ដោយគង់ សូរិយា
ភ្នំពេញ ទីបំផុតគម្រោង BOOYOUNG TOWN ដែលស្ថិតនៅតាមមហាវិថីសហព័ន្ឋរុស្ស៊ី បានដំណើរការទៅមុខ ដោយបច្ចុប្បន្នក្រុមហ៊ុនវិនិយោគកូរ៉េដ៏ធំនេះបានសម្រេចបោះទុនវិនិយោគជាង១៦០លានដុល្លារ ដើម្បីសាងសង់អាគារលំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងដំណាក់កាលទី១របស់ខ្លួន។
ប្រធានប្រចាំប្រទេសកម្ពុជា នៃក្រុមហ៊ុន BOOYOUNG TOWNបានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនបានបញ្ចប់ការជីកដី និងគ្រឹះនៃអាគារចំនួន៤ក្នុងគំរោងនេះតាំងពីខែធ្នូឆ្នាំមុន ហើយបាន និងកំពុងសាងសង់អាគារខុនដូ និងផ្សារទំនើបកំពស់២៣ជាន់ចំនួន៤អាគារ ដែលមានផ្ទះសរុបចំនួន១៤៧៤យូនីតយ៉ាងសកម្មនាពេលនេះ។ គំរោងដំណាក់កាលទី១នេះ គ្រោងចំណាយទឹកប្រាក់១៦០លានដុល្លារអាមេរិក។ លោកបន្តថា ផ្សារទំនើបក្នុងគំរោងនេះមានចំនួន៣ជាន់ និងទំហំ៤៧,០០០ម៉ែត្រការ៉េ។ ផ្សារទំនើបដ៏ធំនេះ ផ្តោតលើសេវាកម្មចម្រុះទាំងហាងលក់ទំនិញ មជ្ឈមណ្ឌលវប្បធ៌ម ការកំសាន្ត មន្ទីរពេទ្យ សាលារៀន និងហាងថែរក្សាសម្ឆស្សជាដើម។