ដំណឹងល្អៈកម្ពុជាកំពុងមានដៃគូថ្មីសម្រាប់អភិវឌ្ឍន៍ប្រទេស

0

ដោយ : គង់ សូរិយា
ភ្នំពេញ : ប្រទេសកម្ពុជាកំពុងមានដៃគូអភិវឌ្ឍន៍ថ្មីមួយ ដែលមានបំណងជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខ្លួន ដើម្បីជំរុញឲ្យប្រទេសនេះកាន់តែ​ឈានទៅមុខមួយកម្រិតទៀត។
លោក យូសូហ្វ អ៊ីប្រាហ៊ីម អាល់ប៉ាស្សាម នាយកប្រតិបត្តិមូលនិធិអារ៉ាប៊ីសាអូឌីតសម្រាប់ការអភិវឌ្ឍ បានលើកនៅក្នុងជំនួបពិភាគ្សាការងារជាមួយលោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅទីស្តីការក្រសួងកាលពីម្សិលម៉ិញនេះថា មូលនិធិអារ៉ាប៊ីសាអូឌីតសម្រាប់ការអភិវឌ្ឍ មានគោលដៅក្នុងការផ្តល់ហិរញ្ញប្បទាន ឥណទានសម្បទាន លើគម្រោងវិនិយោគសាធារណៈក្នុងប្រទេសដៃគូនានា ជាពិសេស គម្រោងវិនិយោគលើវិស័យសំខាន់ៗដូចជា វិស័យអប់រំ និងវិស័យសុខាភិបាលជាដើម។
លោកបន្តថា “បច្ចុប្បន្នមូលនិធិអារ៉ាប៊ីសាអូឌីត សម្រាប់ការអភិវឌ្ឍបានផ្តល់ហិរញ្ញប្បទានដល់ប្រទេសចំនួន៨២ នៅលើពិភ​ពលោករួចហើយ ក្នុងនោះឯកឧត្តមសង្ឃឹមថា សម្រាប់ប្រទេសកម្ពុជានឹងអាចក្លាយជាប្រទេសទី៨៣ ដែលនឹងមានកិច្ចសហប្រតិបត្តិ ការអភិវឌ្ឍន៍ជាមួយមូលនិធិអារ៉ាប៊ីសាអូឌីត សម្រាប់ការអភិវឌ្ឍ នាពេលអនាគតជាមិនខាន”។
ទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងជាមួយសមភាគីលោកថា រាជរដ្ឋាភិបាលកម្ពុជាសូមស្វាគមន៍ និងត្រៀ​មខ្លួនជានិច្ច សម្រាប់ការធ្ចើកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ជាមួយមូលនិធិអារ៉ាប៊ីសាអូឌីតសម្រាប់ការអភិវឌ្ឍ។ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រ​ក​បដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហា-សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានយកចិត្តទុកដាក់ និងបានវិនិយោគលើវិស័យសំខាន់ៗដូចជា៖ វិស័យហេដ្ឋារចនាសម្ព័ន្ធជារូបវន្តមាន (ផ្លូវ ទឹក ភ្លើង) និងការកសាងធនធានមនុ​ស្ស ជាពិសេស គឺការបណ្តុះបណ្តាលវិជ្ជាជីវៈជាដើម។
លោកបន្តថា “រាជរដ្ឋាភិបាលកម្ពុជាក៏បានខិតខំផងដែរ ក្នុងការធ្វើឲ្យប្រសើ​រឡើងនូវសេវាសាធារណៈ លើវិស័យសុខាភិបាល និងវិស័យអប់រំ ក្រោមកិច្ចសហប្រតិបត្តិការអភិវឌ្ឍពីដៃគូអភិវ​ឌ្ឍន៍នានា”។
ភាគីទាំងពីរកម្ពុជា-មូលនិធិអារ៉ាប៊ីសាអូឌីតសម្រាប់ការអភិវឌ្ឍ នឹងធ្វើការសិក្សារួមគ្នាជាបន្តទៀត ដើម្បីរកចំណុចរួមមួយ ដែលអាចសហការគ្នាបាន ទាំងលើល័ក្ខខ័ណ្ឌឥណទាន បញ្ជីរ និងគម្រោងអាទិភាពនានា ដែលនឹងរៀបចំឡើងក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here