ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ បុរីប្រណីតថ្មីមួយ ដែលបោះទុនវិនិយោគតម្លៃ១០០លានដុល្លារ នឹងលេចឡើងនៅតាមបណ្តោយផ្លូវជាតិលេខ១ ស្របពេលទីផ្សារបុរីកំពុងដែលមានដំណើរការល្អប្រសើរ។
អគ្គនាយកក្រុមហ៊ុន World Bridge Land លោកឧកញ៉ាសៀ រិទ្ឋីបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា គំរោងថ្មីនេះនឹងចាប់ផ្តើមសាងសង់ និងប្រកាសលក់នៅចុងខែកក្កដានេះ នៅលើផ្ទៃដី៣,៦ហិកតា មានផ្ទះសរុបចំនួន២០៤ផ្ទះ និងដាក់លក់ក្នុងតំលៃចាប់ពីជាង៣០ម៉ឺនដុល្លារអាមេរិក។ គំរោង The Palm សហការវិនិយោគរវាងក្រុមហ៊ុន World Bridge Land ជាមួយក្រុមហ៊ុន Oxley Holding ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបុរី។លោកបន្តថា គំរោងនេះជាគំរោងដែលមានទស្សនទាន នៃការអភិវឌ្ឍប្លែកពីគេ ដែលមានអាងទឹក មានកន្លែងជិះអូប័រកំសាន្ត និងមាន Man Make Beach និងសេវាកម្មជាច្រើនទៀត។
-->
លោកបន្តថា “អ្នកដឹងចិត្តខ្ញុំហើយ បើធ្វើអ្វីមួយ បើមិនជោគជ័យ ខ្ញុំមិនធ្វើនោះទេ។លោកបន្តថា “តំបន់ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ជាតំបន់ល្អប្រសើរណាស់សម្រាប់រស់នៅ បន្ទាប់ពីផ្លូវនេះបានបញ្ចប់ការសាងសង់។
លោកឧកញ៉ា សៀ រិទ្ឋី បានបន្តថា “ប្រសិនជាអតិថិជនចង់ទិញលំនៅដ្ឋានបែប resort សូមរង់ចាំមើលគំរោងនេះ ព្រោះវាជាគំរោងដែលមានទស្សនទាននៃការអភិវឌ្ឍន៍បែបថ្មី និងខុសប្លែកពីគេ។

ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ាលី ហួរបានថ្លែងថា ស្ថានភាពនៃការលក់បុរីចាប់ផ្តើមប្រសើរឡើងហើយ ដោយបុរីជាច្រើនបានលក់យ៉ាងជោគជ័យក្នុងរយៈពេលខ្លីចុងក្រោយនេះ ហើយតំបន់ផ្លូវជាតិលេខ១ ក៏ជាតំបន់ល្អសម្រាប់អភិវឌ្ឍន៍។លោកបន្តថា ការវិនិយោគបុរីសម្រាប់ប្រជាជនមានជីវភាពមធ្យម និងក្រោមមធ្យមលក់ដាច់ល្អ ប៉ុន្តែបើផ្ទះមានតំលៃថ្លៃសម្រាប់អ្នកមានជីវភាពធូរធារលក់បាន ប៉ុន្តែក្នុងល្បឿនយឺត។
លោកបន្តថា “ការលក់លំនៅដ្ឋានល្អឡើងវិញ ដោយសារប្រជាពលរដ្ឋមានការយល់ដឹងច្រើនជាងមុន ពួកគេមិនបារម្ភពីការបោះឆ្នោតទៀតទេ គាត់ចាស់ទុំហើយ លែងឈ្លោះគ្នា លែងវ៉ៃគ្នាពេលហែរបក្ស នេះជារឿងល្អសម្រាប់ទាំងអស់គ្នា។
លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា ទីផ្សារបុរីនៅតែទទួលបានជោគជ័យ ដោយសារតម្រូវការបន្តកើនឡើង ព្រោះសេដ្ឋកិច្ចកម្ពុជាបន្តសម្រេចបានកំនើនខ្ពស់ លក្ខខ័ណ្ឌនៃការផ្តល់ឥ ណទានកាន់តែមានភាពងាយស្រួល និងកំនើនប្រជាសាស្ត្រនៅទីក្រុងភ្នំពេញ។លោកបន្តថា ទោះជាយ៉ាងណាគម្រោងបុរីលំនៅដ្ឋានប្រណីត ហាក់មានភាពយឺតយ៉ាវបន្តិចក្នុងការលក់ ប៉ុន្តែសម្រាប់គម្រោងអភិវឌ្ឍន៍ដែលមានអ្នកវិនិយោគមានកេរ្ត៍ឈ្មោះបែបនេះ នឹងនៅតែទទួលបានជោគជ័យ ព្រោះអ្វីសំខាន់គឺទំនុកចិត្ត៕