
ដោយ វុត្ថា
ខេត្តព្រះសីហនុ៖ ក្រុងស៊ិនយ៉ាងនៃប្រទេសចិនគ្រោងនាំសហគ្រាសចិន មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ដោយបង្កើតតំបន់សេដ្ឋកិច្ចពិសេស លើផ្ទៃដី ២៨០ហិកតា ក្នុងនោះមានរោងចក្រដូចជា ការតំឡើងម៉ាស៊ីនបរិក្ខាផ្សេងៗជួយជម្រុញគម្រោងអភិវឌ្ឍនៅខេត្តព្រះសីហនុ កាន់តែលឿនរវាងក្រុង ខេត្តបងប្អូននាពេលខាងមុខ ។
លោក HAN DONGTAI ប្រធានគណ:កម្មការប្រឹក្សានយោបាយក្រុងស៊ិនយ៉ាង សាធារណរដ្ឋប្រជាមានិតចិន នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ កាលពីថ្ងៃទី ៥ ខែធ្នូ ម្សិលមិញនេះថាក្រុងស៊ិនយ៉ាង ជាទីក្រុងបច្ចេកវិទ្យា ផលិតយន្តហោះចម្បាំង និងជាទីក្រុងបុរាណនៃប្រទេសចិន បច្ចុប្បន្នទទួលបានការវិនិយោគមានសន្ទុះរីកចម្រើន ។
លោកបានថបានថ្លែងអំណរគុណលោកអភិបាលរងខេត្តព្រះសីហនុ អនុញ្ញាតិឱ្យគណ:ប្រតិភូចូលជួបពិភាក្សាការងារ និងបានឈ្វេងយល់ពីសក្តានុពល នៃការវិនិយោគនៅខេត្តព្រះសីហនុ ខណៈខេត្តជាប់មាត់សមុទ្រមួយនេះ មានសន្ទុះរីកចំរើនយ៉ាងខ្លាំងលើវិស័យអទិភាពផ្សេងៗ។
លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា នាពេលបច្ចុប្បន្ន មានអ្នកវិនិយោគ និងទេសចរចិន មកខេត្តព្រះសីហនុ លំដាប់លេខ១ ខេត្តព្រះសីហនុ មានវិស័យជាច្រើនក្នុងការទាក់ទាញវិនិយោគដូចជា កំពង់ផែអន្តរជាតិទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ កំពុងត្រូវបានពង្រីក ឆ្លើយតបទៅនឹងតម្រូវការរីកចម្រើនសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ។
លោកបន្តថា ខេត្តមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៩ ក្នុងនោះ ៥កំពុងដំណើរការ និងចំនួន ៤ទៀត ត្រៀមបើកឱ្យដំណើរការនាពេលខាងមុខ មានរោងចក្រ ២១១ និងសិប្បកម្មជាង ១.០០០កន្លែង ស្រូបយកកម្លាំងពល កម្មជាង ៩ម៉ឺននាក់ ក្នុងនោះជនបរទេសជិត ៣ម៉ឺននាក់ ។ វិស័យទេសចរទទួលបានភ្ញៀវ ២លាននាក់ ។
លោកបន្ថែមថា ខេត្តមានកាស៊ីណូ ៧១កន្លែង ដោយឡែកវិស័យសំណង់ មានការរីកលូតលាស់យ៉ាងឆាប់រហ័ស ចាប់ពីឆ្នាំ២០១៧ដល់ឆ្នាំ២០១៩នេះ មាន ៨១៦គម្រោង ទន្ទឹមនឹងការអភិវឌ្ឍរីកចម្រើន ក៍ជួបនូវបញ្ហាប្រឈមមួយចំនួនដូចជា ហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ លូ អូរ ប្រឡាយ ទឹកស្អាត អគ្គិសនី កាកសំណល់ បរិស្ថាន និងចរាចរណ៍ជាដើម ។
លោកអភិបាលរងខេត្តបានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត សូមគាំទ្រគោលនយោបាយផ្លូវ១ ខ្សែក្រវ៉ាត់១ និងផ្លូវសូត្រសមុទ្រ របស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព ការទូតរវាងកម្ពុជា និងរដ្ឋាភិបាលចិន ពិសេសខេត្តព្រះសីហនុ ។
លោកសង្ឃឹមថា គណ:ប្រតិភូ នឹងទទួលបាននូវពត៌មានថ្មី នៃការវិវឌ្ឍរបស់ខេត្ត និងនាំយកចំណុចល្អៗទៅបន្តផ្សព្វផ្សាយដល់ប្រជាជនពលរដ្ឋចិន ក៍ដូចជាអ្នកវិនិយោគចិន មកកាន់នៅខេត្តព្រះសីហនុបន្តទៀត៕