ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន NAKI GROUP បានសម្រេចបោះទុនវិនិយោគ ១០លានដុល្លារអាមេរិក ដើម្បីសាងសង់លំនៅដ្ឋាន សម្រាប់ប្រជាជនមានប្រាក់ចំណូលមធ្យម ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ។
អគ្គនាយកក្រុមហ៊ុន NAKI GROUP លោក មាស ង៉ែតវាសនា បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី១៩ តុលានេះថា ដោយសារមើលឃើញកំនើនសេដ្ឋកិច្ច និងកំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ពិសេសប្រជាជនមានជីវភាពថ្នាក់មធ្យម និងមធ្យមកម្រិតទាបកើនឡើងខ្លាំង ទើបលោកសម្រេចចិត្តវិនិយោគលំនៅ ដ្ឋានមានលក្ខណៈជាបុរី RAVANA នេះឡើង ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។លោកបន្តថា បុរីនេះស្ថិតនៅលើផ្ទៃដីប្រមាណជាង៣ហិកតា និងលក់ក្នុងតម្លៃចន្លោះពី៣៥,០០០ ទៅ៦០,០០០ដុល្លារ អាមេរិកអាស្រ័យលើទីតាំង និងទំហំផ្ទះ។
-->

លោកបន្តថា “ខ្ញុំគិតថាគម្រោងនេះនឹងទទួលបានជោគជ័យ ដោយសារហេតុផលខាងលើ ហើយខ្ញុំគិតថាគូស្វាមីវ័យក្មេង ដែលមានប្រាក់ខែបូកចូលគ្នាចន្លោះពី៥០០ទៅ៦០០ដុល្លារក៏អាចសន្សំទិញបាន។លោកបន្តថា“យើងនឹងជួយពួកគេអាចទទួលបានឥណទានពីធនាគារ ដើម្បីសម្រេចបានលំនៅដ្ឋានក្នុងក្តីសុបិនរបស់ពួកគេ។
បុរី RAVANA ស្ថិតនៅចុងផ្លូវ៦០ម៉ែត្រ ស្របតាមបណ្តោយផ្លូវជាតិលេខ២ (អតីតដីរបស់ស្ថានីយ៍ទូរទស្សន៍ CTN) ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក មាស ង៉ែតវាសនា បានបន្តថា លោកគិតថាការវិនិយោគលំនៅដ្ឋានដែលមានតម្លៃសមរម្យបែបនេះ ជាការវិនិយោគស្របតាមស្ថានភាពសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ដោយសារប្រទេសយើងមានសុខសន្តិភាព សេដ្ឋកិច្ចកើនរាល់ឆ្នាំ ហើយប្រជាជនមានជីវភាពមធ្យមក៏កំពុងមានកំនើនខ្ពស់ផងដែរ។

អគ្គនាយកក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុខនីម បានថ្លែងថា ការទិញលក់លំនៅដ្ឋាន នៅតែមានភាពល្អប្រសើរសម្រាប់ឆ្នាំនេះ ដោយសារកំនើនប្រជាសាស្ត្រ កំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងលក្ខខ័ណ្ឌទទួលបានឥណទានពីធនាគារនានាកាន់តែមានភាពងាយស្រួល។លោកបន្តថា អ្វីដែលលោកមើលឃើញការទិញលំនៅដ្ឋានទី២ នៅតាមបុរីនានាបានកើនឡើង ប៉ុន្តែប្រសិនជាមើលនិន្នាការទីផ្សារ លោកបានមើលឃើញថា អ្នកវិនិយោគបានចាប់ ផ្តើមចាប់យកទីផ្សារប្រជាជនមានចំណូលទាប និងចំណូលមមធ្យម ព្រោះប្រជាជនក្នុងក្រុមនេះមានចំនួនច្រើន និងកំពុងកើនឡើង។

អ្នកនាង អាន សុធីតា នាយិកាក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានថ្លែងថា ទីផ្សារអចលនទ្រព្យ ពិសេសលំនៅដ្ឋានសម្រាប់ប្រជាពលរដ្ឋមានប្រាក់ចំណូលទាប និងប្រាក់ចំណួលមធ្យមកំពុងមានតម្រូវការខ្ពស់ ដោយសារប្រជាជនស្ថិតក្នុងក្រុមនេះមានចំនួនច្រើន ហើយជាមូលដ្ឋានទីផ្សារពិតប្រាកដ ដែលអ្នកវិនិយោគនានាគួរសម្លឹងឳកាស ដើម្បីចាប់យកទីផ្សារនេះ។
អ្នកនាងបន្តថា “ពេលជួបពិភាក្សាប្រឹក្សាយោបល់នានា ខ្ញុំតែងតែប្រាប់ពួកគេគួរផ្តោតការវិនិយោគលើលំនៅដ្ឋានដែលមានជីវភាពមធ្យម ព្រោះនេះជាទីផ្សារធំ និងជាមូលដ្ឋាននៃភាពជោគជ័យរបស់ពួកគេ”៕