កូរ៉េជាប់លំដាប់ថ្នាក់លេខ៥ ដែលបានវិនិយោគនៅប្រទេសកម្ពុជាក្នុងរយៈពេល៥ឆ្នាំចុងក្រោយ

0
រូបតំណាង

ដោយ ដួង ចន្រ្ទា

ភ្នំពេញ៖ អ្នកវិនិយោគកូរ៉េបានឈរចំណាត់ថ្នាក់ទី៥ នៅកម្ពុជាក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ជាប្រទេសមួយដែលបានវិនិយោគច្រើន ក្នុងចំណោមអ្នកវិនិយោគបរទេសនៅកម្ពុជា។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍ​ន៍កម្ពុជា លោកសុខ ចិន្តាសោភា បានថ្លែងក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះកម្ពុជា-កូរ៉េ ជាមួយលោក Yun Kang-hyeon អនុរដ្ឋមន្រ្តីក្រសួងការបរទេសសាធារណរដ្ឋកូរ៉េនាព្រឹកថ្ងៃទី៩ កុម្ភៈនេះ។ ភាគីទាំងពីរបានបានពិភាគ្សាផ្តោតលើការត្រួតពិនិត្យរួមគ្នាលើវឌ្ឍនភាព នៃការអនុវត្តការងារ ដែលភាគីតទាំងពីរបានឯកភាពគ្នា ក្នុងកិច្ចប្រជុំលើកទីមួយកន្លងមកនេះ និងបានពិភាក្សាបន្ថែមលើ ប្រធានបទសំខាន់ៗ រួមមាន ទំនាក់ទំនងទ្វេភាគីកម្ពុជា-កូរ៉េ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-កូរ៉េ ក្នុងក្របខណ្ឌនៃគោលនយោបាយភាគខាងត្បូងថ្មី ក្នុងគោ​ល​បំណងលើកកម្ពស់ ទំនាក់ទំនងរវាងអាស៊ាន និងកូរ៉េឲ្យកាន់តែមានភាពជិត ស្និទ្ធបន្ថែមទៀត។

កិច្ចប្រជុំនេះ ក៏បានពិភាក្សាទាក់ទងពាណិជ្ជកម្ម និងវិនិយោគ កិច្ចសហប្រតិបត្តិការការអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ និងពហុភាគីក្នុងក្របខណ្ឌអាស៊ាន-កូរ៉េ អាស៊ានបូក៣។ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ កិច្ចសហប្រតិបត្តិការស្តីពី E-government និងកិច្ចព្រមព្រៀ​ងស្តីពីជៀសវាងការយកពន្ធត្រួតស៊ីគ្នាផងដែរ។

រហូតមកទល់ពេលនេះកូរ៉េ បានវិនិយោគប្រមាណ២០៨គម្រោង ដោយមានទុនវិនិយោគសរុប៤៧០០លានដុល្លារអាមេរិក ជាចំនួនកើនឡើងជាលំដាប់ ជាពិសេសនៅក្នុងឆ្នាំ២០១៧ កន្លងមកនេះ អ្នកវិនិយោគទុនកូរ៉េបានបោះទុនវិនិយោគនៅកម្ពុជា មានចំនួនរហូតដល់២០២លានដុល្លារអាមេរិក។

លោកសុខ ចិន្តាសោភា បានថ្លែងអំណរគុណដល់សាធារណៈកូរ៉េ ដែលជានិច្ចកាលបានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ និងជំនួយបច្ចេកទេសផ្សេងៗដល់កម្ពុជា ជាពិសេសដល់អ្នកវិនិយោគទុនកូរ៉េ ដែលបានវិនិយោគនៅកម្ពុជា ដែ​លជាការផ្តល់ទំនុកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា និងសូមគាំទ្រចំពោះការដាក់ចេញគោលនយោបាយភាគខាងត្បូងថ្មី របស់សាធារណៈរដ្ឋកូរ៉េ។

លោកបន្តថា “គោលនយោបាយថ្មីមួយនេះ នឹងក្លាយជាចលករយ៉ាងសំ​ខាន់ ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងទ្វេភាគី ជាពិសេសការជម្រុញទាក់ទាញអ្នកវិនិយោគកូរ៉េ ឲ្យបណ្តាកទុករកស៊ីកាន់តែច្រើនថែមទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here