ដោយគង់ សូរិយា
ភ្នំពេញៈ លោកស្រីចេវ សុឃុនប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាបានអះអាងថា សមាគមនឹងបន្តចែករំលែកចំណេះដឹង ដើម្បីពង្រឹងនិងពង្រីកវិស័យអចលនទ្រព្យកាន់តែល្អប្រសើរ។
លោកស្រីបានមានប្រសាសន៍ឲ្យដឹងក្នុងកិច្ចប្រជុំកាលពីពេលថ្មីៗនេះថា ដើម្បីពង្រឹងនិងពង្រីកវិស័យអចលវទ្រព្យឲ្យកាន់តែល្អប្រសើរ និងមានតម្លាភាពសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាដើរតួនាទីសំខាន់ ក្នុងការចែករំលែកបទពិសោធន៍ ក្នុងវិស័យអចលនទ្រព្យ លើកស្ទួយការងារវិជ្ជាជីវៈបណ្ដុះបណ្ដាល អ្នកអចលនទ្រព្យនៅកម្ពុជាអោយកាន់តែប្រសើរឡើង។
-->
លោកស្រីបន្តថា ជាមួយគ្នានេះ សមាគមនឹងធ្វើការអនុវត្តប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ជាអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុតាម(សេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ស្តីពីក្រមសីលធម៌វិជ្ជាជីវៈអ្នកវាយតំលៃ និងក្រមសីលធម៌វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ លេខ៧៦០ សហវ ប្រក) ។
លោកស្រីក៏បានចែករំលែកពី អត្ថប្រយោជន៍ក្នុងការចូលជាសមាជិកសមាគមជាច្រើនផងដែរដូចជា ការអភិវឌ្ឍជំនាញវិជ្ជាជីវៈអចលវត្ថុ។ ការពង្រឹងក្រមសីលធ៌មអាជីវកម្ម។ ការចែករំលែកចំណេះដឹង និងព័ត៌មាន។ កិច្ចសហប្រតិបត្តិការអាជីវកម្ម/ ជំនួញ តាមរយៈកិច្ចសន្យានៃការលក់គម្រោងនានា។ ការបញ្ជូនអតិថិជន ការផ្សព្វផ្សាយពាណិជ្ជកម្មរួមគ្នា។ ការតស៊ូមតិដើម្បីការពារផលប្រយោជន៍សមាជិក។
លោកស្រីបន្តថា លើសពីនេះសមាជិក នឹងទទួលបានការសម្របសម្រួលស៊ើបអង្កេតវិវាទកម្មរបស់សមាជិក ស.ជ.អ.ក CREA ជាមួយភាគីទី៣តាមការស្នើសុំនិងការចូលរួមសកម្មភាពសង្គម និងសេវាកម្មផ្សេងៗដែលសមាគមផ្តល់ជូន៕