ដោយ ៖ គង់ សូរិយា
ភ្នំពេញ ៖ ក្រុមហ៊ុនអចលនទ្រព្យយក្ស មានមូលដ្ឋាននៅប្រទេសចិន Prince Real Estate Group បាន និងកំពុងត្រៀមវិនិយោគគំរោងដ៏ធំមួយទៀតនៅកណ្តាលរាជធានីភ្នំពេញ។
យោងតាមព័ត៌មានដែលក្រុមហ៊ុននេះបង្ហាញនៅលើគេហទំព័ររបស់ខ្លួនបានឲ្យដឹងនាព្រឹកថ្ងៃទី ២៣ ខែកុម្ភៈនេះថា ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប គ្រោងនឹងបណ្តាក់ទុនសាងសង់គម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ដែលមានផ្ទៃក្រទ្បាសំណង់ សរុបជាង ២០ម៉ឺន ម៉ែត្រការ៉េ ស្ថិតលើផ្ទៃដី ២,៨ហិកតា តាមបណ្តោយមហាសហព័ន្ធរុស្សី ដែលជាគម្រោងអគារពហុមុខងារបណ្តុំនូវសេវាកម្មធុរកិច្ច អគារស្នាក់នៅ ការទិញទំនិញ និងលំហែកាយ ដែលជាមជ្ឈមណ្ឌលទីក្រុងអន្តរជាតិច្រកចេញចូលតែមួយ។
ជាមួយគ្នានេះ កាលពីថ្ងៃទី ១២ ខែកុម្ភៈកន្លងមក ក្រុមហ៊ុននេះក៏បានប្រកាសសាងសង់គំរោងព្រីនស៍ ខូលីណាន បេ មានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងព្រះសីហនុ ដែលមានផ្ទៃសំណង់សរុបជាង ១៦ម៉ឺនម៉ែត្រការ៉េ គឺជាគម្រោងអគារពហុមុខងារខ្នាតធំ តាមបណ្តោយឆ្នេរសមុទ្រ ដែលបណ្តុំទៅដោយសណ្ឋាគារលំដាប់ផ្កាយ៥ អគារស្នាក់នៅរួម អគារពាណិជ្ជកម្ម ផ្សារទំនើប អាហារដ្ឋាន និងកន្លែងសម្រាកលំហែកាយ។-ល។
លោកឧកញ៉ា ចេន ហ្សី នាយកប្រតិបត្តិក្រុមហ៊ុន Prince Real Estate Group ប្រចាំកម្ពុជាបានថ្លែងថា “កម្ពុជា និងចិនក្នុងនាមជាមិត្តល្អ និងជាដៃគូដ៏ល្អក្នុងរយៈពេលជាច្រើនឆ្នាំ កម្ពុជាបានទទួលនូវសមិទ្ធផលផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាច្រើនឆ្នាំមកហើយ”។
លោកបន្តថា “នៅឆ្នាំនេះស្របពេលនឹងខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងចិន គោលនយោបាយល្អជាច្រើន នឹងធ្វើទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែប្រសើរទ្បើងមួយកំរិតទៀត”៕
