមួយជំហ៊ានម្តងៗ និងកាន់តែខ្ពស់ទៅៗ”។
តើធ្វើយ៉ាងណាដើម្បីសេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើនខ្ពស់បន្តទៀត លោកបណ្ឌិត ម៉ី កល្យាណ បានពន្យល់ថា កម្ពុជាត្រូវតែធ្វើពិពិធកម្មលើវិស័យកសិកម្ម សេវាកម្ម និងឧស្សាហកម្មបន្ថែមទៀត ជាមួយទស្សនវិស័យច្បាស់លាស់ថា យើងកំពុងនៅទីណា និងត្រូវដើរទៅទីណាឲ្យបានច្បាស់លាស់។
ចំណែកលោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានថ្លែងថា ប្រសិនជាគិតក្នុងក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ការសម្រេចបានកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់៦,៩ភាគរយជារឿងល្អ ដែលអាចឲ្យកម្ពុជាអាចឈោងយកកំណើនសេដ្ឋកិច្ចបានល្អ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ហើយប្រសិនជាកម្ពុជារក្សាបាននូវសន្តិភាព នូវស្ថិរភាពនយោបាយ សេដ្ឋកិច្ចកម្ពុជានឹងរក្សាបានកំណើនក្នុងរង្វង់៧ភាគរយ ឬអាចខ្ពស់ជាងនេះទៀត ដោយសារកំណើននៃការវិនិយោគផ្ទាល់ពីបរទេស ពិសេសពីប្រទេសចិន ពីប្រទេសសមាជិកអាស៊ាន អឺរ៉ុបជាដើម។
លោកបណ្ឌិតបន្តថា “ខ្ញុំនៅតែមើលឃើញថា អ្នកវិនិយោគចិនកាន់តែច្រើននៅបន្តចូលមកកម្ពុជា ហើយអ្នកវិនិយោគដទៃទៀតក៏បានចូលមក ដោយមិនឃើញសញ្ញាថមថយនោះទេ ដែលនេះសុទ្ឋតែជាសញ្ញាល្អ ដែលអាចឲ្យរដ្ឋាភិបាលប្រមូលចំណូលបានកាន់តែច្រើន ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់ខ្លួន”។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងក្នុងទិវាអបអរជ័យជំនះ៧ មករា លើកទី៣៩ កាលពីម្សិលម៉ិញថា សេដ្ឋកិច្ចកម្ពុជាកាលពីឆ្នាំមុន សម្រេចបានកំណើន៦,៩ភាគរយ និងប្រាក់ចំណូលប្រជាពលរដ្ឋម្នាក់ៗ ទទួលបាន១៤៣៥ដុល្លារអាមេរិកក្នុងមួយឆ្នាំ។
សម្តេចបន្តថា “ការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខដ៏រ៉ឹងមាំ បានធានាឲ្យកម្ពុជាសម្រេចបានសមិទ្ឋិផលធំៗជាថ្មីទៀត ក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងកែលំអរជីវភាពរស់នៅរបស់ប្រជាជន”។
សម្តេចបានបន្តថា កំណើនសេដ្ឋកិច្ចដ៏រ៉ឹងមាំនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការរីកចម្រើនវិស័យឧស្សាហកម្មកម្មន្តសាល សំណង់ កសិកម្ម និងសេវាកម្ម ដូចជាទេសចរណ៍ និងអចលនទ្រព្យជាដើម។ ជាមួយគ្នានេះកម្ពុជាបានផ្លាស់ប្តូររចនាសម្ពន្ឋសេដ្ឋកិច្ច ពីប្រទេសពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែល ពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្ម៕