ដោយ ប៊ី
ភ្នំពេញៈ ប្រតិបត្តិករតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ របស់ប្រទេសកម្ពុជាបានបើកសួនឧស្សាហកម្មថ្មីមួយ នៅជិតព្រំដែនថៃកាលពីថ្ងៃច័ន្ទ ដោយសង្ឃឹមថានឹងទាក់ទាញអ្នកផលិត ដែលស្វែងរកមណ្ឌលអាស៊ីអាគ្នេយ៍លើកទីពីរ ចំពេលប្រាក់ឈ្នួលកើនឡើងនៅថៃ។
តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត មានផ្ទៃដីប្រមាណ ៧០ហិកតា ស្ថិតនៅចម្ងាយប្រមាណ៨គីឡូម៉ែត្រពីព្រំដែន ហើយមានចម្ងាយ៤ម៉ោងពីទីក្រុងបាងកក។ វាដើរតួជាបណ្តាញភ្ជាប់ដ៏សំខាន់ នៅក្នុងរបៀងសេដ្ឋកិច្ច ដែលលាតសន្ធឹងពីទីក្រុងបាងកក រហូតដល់ខាងត្បូងទៅទីក្រុងហូជីមិញ វៀតណាម។
ក្រុមហ៊ុន Sumitomo Corp របស់ប្រទេសជប៉ុនមានតួនាទីជាភ្នាក់ងារអចលនទ្រព្យសម្រាប់តំបន់សេដ្ឋកិច្ចពិសេសនេះ។ ក្រុមហ៊ុន Sumitronics Manufacturing ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ Sumitomo ដែលផលិតឧបករណ៍អគ្គិសនី តាមកិច្ចសន្យាបានបើករោងចក្រថ្មីនៅទីនោះរួចហើយ។
ថ្លៃពលកម្មនៅកម្ពុជាគឺប្រហែលពាក់កណ្តាល បើប្រៀបធៀបជាមួយនឹងថ្លៃពលកម្មនៅថៃ។ ក្រុមហ៊ុនដែលមានគុណវុឌ្ឍិ ក៏នឹងរីករាយនឹងការដកពន្ធ និងឯកសិទ្ធិផ្សេងទៀតនៅតំបន់សេដ្ឋកិច្ចប៉ោយប៉ែត។
លោក Hiroshi Uematsu នាយកប្រតិបត្តិនៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញបានមានប្រសាសន៍ថា “ខ្ញុំចង់បញ្ជាក់ពីតម្លៃផលិតកម្មថាវាមានតម្លៃទាបយ៉ាងណានៅទីនេះ។ ហ៊ុនក្រុមហ៊ុននេះគឺភាគច្រើនកាន់កាប់ដោយជនជាតិខ្មែរ ក្នុងនោះមានក្រុមហ៊ុនអចលនទ្រព្យជប៉ុន Zephyr កាន់កាប់ភាគហ៊ុន ១៥ ភាគរយ”។
ឧទ្យានឧស្សាហកម្មមួយផ្សេងទៀត នៅភាគខាងលិចនៃប្រទេសកម្ពុជាគឺ Techno Park Poi Pet ត្រូវបានបើកដោយក្រុមហ៊ុនពាណិជ្ជកម្មជប៉ុន Toyota Tsusho ក្នុងឆ្នាំ ២០១៦៕