តើស្ថានភាពទីផ្សារខុនដូវិវត្តន៍ដូចម្តេចនៅប្រទេសកម្ពុជា?
ដោយៈ រ៉ាណេត
ភ្នំពេញៈ សម្រាប់ទីផ្សារខុនដូរនៅកម្ពុជានាពេលបច្ចុប្បន្ននេះ កំពុងតែបង្ហាញពីសក្ដានុពល និងមានតម្រូវការខ្ពស់ពីសំណាក់ជនជាតិខ្មែរ ផ្ទុយស្រឡះកាលពីឆ្នាំកន្លងទៅដែលមានភាពស្ងប់ស្ងាត់ ហើយអតិថិជនភាគច្រើនជាជនជាតិបរទេស។ នេះបើតាមការអះអាងរបស់អ្នកជំនាញនៅក្នុងវិស័យមួយនេះ។
ស្របទៅនឹងកំណើននៃការអភិវឌ្ឍវិស័យអចលនទ្រព្យ ជាពិសេសំណង់អគារពាណិជ្ជកម្មធំៗ ដែលមានតម្លៃរាប់រយលានដុល្លារនាពេលបច្ចុប្បន្ននេះ ងាកទៅចាប់អារម្មណ៍ទីផ្សារខុនដូនៅកម្ពុជា ហាក់មានភាពពុះកញ្ជ្រោលយ៉ាងខ្លាំង ខណៈដែលអតិថិជនភាគច្រើនជាជនជាតិខ្មែរ ដែលកំពុងចាប់អារម្មណ៍ទៅនឹងខុនដូ ដែលមានតម្លៃមធ្យម។
-->
នាយិកាប្រចាំប្រទេសក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រីអាន សុធីតា បានមានប្រសាសន៍តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះថា ទាំងអ្នកអភិវឌ្ឍន៍ ការវិនិយោគបន្ថែម ឬការទិញលក់នៅក្នុងវិស័យមួយនេះនៅតែមានសកម្មភាពប្រទាប់ត្រសងគ្នា គិតត្រឹមត្រីមាសទី៣ឆ្នាំនេះ ជាពិសេសការទិញ-លក់ ប្រភេទខុនដូតម្លៃមធ្យម។ ដោយឡែកសម្រាប់ត្រីមាសទី៤ ដែលមានរយៈពេល៣ខែចុងក្រោយនេះ ហាក់មានភាពស្ងប់ស្ងាត់បន្តិច។
លោកស្រីបន្តទៀតថា“អ្វីដែលយើងមើលឃើញ នៅក្នុងរយៈពេល៣ខែចុងក្រោយនេះ ហាក់មានភាពស្ងប់ស្ងាត់បន្តិច បើធ្វើការប្រៀបធៀបទៅនឹងត្រីទី២ និងត្រីមាសទី៣”។ លោកស្រីបានបញ្ជាក់ថា ការធ្លាក់ចុះ ឬភាពស្ងប់ស្ងាត់ទាំងនេះ ហាក់មិនមានអ្វីចម្លែកខ្លាំងនោះទេ ដោយសារតែជាទូទៅនៅរៀងរាល់ចុងឆ្នាំ វាគឺជាវេលាសម្រាក និងត្រៀមផែនការថ្មី ដើម្បីអនុវត្ត ឬវិនិយោគសម្រាប់ឆ្នាំក្រោយ។ ដូច្នេះយើងគិតថា បើទោះជាវាមានចំណុចអវិជ្ជមានតិចតួច ប៉ុន្តែវាមិនមែនបញ្ហាធំដុំ ដែលអាចជះឥទ្ធិពលអាក្រក់ដល់វិស័យនេះឡើយ”។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ TOWN CITY Real Estate Co,.Ltd លោក វ៉ន ចាន់ថន បានមានប្រសាសន៍ឲម្យដឹងផងដែរថា ផ្អែកតាមភាពជាក់ស្ដែង ទីផ្សារខុនដូនៅចុងឆ្នាំនេះ គឺមានភាពល្អប្រសើរជាឆ្នាំកន្លងទៅ ដែលមានសភាពស្ងប់ស្ងាត់។ ចាប់តាំងពីដើមឆ្នាំ២០១៩រហូតមកដល់ចុងឆ្នាំនេះ ការលក់ខុនដូគឺមានភាពល្អប្រសើរ និងកើនឡើងជាងឆ្នាំកន្លងទៅគួរឱ្យកត់សម្គាល់ ហើយភាគច្រើនខុនដូដែលមានតម្រូវការខ្ពស់ ជាប្រភេទខុនដូដែលមានតម្លៃមធ្យម ហើយអតិថិជនជាជនជាតិខ្មែរ ច្រើនជាងបរទេស។
លោកបន្តទៀតថា “តាមការកត់សម្គាល់របស់ខ្ញុំ ខុនដូដែលមានតម្រូវការ និងងាយស្រួលលក់ គឺមានទីតាំងនៅប៉ែកខាងត្បូងក្រុង ដោយសារតែតំបន់នេះតម្លៃដីនៅមានកម្រិត ហើយមានហេដ្ឋារចនាសម្ព័ន្ធល្អ ជាពិសេសមានមហាវិថី ៦០ម៉ែត្រ ៥០ម៉ែត្រ និង៣០ម៉ែត្រ ហើយនៅជិតក្រុង ដែលជាតំបន់ពួកគាត់បម្រើការងារ ក៏ដូចជាសាលារៀនរបស់កូនៗរបស់គាត់”។
ក្រៅពីការទិញសម្រាប់ស្នាក់នៅ ក៏មានអតិថិជនមួយចំនួនទិញទុក ដើម្បីវិនិយោគបន្ត ឬជួលយកចំណូលប្រចាំខែផងដែរ ហើយភាគច្រើនមានតម្រូវការទៅលើខុនដូដែលមានតម្លៃចាប់៧-១២ម៉ឺនដុល្លារក្នុងមួយយូនីត។ តម្រូវការនេះ នឹងនៅបន្តរហូតដល់ឆ្នាំ២០២០ខាងមុខនេះ។ ដោយឡែកសម្រាប់ខុនដូ ដែលមានតម្លៃថ្លៃចាប់ពី១២ម៉ឺនដុល្លារឡើងទៅ ភាគច្រើនមានតម្រូវការទៅលើអតិថិជនបរទេស ប៉ុន្តែខុនដូប្រភេទនេះមិនសូវមានតម្រូវការខ្ពស់នោះទេ។

គិតត្រឹមដើមឆមាសទី២ ឆ្នាំ២០១៩ គម្រោងខុនដូទាំងអស់មានចំនួន១៤៥ ក្នុងនោះគម្រោងចំនួន៧០ បានបញ្ចប់ការសាងសង់ជាស្ថាពរ ហើយ៧៥គម្រោងកំពុងតែបន្តដំណើរការសាសង់យ៉ាងសកម្មនាពេលបច្ចុប្បន្ននេះ។
នៅក្នុងចំណោមទាំង ៧៥គម្រោងមានខុនដូចំនួន៦២គម្រោង ជាគំរោងសាងសង់បន្តដែលនៅសល់តាំងពីឆ្នាំចាស់ ហើយគម្រោងខុនដូចចំនួន១៣ថ្មីបន្ថែមទៀត ទើបតែបានដំណើរការកាលពីពាក់កណ្តាលឆ្នាំ២០១៩៕
អានអត្ថបទ៖ រឿងសំខាន់ៗដែលត្រូវស្វែងយល់មុនសម្រេចចិត្តទិញខុនដូ