ដោយៈ រ៉ាណេត
ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ នឹងជ្រើសរើសតំបន់ភ្នំប្រសិទ្ធនិងភ្នំរាប ស្ថិតក្នុងសង្កាត់ចំនួន២នៃរាជធានីភ្នំពេញ ធ្វើជាតំបន់ទេសចរណ៍គំរូ នៅតំបន់ជាយក្រុងក្រុងដើម្បី បង្កើនសេដ្ឋកិច្ច និងចំណូលដល់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់ផងដែរ។
ការអនុវត្តទៅតាមផែមការគម្រោង និងផែនការមេរបស់រដ្ឋបាលសាលារាជធានីភ្នំពេញក្នុងការអភិវឌ្ឍ និងកែច្នៃតំបន់មួយចំនួនដែលស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ ឱ្យក្លាយទៅជាកន្លែងទេសចរណ៍គំរូនៅតំបន់ជាយក្រុងនោះ បច្ចុប្បន្ននេះ ត្រូវបានអជ្ញាធរ និងមន្ត្រីជំនាញចុះប្រតិបត្តិការនៅតាមទីតាំងគោលដៅ ដែលស្ថិតនៅក្នុងតំណាក់កាលដំបូល។
អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ លោក សុខ សម្បត្តិ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះថា ក្រោយការទទួលបានក្ដីសម្រេច និងណែនាំ ពីសំណាក់លោកអភិបាលរាជធានីភ្នំពេញ បច្ចុប្បន្នមន្ត្រីជំនាញបានចុះធ្វើប្រតិបត្តិការ និងវាសវែងតំបន់ដែលជាប់ពាក់ព័ន្ធនឹងគម្រោងហើយ។
លោកបានបន្តទៀតថា “ស្ថានភាពជាក់ស្ដែង សង្កាត់ពញាពន់ និងសង្កាត់ពន្សាំង ដែលស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ គឺមានភាពទាក់ទញផ្នែកវិស័យទេសចរណ៍ក្នុងតំបន់រួចមកហើយ ប៉ុន្តែខ្វះត្រង់ការរៀបចំសណ្ដាប់ អនាម័យ បរិស្ថាន លើកកម្ពស់សោភ័ណភាព សម្រួលហេដ្ឋារចនាសម្ព័ន្ធ និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ដែលអាស្រ័យផលតែប៉ុណ្ណោះ”។
នៅក្នុងខណ្ឌព្រែកព្នៅមានប្រជាជនរស់នៅសរុបជាង ៥០,០០០នាក់ ហើយដោយឡែកសង្កាត់ទាំង២នេះ ស្ថិតនៅចំណុចកណ្តាលដែលអនុគ្រោះពីតំបន់បឹងតាម៉ោក ដែលនៅពីមុខ និងតំបន់ភ្នំបាសិត នៅពីក្រោយ គួបផ្សំនឹងភ្នំរាបផងដែរ។ ជាអាទិភាពក្នុងការរៀបចំ និងកែច្នៃសង្កាត់ទាំង២ខាងលើនេះ គឺត្រូវកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ឱ្យមានភាពល្អប្រសើរជាមុនសិន។
លោកសុខ សម្បត្តិបានបន្តថា ផ្លូវនៅក្នុងសង្កាត់ពញាពន់ ចាំបាច់ត្រូវជួសជុលប្រវែង៧គីឡូម៉ែត្រ ហើយផ្លូវមួយខ្សែទៀតនៅក្នុងសង្កាត់ពន្សាំងត្រូវជួសជុល និងស្ថាបនាថ្មីប្រវែង១០គីឡូម៉ែត្រ។ លោកបន្តថា ការកែប្រែតំបន់ខាងលើនេះ ក្រៅពីបង្កើនភាពទាក់ទាញផ្នែកទេសចរណ៍ សម្រាប់ជាតំបន់លំហែរកាយនៅជាយក្រុង វាក៏ជាការរួមចំណែកជួយបង្កើនចំណូលដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់ ក៏ដូចជាតំបន់ជាប់គ្នាផងដែរពីវិស័យមួយនេះ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីន បានបង្ហាញពីក្ដីសាទរ ចំពោះផែនការរបស់សាលារាជធានីភ្នំពេញ ដែលអាចជួយលើកកម្ពស់វិស័យទេសចរណ៍ក្នុងតំបន់បានកាន់តែល្អជាងមុន។
លោកស្រីបានមានប្រសាសន៍ទៀតថា “ការកើតមានថ្មីនូវអ្វីដែលថ្មី ហើយល្អគឺជារឿងប្រសើរដែលយើងត្រូវតែសាទរ”។ លោកស្រីបន្តទៀតថា “ប៉ុន្តែអ្វីដែលត្រូវយកចិត្តទុកដាក់នោះគឺ មិនមែនគ្រាន់តែបង្កើតឱ្យមានតែឈ្មោះថា ជាតំបន់ទេសចរណ៍តែមួយមុខនោះទេ គឺទាល់តែមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋក្នុងតំបន់ផងដែរ ទាំងការចេះរៀបចំសណ្ដាប់ធ្នាប់ទីតាំង សម្រាប់ភ្ញៀវសម្រាកលំហែរកាយ ទីតាំងអាហារដ្ឋាន និងប្រកបដោយអនាម័យ សុវត្ថិភាព បរិស្ថាន ដែលធានាថាមានភាពល្អប្រសើរផងដែរ”។
លោកស្រីឆាយ ស៊ីវលីនបានបញ្ជាក់ថា ជាបទពិសោធន៍យើងធ្លាប់ឃើញស្រាប់ហើយ ភាគច្រើនទេសចរដែលទៅកម្សាន្តនៅភ្នំប្រសិទ្ឋ ឬភ្នំរាប មិនចំណាយពេលយូរនោះទេ ដែលក្រៅពីទៅថតរូបភាព ឬទិញអាហារបន្តិចបន្តួច ក៏ត្រឡប់ទៅវិញ ដោយសារតែមិនមានទីកន្លែងស្នាក់នៅ លំហែរកាយក្នុងរយៈពេលខ្លីសម្រាប់ពួកគាត់។ លោកស្រីបានបញ្ជាក់ថា អ្វីដែលសំខាន់ គឺសមត្ថកិច្ចទេសចរណ៍ ត្រូវតែចុះត្រួតពិនិត្យជាប្រចាំ ដើម្បីប្រាកដថា តំបន់ទេសចរណ៍ត្រូវបានដំណើរការស្របតាមបទដ្ឋាន ដែលបានកំណត់ដោយក្រសួង ឬមន្ទីរ៕