ដោយដែន ៖ ចែងចាំង
ភ្នំពេញ ៖ ថ្នាក់ដឹកនាំនៃក្រុមហ៊ុន World Bridge Land Home បានថ្លែងថា ទីតាំងសាងសង់លំនៅដ្ឋានតម្លៃសមរម្យ ទោះបីបច្ចុប្បន្នមានទីតាំងស្ថិតនៅក្បែរព្រលានយន្តហោះអន្តរជាតិភ្នំពេញក្តី ក៏គំរោងនេះមិនឡើងថ្លៃតាមតម្លៃដីធ្លីនៅក្នុងតំបន់នេះឡើយ។
លោកយក់ សុធីរិទ្ធ នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុនវើលដ៏ប៊្រីដហូមបានថ្លែងឲ្យដឹងក្នុងសន្និសីទសារព៌តមានកាលពីម្សិលម៉ិញនេះថា ទោះតំបន់ត្រូវសាងសង់លំនៅឋាននោះ មានការអភិវឌ្ឍខ្លាំងយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុនមិនឆ្លៀតឱកាសកេងចំណេញ ពីបងប្អូនប្រជាពលរដ្ឋឡើយ ពោលគឺនៅតែឈរលើគោលការណ៍ក្រុមហ៊ុន ដែលបានប្រកាសលក់តម្លៃផ្ទះចាប់ពី២៥.០០០ដុល្លារអាមេរិកឡើង ដោយគ្មានអ្វីប្រែប្រួលនោះទេ។
លំនៅឋានតម្លៃសមរម្យរបស់ក្រុមហ៊ុន វើលប្រិដ៍ ឡេន ហូមមានទីតាំងស្ថិតនៅ ភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ដកណ្ដាល។ ចំនួនផ្ទះដែលត្រូវធ្វើការសាងសង់ មានចំនួនសរុបជាង២៤០០ល្វែង ចែកជាពីរប្រភេទ គឺផ្ទះប្រភេទទី១ មានទំហំដី ៤ម៉ែត្រគុណ១០.៥ម៉ែត្រ កម្ពស់២ជាន់ មានបន្ទប់គេង២។ និងផ្ទះប្រភេទទី២ មានទំហំដី៦ម៉ែត្រ គុណ១០.៥ម៉ែត្រ កម្ពស់២ជាន់ មានបន្ទប់គេង៣។
លោកឧកញ៉ា នូន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA ដែលទទួលសិទ្ឋលក់ផ្តាច់មុខនៃគំរោងនេះបានថ្លែងថា ផ្អែកតាមសំណូមពរជាច្រើនរបស់អតិថិជន ដែលបានមកចុះឈ្មោះទិញលំនៅដ្ឋានពីក្រុមហ៊ុន និងបានទន្ទឹងរង់ចាំទទួលប្រាក់កក់ ក៏ដូចជាប្រាប់ពីគោលការណ៍ផ្សេងៗនោះ ភាពយឺតយ៉ាវនេះ ដោយសារក្រុមហ៊ុនរង់ចាំការដ្ឋានចាក់បំពេញដី ឲ្យបានតាមគម្រោងផែនការ និងពិនិត្យគូសវាសទៅលើការដ្ឋាន ឲ្យបានគ្រប់ជ្រុងជ្រោយ មុនពេលដំណើរការកសាងហេដ្ឋរចនាសម្ព័ន្ធ។
សម្រាប់ទីតាំងការិយាលក់លំនៅដ្ឋាននេះ ស្ថិតនៅសង្កាត់ ចាក់ចង្រេក្រោម ខ័ណ្ឌជ័យ ទល់មុខសាលាសង្កាត់ ចាក់អង្រែក្រោម រាជធានីភ្នំពេញ។
លោកឧកញ៉ានួន រិទ្ឋីបានបន្តថា គំរោងលំនៅដ្ឋានតម្លៃសមរម្យ រហូតមកទល់ពេលនេះអស់អស់ជិត២០ភាគរយហើយ ក្នុងចំណោមលំនៅដ្ឋានសរុបចំនួនជាង២៤០០ល្វែង។ ទីតាំងគំរោងនេះ កំពុងមានភាពរីកចម្រើនដោយសារមានគំរោងព្រលានយន្តហោះ មជ្ឈមណ្ឌលពាណិជ្ជកម្ម សាលារៀន ហើយលើសពីនេះក្រុមហ៊ុនក៏បានសាងសង់ផ្សារនៅក្នុងគំរោងនេះ សម្រាប់ផ្តល់ភាពងាយស្រួលដល់អតិថិជនរស់នៅក្នុងគម្រោងនេះផងដែរ៕