ដោយ វល័ក្ខ
ភ្នំពេញៈ ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់កូរ៉េខាងត្បូង Samsung បានប្រកាសបិទរោងចក្រផលិតស្មាតហ្វូនរបស់ខ្លួននៅក្នុងប្រទេសចិន ដែលរោងចក្រមួយនេះជារោងចក្រចុងក្រោយ កំពុងដំណើរការផលិតស្មាតហ្វូននៅក្នុងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ ២០១៩។
រោងចក្រផលិតស្មាតហ្វូនចុងក្រោយនេះ មានទីតាំងស្ថិតនៅក្នុងទីក្រុង Huizhou ដែលកាលពីឆ្នាំ២០១៧ រោងចក្រនេះផលិតបានស្មាតហ្វូន៦៤លានគ្រឿង ដែលអាចនិយាយបានថា ជារោងចក្រដ៏ធំ និងសំខាន់មួយសម្រាប់ក្រុមហ៊ុន Samsung ដែលមានអាយុកាល២៧ឆ្នាំ។
មិនមានព័ត៌មានជាក់លាក់ណាមួយ បញ្ជាក់ពីមូលហេតុចម្បងការបិទរោងចក្រនេះឡើយ ប៉ុន្តែបើតាមការលើកឡើងរបស់ក្រុមអ្នកឃ្លាំងមើលបានឱ្យដឹងថា ការបិទនេះ គឺដោយសារទទួលរងនូវ សម្ពាធពីគូប្រជែងក្នុងស្រុក ដែលជាហេតុធ្វើឱ្យ ទីផ្សារ ស្មាតហ្វូន របស់ Samsung នៅចិន មានការថយចុះ។ បើទោះជាយ៉ាងនេះក្ដី ក្រុមហ៊ុន Samsung បានប្រកាសថា ខ្លួននៅតែបន្តលក់ស្មាតហ្វូននៅក្នុងប្រទេសចិនដដែល។
សារព័ត៌មាន Reuters បានបញ្ជាក់ថា ក្រុមហ៊ុន Samsung នឹងយករោងចក្រមួយនេះទៅដាក់នៅទីតាំងផ្សេងវិញ ប៉ុន្តែមិនបានបញ្ជាក់ថា នៅប្រទេសណានោះទេ ប៉ុន្តែអ្នកវិភាគមួយចំនួនបានយល់ឃើញថា អាចនឹងទៅកាន់បណ្ដាប្រទេសក្នុងតំបន់អាស៊ាន ខណៈដែលនៅពេលនេះ Samsung កំពុងតែពង្រីករោងចក្ររបស់ខ្លួន នៅប្រទេសវៀតណាម និងឥណ្ឌា ដោយសារតែប្រទេសទាំងពីរនេះ មានការចំណាយទាបនៃការផលិតទាប៕