អ្នកជំនាញប្រាប់ពីវិធីសាស្រ្តងាយៗដល់ពលរដ្ឋដើម្បីដឹងពីតម្លៃអចលនទ្រព្យរបស់ខ្លួនសមស្របនឹងទីផ្សារឬទេ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ គ្រប់ការដាក់លក់អចលនទ្រព្យទាំងអស់មិនថា ជាប្រភេទលំនៅដ្ឋានឬដីធ្លីនោះទេ ម្ចាស់ដែលជាអ្នកលក់តែងប្រាថ្នាចង់បានតម្លៃខ្ពស់ រហូតមានពេលខ្លះជ្រុលដាក់តម្លៃខ្ពស់ជាងទីផ្សារដែលធ្វើជួបភាពបរាជ័យលើការលក់។

អ្នកជំនាញវាយតម្លៃអចលនទ្រព្យបានក្រើនរំលឹកថា រាល់ការដាក់លក់នៃអចលនទ្រព្យ ក៏ដូចជាដីធ្លីជាដើម ម្ចាស់គ្រប់រូបសុទ្ធតែអាចដាក់តម្លៃ ទៅតាមការចង់បានរបស់ខ្លួន ប៉ុន្តែអ្វីដែលសំខាន់ត្រង់ថា តើអចលនទ្រព្យទាំងនោះត្រូវបានលក់ចេញប្រកបដោយភាពជោគជ័យ ឬយ៉ាងណា។ នៅពេលដែលម្ចាស់ដាក់តម្លៃខ្ពស់ជាងទីផ្សារ ភាពប្រឈមនឹងបរាជ័យលើការលក់នឹងកើតមានយ៉ាងប្រាកដ។

អ្នកជំនាញក្នុងការវាយតម្លៃអចលនទ្រព្យ លោក ខាត់ សុវណ្ណ អគ្គនាយកក្រុមហ៊ុន Cam Top Property Group បានមានប្រសាសន៍ ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ថា ការវាយតម្លៃអចលនទ្រព្យ គឺត្រូវបានធ្វើឡើងច្រើនវិធីសាស្ត្រ និងអាស្រ័យទៅតាមភាពជំនាញ និងវៃឆ្លាតរបស់បុគ្គលដែលមានបទពិសោធន៍។

លោកបន្តថា “រាល់ការវាយតម្លៃអចលនទ្រព្យទាំងអស់ ក្រុមហ៊ុនជំនាញតែងធ្វើការវិភាគទៅលើភាពជាក់ស្ដែង និងតម្រូវការពិតប្រាកដនៅក្នុងតំបន់ បន្ទាប់ពីបានចុះសិក្សាជាជំហានដំបូង ហើយការសិក្សាក៏ត្រូវធ្វើឡើងច្រើនដំណាក់កាល”។ លោកបានបន្តទៀតថា “មុនពេលវាយតម្លៃទៅលើអចលនទ្រព្យក្នុងតំបន់ណាមួយ ចាំបាច់ត្រូវតែមានទិន្នន័យពាក់ព័ន្ធ នៅក្នុងដៃឱ្យបានគ្រប់គ្រាន់ ដើម្បីប្រៀបធៀប ដោយគេមិនអាចធ្វើឡើងដោយការប៉ាន់ស្មាន និងគ្មានប្រភពព័ត៌មានច្បាស់លាស់នោះទេ”។

ការវាយតម្លៃអចលនទ្រព្យ ដែលធ្វើឡើងដោយក្រុមហ៊ុនជំនាញ ភាគច្រើនមិនខុសពីតម្លៃនៅលើទីផ្សារនោះទេ ដោយសារពួកគេបានពឹងផ្អែក ទៅលើការសិក្សាជាក់លាក់ និងមានក្បួនច្បាប់ច្បាស់លាស់ ដែលខុសពីការវាយតម្លៃរបស់ម្ចាស់ទ្រព្យ ដែលមិនមានជំនាញ។

អ្នកជំនាញរូបនេះបានបញ្ជាក់ថា “ម្ចាស់អចលនទ្រព្យ ក៏អាចធ្វើការវាយតម្លៃបានដោយខ្លួនឯង ដោយការសាកសួរ និងស្វែងយល់ពីព័ត៌មានជាក់ស្ដែងនៅក្នុងតំបន់។ ដូចជាការសិក្សាទៅលើតម្លៃ អចលនទ្រព្យដែលបានលក់ចេញ ការសិក្សាទៅលើតម្លៃអច​លនទ្រព្យដែលលក់មិនចេញ ហើយធ្វើការវិភាគទៅលើតម្លៃរួម ដែលអាចគិតជាមធ្យមភាគមុនពេលកំណត់តម្លៃដាក់លក់នៅលើទីផ្សារ”។

យ៉ាងណាក៏ដោយ ដើម្បីជៀសវាងភាពប្រឈម ឬធ្វើការវាយតម្លៃខុសពីតម្លៃទីផ្សារ លោកបានជំរុញ និងលើកទឹកចិត្តដល់ម្ចាស់ទ្រព្យដែលមានបំណង់ដាក់លក់នៅលើទីផ្សារ គួរតែស្វែងរក និងប្រើប្រាស់សេវាកម្មពីក្រុមហ៊ុនជំនាញទើបជាការប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here