តើកត្តាអ្វីខ្លះបានជាមានការវិនិយោគដីធ្លីនៅតាមជាយក្រុងច្រើនជាងក្នុងក្រុង?

0

ដោយវុត្ថា

ភ្នំពេញៈ អ្នកជំនាញបានឱ្យដឹងថា ការប្រតិបត្តិការលើកវិនិយោគលើវិស័យដីធ្លីនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង និងជាយក្រុងកំពុងមានសន្ទុះរីកចំរើនច្រើន ជាងនៅក្នុងក្រុង ខណៈដីធ្លីនៅក្នុងក្រុងស្ថិតនៅក្នុងតម្លៃខ្ពស់។

លោកស្រីអាន សុធិតា នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia បានប្រាប់គេហទំព័រ propertyarea.asia កន្លងមកថា ការធ្វើប្រតិបត្តិការ និងការវិនិយោគដីធ្លីនៅតាមជាយក្រុង ជាពិសេសនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ហាក់មានសន្ទុះរីកចម្រើនខ្លាំងជាងនៅក្នុងទីក្រុងភ្នំពេញ។

លោកស្រីបន្តថា “មានកត្តាជាច្រើន ដែលធ្វើឱ្យការធ្វើប្រតិបត្តិការវិនិយោគលើវិស័យដីធ្លីនៅតាមជាយក្រុង និង នៅតាមផ្លូវក្រវ៉ាត់ក្រុងមានការកើនឡើង ដោយសារតែ តម្លៃដីនៅក្នុងទីក្រុងមានការកើនឡើងខ្ពស់ នៅក្នុងឆ្នាំ ២០១៩ និងមានតម្រូវការខ្ពស់នៅក្នុងឆ្នាំ ២០១៨”។

លោកស្រីបន្តថា សម្រាប់តម្លៃដីធ្លីនៅតាមបណ្តោយ ផ្លូវក្រវ៉ាត់ក្រុងទី៣ នាពេលបច្ចុប្បន្ននេះ គឺមានតម្លៃចន្លោះចាប់ពី៥០ ទៅ២០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ហើយដីនៅតាមផ្លូវជានេះ ជាប្រភេទដីលំនៅឋានសមរម្យ និងពាណិជ្ជកម្ម។ លោកស្រីបញ្ជាក់តម្លៃដីក្នុងកម្រិតនេះ គឺអាចអាចអភិវឌ្ឍលើវិស័យលំនៅឋាន បានតែមិនអាចអភិវឌ្ឍន៍លើវិស័យឧស្សាហកម្មបានទេ។

អ្នកស្រីបន្តថា “តម្លៃដីក្នុងរង្វង់៥០ ទៅ៨០ដុល្លារអាមេរិក គឺអាចអភិវឌ្ឍឧស្សាហកម្មបានដូចជាបង្កើតរោងចក្រ និងសហគ្រាសផ្សេងៗ”។

លោក ស៊ា  ឆៃលីន អគ្គនាយកក្រុមហ៊ុន Chailin Sear Realty Co., Ltd បានឯកភាពជាមួយលោកស្រីអាន សុធីតាដែរថា នាពេលបច្ចុប្បន្ននេះសន្ទុះ នៃការប្រតិបត្តិការទិញលក់អចលនវត្ថុនៅតាមជាយក្រុង គឺមានសន្ទុះរីកចំរើនខ្លាំងជាង នៅក្នុងទីក្រុងភ្នំពេញ ជាពិសេសដីធលីនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង។

លោកពន្យល់ថា “មូលហេតុដែលធ្វើឱ្យដីធ្លី នៅតាមជាយក្រុងមានសន្ទុះរីកចំរើនខ្លាំងជាពិសេសផ្លូវក្រវ៉ាត់ក្រុងទី៣ គឺដោយសារមានហេដ្ឋារចនាសម្ព័ន្ធល្អ តម្លៃដីធ្លីស្ថិតនៅក្នុងតធូថ្លៃជានៅក្នុងក្រុង និងជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធថ្មី ដែលរដ្ឋាភិបាលបាននឹងកំពុងអនុវត្ត ដោយមិនមែនស្ថិតនៅក្នុងគម្រោង”។

លោកបន្តថា “មូលហេតុដែលការទិញលក់ដីធ្លី នៅក្នុងក្រុងធ្លាក់ចុះ ដោយសារតែតម្លៃដីខ្ពស់ អ្នកដែលចង់ទិញហើយខ្វះទីផ្សារ ក្នុងការវិនិយោគ ដូចជាការសាងសង់អគារខ្ពស់ៗ និងមនុស្សមួយចំនួនសម្រុកទិញផ្ទះក្នុងបុរី ជាដើម”។

ទោះជាយ៉ាងណា ចំណែក លោក ហៃ រ៉ាវី នាយកក្រុមហ៊ុន Daily Realty Group បានឱ្យដឹងថា សន្ទុះនៃការវិនិយោគដីធ្លីនៅក្នុងទីក្រុងភ្នំពេញ ហាក់មានសន្ទុះរីកចំរើនខ្លាំ​ង ជាងនៅតាមជាយក្រុង ដោយសារតែនៅទីក្រុងភ្នំពេញមានការតម្រូវការច្រើន ដូចជាសាងសង់ខុនដូ អគារពាណិជ្ជកម្ម និងអគារការិយាល័យជាដើម។

លោកបន្តថា “ដីធ្លីនៅតាមជាយក្រុង ហាក់មិនសូវមានសន្ទុះ ដោយសារតែវាយនៅឆ្ងាយពីកណ្តាលក្រុង ពិបាកធ្វើដំណើរមកធ្វើការនៅក្នុងក្រុង និងមិនសូវមានតម្រូវការ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here