តើខេត្តព្រៃវែងមានសក្តានុពលនិងគំរោងវិនិយោគអចលនទ្រព្យយ៉ាងដូចម្តេច

0

ដោយៈ រ៉ាណេត

ព្រៃវែងៈ ជាខេត្តដែលមានភាពស្ងប់ស្ងាត់ និងត្រូវបានហ៊ុព័ទ្ធទៅដោយខេត្តចំនួន៤ដែលកំពុងតែមានសក្ដានុពល លើការវិនិយោគក្នុងវិស័យអចលនទ្រព្យ ព្រៃវែងហាក់ត្រូវបានបណ្តាអ្នកវិនិយោគ និងអភិវឌ្ឍន៍មើលរំលងបើប្រៀបជាមួយបណ្តាខេត្តដទៃទៀត។

ជាខេត្តដែលកំពុងតែមានសក្ដានុពល លើការវិនិយោគលើវិស័យអចលនទ្រព្យ និងដីធ្លី ចំនួន៤ រួមមានខេត្តកណ្តាល កំពង់ចាម ត្បូងឃ្មុំ និងខេត្តស្វាយរៀង សម្រាប់តែខេត្តព្រៃវែង ដែលស្ថិតនៅចំណុចកណ្តាល បែរជាមានសភាពស្ងប់ស្ងាត់ ឬមានសកម្មភាពអភិវឌ្ឍន៍លើវិស័យសំណង់តិចតួចប៉ុណ្ណោះ នៅតំបន់ទីប្រជុំជនកណ្តាលខេត្ត។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍ប្រាប់ទូរស័ព្ទកាលពីល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ថា ព្រៃវែង ជាខេត្តដែលគេទៅហួសមកហួស ខុសប្លែកពីបណ្តាខេត្តដទៃទៀត ដោយសារតែខេត្តមួយនេះ ហាក់មិនសមស្របទៅនឹងតម្រូវការអភិវឌ្ឍន៍ លើវិស័យសំណង់នៅឡើយទេ។

លោកឧកញ៉ាបានបន្តទៀតថា “ជាទិដ្ឋភាពទូទៅ ព្រៃវែងគឺជាខេត្តដែលមានសក្ដានុពលសម្រាប់តែវិស័យកសិ-ឧស្សាហកម្ម តែប៉ុណ្ណោះ ហើយសក្ដានុពលនេះក៏មិនសូវពេញលេញដែរ ដោយសារតែអាចបង្កើបង្កើនផលបានតែក្នុងរដូវប្រាំង ដោយឡែកសម្រា​ប់រដូវវស្សាគឺមានទឹកជន់”។

លោកឧកញ៉ាបានមានប្រសាសន៍បន្តទៀតថា “ទីតាំងភូមិសាស្ត្ររបស់ខេត្តព្រៃវែងហាក់មិនសូវអំណោយផលដូចខេត្តដទៃនោះទេ ដែលក្រៅពីអាចមានលទ្ធភាពធ្វើស្រែចំការបានត្រឹមតែរដូវប្រាំង វិស័យទេសចរណ៍ក៏មានកម្រិតទាប ហើយចំនួនប្រជាជនក៏មានចំនួនតិច ខណៈដែលវិសាលភាពផ្ទៃដីមានភាពទូលាយច្រើន”។ លោកឧកញ៉ាបន្តថា “រាល់ការការវិនិយោគ គឺស្ថិតនៅលើគោលដៅនៃគម្រោងអភិវឌ្ឍន៍នានា របស់រដ្ឋាភិបាល ជាមួយនឹងកត្តាកំណើនប្រជាជន ដូច្នេះប្រសិនបើតម្រូវការជាក់ស្ដែងរបស់ប្រជាជននៅមានកម្រិត គម្រោងផែនការនៃការអភិវឌ្ឍរបស់រដ្ឋាភិបាល មិនទាន់មានគ្រប់គ្រាន់ អ្នកវិនិយោគគឺមានការប្រុងប្រយ័ត្នខ្ពស់ មុនពេលឈានដល់ការសម្រេចចិត្តបោះទុនដើម្បីបញ្ចៀសហានិភ័យ”។

ស្រដៀងគ្នានឹងការលើកឡើងខាងលើនេះ លោក ចក់ ស៊ីណាត អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Kraty Realty Co,.Ltd បានមានប្រសាសន៍ថា វិសាលភាពផ្ទៃដីនៅក្នុងខេត្តព្រៃវែងគឺទូលំទូលាយច្រើន ហើយសមស្របទៅនឹងវិស័យកសិកម្ម តែក្នុងរដូវប្រាំងតែប៉ុណ្ណោះ ដោយឡែកប្រជាជនក៏មានការចំណាកស្រុកច្រើន បន្ទាប់បញ្ចប់ការធ្វើស្រែប្រាំង។

លោកបានបន្តទៀតថា“សកម្មភាពទិញ-លក់ដីធ្លី កើតមានឡើងនៅពេលដែលមា​នតម្រូវការអភិវឌ្ឍទៅលើគម្រោងអ្វីមួយ ប៉ុន្តែបើគម្រោងអភិវឌ្ឍន៍មិនទាន់មាន នោះការទិញ-លក់ ក៏មិនសូវមានសកម្មភាពដែរ”។

លោកចក់ ស៊ីណាតបានបញ្ជាក់ថា បច្ចុប្បន្ននេះតាមការកត់សម្គាល់ សកម្មភាពនៃការទិញ-លក់ និងការអភិវឌ្ឍលើវិស័យលំនៅដ្ឋាន គឺមានតែនៅតំបន់ទីប្រជុំជននៃខេត្តតែប៉ុណ្ណោះ ហើយក្រៅពីនេះ ឃើញមានគម្រោងពុះដីឡូតិ៍។ លោកបន្តថា ភាពទាក់ទាញលើការវិនិយោគ និងអភិវឌ្ឍន៍សម្រាប់វិស័យឯកជននៅក្នុងខេត្តព្រៃវែង អាចស្ថិតនៅក្នុងរយៈពេលវែងទៀត ជាពិសេសក្រោយគម្រោងស្ថាបនាផ្លូវក្រវ៉ាត់ទី៣ និងទី៤ ត្រូវបានបញ្ចប់ការសាងសង់ ដែលមួយចំណែកនៃគម្រោងនេះស្ថិតនៅក្នុងទឹកដីខេត្តព្រៃវែង។

អភិបាលខេត្តព្រៃវែង ដើម្បីសុំការពន្យល់ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបាននៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here