កម្ពុជាឈានទៅរកឯករាជ្យភាពអគ្គសនីដោយខ្លួនឯង

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ជាមួយកំនើននៃការវិនិយោគវិស័យថាមពើអគ្គិសនី ប្រទេសកម្ពុជាកាន់តែមានឯករាជ្យភាព លើការផ្គត់ផ្គង់ថាមពលអគ្គិសនីដោយខ្លួនឯង១០០ភាគរយនាពេលខាងមុខនេះ។

ប្រធាអាជ្ញាធរអគ្គីសនីកម្ពុជា លោកទី នរិន្ទ បានលើកឡើងក្នុងសន្និបាត បូកសរុបការងារបញ្ចប់ឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០១៨ របស់អាជ្ញាធរអគ្គីសនីកម្ពុជាកាលពីថ្ងៃម្សិលម៉ិញថា ក្នុងរយៈពេលមួយឆ្នាំ រឺ២ឆ្នាំទៀត ពេលដែលកម្ពុជាមានលទ្ធភាពផ្គត់ផ្គង់ ថាមពលដោយខ្លួនឯងបាន១០០ភាគរយ កម្ពុជានឹងផ្លាស់ប្ដូរពីការពឹងផ្អែកថាមពលអគ្គីសនីពីប្រទេសជិតខាង មកជាការធ្វើពាណិជ្ជកម្មវិញ។ ឯកឧត្តមបន្ថែមថា ការកែប្រែពីការពឹងផ្អែកទៅជាការធ្វើពាណិជ្ជកម្មថាមពលអគ្គីសនីជាមួយប្រទេសជិតខាង មានន័យថាប្រទេសកម្ពុជាមានជម្រើសទិញ រឺមិនទិញថាមពលអគ្គីសនី បើសិនជាវាមានតម្លៃថ្លៃ រឺថោក។

លោកបន្តថា ក្នុងឆ្នាំ២០១៧កម្លាំងថាមពលអគ្គីសនី ដែលផលិតក្នុងស្រុកបានកើនឡើងដល់៨១,៤ភាគរយ ធៀបនឹង៧៧,៩ភាគរយកាលពីឆ្នាំ២០១៦ ហើយកម្លាំងថាមពលអគ្គីសនី ដែលទិញពីប្រទេសជិតខាងវិញមានការធ្លាក់ចុះពី២២ភាគរយនៅឆ្នាំ២០១៦ មកត្រឹមតែ១៨,៦ភាគរយនៅឆ្នាំ២០១៧។

លោកស៊ុយ សែមរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានលើកឡើងថា កម្ពុជាមានការរីកចំរើនថាមពលអគ្គីសនីយ៉ាងឆាប់រហ័ស ជាពិសេសកម្ពុជាបានដើរលឿនជាងការសិក្សារបស់ធនាគារពិភពលោក។ ក្រុមអ្នកសិក្សាក្នុងក្របខណ្ឌគម្រោងធនាគារពិភពលោក កាលពីឆ្នាំ ២០០៦បានសិក្សាថា នៅឆ្នាំ ២០២០ ភូមិទាំងអស់នៅកម្ពុជា នឹងមានអគ្គីសនីប្រើប្រាស់ពីប្រភពអគ្គីសនីផ្សេងៗ និងដល់ឆ្នាំ២០៣០ យ៉ាងហោចណាស់៧០ភាគរយ នៃលំនៅដ្ឋានទាំងអស់នៅកម្ពុជា នឹងមានអគ្គីសនីមានគុណភាពដូចអគ្គីសនីពីបណ្ដា​ញជាតិ ប៉ុន្តែកម្ពុជាបានវិវត្តិមុនការទស្សទាយ ដោយត្រឹមចុងឆ្នាំ២០១៧ ការផ្គត់ផ្គង់ថាមពលអគ្គីសនី បានគ្របដណ្ដប់លើភូមិចំនួន៨១,៦ភាគរយនៃភូមិទាំងអស់ និងបានផ្គត់ផ្គង់ដល់លំនៅដ្ឋានចំនួន៦៨,៦៤ភាគរយនៃលំនៅដ្ឋានទាំងអស់នៅកម្ពុជា។

លោកបន្តថា “យ៉ាងហោចណាស់៩៨ភាគរយ នៃភូមិទាំងអស់នៅកម្ពុជានឹងមានអគ្គីសនីប្រើប្រាស់នៅចុងឆ្នាំ២០២០ ចេញពីប្រភពអគ្គីសនីរបស់បណ្ដា​ញជាតិ ដែលមានតម្លៃទាបសមរម្យ មានការអនុគ្រោះថ្លៃ មានស្ថិរភាព និងមានគុណភាព”។លោកបន្តថា “នៅឆ្នាំ២០២០ខាងមុខ យ៉ាងហោចណាស់ក៏មានលំនៅដ្ឋានជាង៨៥ភាគរយ អាចទទួលបានការភ្ជាប់ចរន្តអគ្គីសនីដើម្បីប្រើប្រាស់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here