ដោយ ៖ រ៉ាណេត
ព្រះសីហនុ ៖ ផ្សារទំនើបដ៏ទាន់សម័យ និងស៊ីវិល័យលើកដំបូងគេបង្អស់ប្រចាំនៅក្នុងក្រុងព្រះសីហនុ FURI Times Square ទទួលបានការគាំទ្រពីសំណាក់អតិថិជនជាតិ និងអន្តរជាតិ យ៉ាងច្រើនលើសលប់ក្នុងថ្ងៃបើកសម្ពោធលក់សាកល្បងកាលពីរសៀលថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០១៩ ក្រោមវត្តមានរបស់មន្ត្រីថ្នាក់ដឹកនាំខេត្ត និងនាយកក្រុមហ៊ុនដៃគូសហការជាច្រើននាក់ទៀត។
ជាមួយនឹងការបង្ហាញខ្លួនលើកដំបូង និងជាប្រវត្តិសាស្ត្រប្រចាំនៅក្នុងក្រុងព្រះសីហនុ ផ្សារទំនើបដ៏ធំ លើកដំបូងគេបង្អស់ប្រចាំនៅក្នុងតំបន់ប៉ូលសេដ្ឋកិច្ចទី២ប្រចាំប្រទេសកម្ពុជា FURI TIMES SQUARE បានធ្វើឱ្យមហាជន ក៏ដូចជាអតិថិជនជាតិ និងអន្តរជាតិ មានភាពភ្ញាក់ផ្អើល និងរំភើបយ៉ាងខ្លាំង ជាមួយនឹងទិដ្ឋភាពដ៏ អស្ចារ្យនៃការរចនាម៉ូដផ្សារទំនើបទាំងមូល រាប់ទាំងផ្នែកខាងក្នុង និងខាងក្រៅ ជាពិសេស ការប្រគំតន្ត្រីសម័យយ៉ាងកក្រើកក្រោមវត្តមានរបស់អ្នកនាង មាស សុខសោភា និងក្រុមតារាចម្រៀង និងតន្ត្រី និងចម្រៀង Original Song Mustache Band ។
មានប្រសាសន៍នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាយិកាគ្រប់គ្រងផ្នែកលក់នៅផ្សារទំនើប FURI Times Square កញ្ញា លីម សុខដាវិន បានប្រាប់ឱ្យដឹងថា កម្មវិធីថ្ងៃនេះគឺគ្រាន់តែជាការបើកសម្ពោធលក់សាកល្បងតែប៉ុណ្ណោះ ហើយកាលបរិច្ឆេទបើកសម្ពោធជាផ្លូវការនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ។
កញ្ញា ដាវីន បានបន្តឱ្យដឹងថែមទៀតថា “ឈ្មោះផ្សារទំនើបមួយនេះ ត្រូវបានបង្កើតឡើងដោយកូនខ្មែរ ដែលជាម្ចាស់ក្រុមហ៊ុនក្នុងស្រុក វិនិយោគរួមគ្នាជាមួយក្រុមហ៊ុនចិន និងហុង ដោយការរចនាម៉ូដ និងការគូរប្លង់ដោយក្រុមហ៊ុនសិង្ហបុរី ជាមួយនឹងទំហំវិនិយោគប្រមាណ ១០លានដុល្លារ មានកម្ពស់ ៥ជាន់ ដែលមានទីធ្លាសម្រាប់ជួល និងលក់រាយចំនួន១៥០០០ម៉ែត្រការ៉េ ”។
ជាមួយនឹងកិច្ចដំណើរការសាកល្បងនេះ ផ្សារទំនើប FURI Times Square បាននាំមកជូនអតិថិជននូវបណ្តាផលិតផល មុខទំនិញចំរុះ យ៉ាងសម្បូរបែប ដែលសុទ្ធតែជាម៉ាកយីហោល្បីៗលំដាប់សាកលលោក ដូចជា ក្រុមហ៊ុន KFC , ក្រុមហ៊ុន Starbucks , ក្រុមហ៊ុន Amazone Café ,ក្រុមហ៊ុន KOI , ក្រុមហ៊ុន Dakasi Tea , ហាងអាហារមកពីប្រទេសសាំងហ្គាពួរ ក្រុមហ៊ុនលក់សម្លៀកបំពាក់ LEVI’s , ក្រុមហ៊ុន NIKE ក្រុមហ៊ុន Samsonite , ក្រុមហ៊ុននាឡិកាដ៏ល្បីឈ្មោះ G-Shock ក្រុមហ៊ុនលក់រថយន្ត HGB Group រួមជាមួយក្រុមហ៊ុនល្បីៗជាច្រើនទៀត ដោយរាប់បញ្ចូលទាំងគ្រឿងសំអាងផងដែរ ។
ផ្សារទំនើបនេះ នឹងចាប់បើកទ្វារបម្រើអតិថិជនចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង១១យប់ ដែលក្រៅពីមានលក់នូវមុខទំនិញ និងអាហារយ៉ាងសម្បូរបែប ក៏ មានទីកន្លែងកម្សាន្តសម្រាប់កុមារ និងយុវវ័យផងដែរ ជាពិសេស មានរោងកុនបែបទំនើបនៅជាន់ខាងលើរួមជាមួយនឹង Sky Bar ដែលរៀបចំនៅជាន់ ខាងលើលំហរអាកាសនៅពេលរាត្រីផងដែរ។
កញ្ញា លីម សុខដាវីន បានបញ្ជាក់ថា “បច្ចុប្បន្ននេះ ស្ថានភាពសេដ្ឋកិច្ចនៅក្រុងព្រះសីហនុមានភាពល្អប្រសើរ ដែលជំរុញឱ្យកម្រិតជីវភាពរបស់ប្រជាជនមានកំណើនខ្ពស់ ហើយការចំណាយប្រចាំថ្ងៃច្រើនដែរ ដូច្នេះ វត្តមានរបស់ផ្សារទំនើប FURI Times Square ពិតជាស័ក្ដិសមទៅនឹងតម្រូវការជាក់ស្ដែងរបស់ពួកគាត់ជាខ្លាំង”៕