តើទីក្រុងរណបផ្តល់ភាពល្អប្រសើរយ៉ាងដូចម្តេចក្នុងការលើកកំពស់នគរូបនីយកម្មនិងភាពស៊ីវិល័យរបស់ប្រជាពលរដ្ឋ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ស្របតាមកំណើននៃការអភិវឌ្ឍ និងការកើនឡើងនៃចំនួនប្រជាជនមករស់នៅរាជធានីភ្នំពេញ គិតមកត្រឹមដើមឆ្នាំ២០២០នេះ គម្រោងទីក្រុងរណបបានកើតមានរហូតដល់៧ទីតាំង ក្រោមការកិច្ចសហការវិនិយោគពីសំណាក់ក្រុមហ៊ុនជាតិ និងអន្តរជាតិ ដែលគាំទ្រដោយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយនូវភាពកកកុញនៃចំនួនមនុស្សដែលរស់នៅផ្តុំគ្នា។

គម្រោងអភិវឌ្ឍន៍ទីក្រុងរណបនីមួយៗ បានធ្វើឡើងដើម្បីបង្កើនភាពទាក់ទាញ និងចាប់អារម្មណ៍ ឱ្យមានមនុស្សចូលទៅរស់នៅកាន់តែច្រើន ក្រៅពីមានលក្ខណៈប្រសើរនៃហេដ្ឋារចនាសម្ព័ន្ធ មានផាសុកភាពខ្ពស់ក្នុងការរស់នៅជាមួយនឹងធម្មជាតិ នៅក្នុងគម្រោងក៏ត្រូវមានរួមបញ្ចូល នូវការអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្ម អគាររដ្ឋបាល តំបន់កម្សា​ន្ត មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប ក្លឹបហាត់បា្រណ សួនឧស្សាហកម្ម សាលារៀន មន្ទីរពេទ្យ និងសេវាសាធារណៈផ្សេងៗទៀត។

អ្នកជំនាញផ្នែកនគរូបនីយកម្ម លោកបណ្ឌិត វ៉ាន់ វ៉ាត បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី៧ ខែកុម្ភៈកន្លងមកថា ការបង្កើតទីក្រុងរណបនៅតាមប  ណ្តាជាយក្រុង គឺជាការរួមចំណែកយ៉ាងប្រសើរ ជាមួយរាជរដ្ឋាភិបាល ដែលអាចជួយសម្រួល និងលើកកម្ពស់ដល់នគរូបនីយកម្មបានមួយចំណែកធំ។

លោកបណ្ឌិតបន្តថា “គម្រោងបង្កើតទីក្រុងរណប ដែលស្របទៅតាមប្លង់គោលរបស់រាជធានី គឺជាការអភិវឌ្ឍន៍ប្រកបដោយភាពត្រឹមត្រូវ ដែលក្រៅពីអាចទាក់ទាញមនុស្សឱ្យចាប់អារម្មណ៍ជាមួយគម្រោង ថែមទាំងអាចចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបែងចែកល្បាយនៃការរស់នៅ ក៏ដូចជាការប្រកបអាជីកម្មរបស់មនុស្សទូទៅយ៉ាងប្រសើរ”។លោកបន្តថា “ប្រសិនបើគម្រោងនៃការបង្កើតទីក្រុងរណប ដែលមិនស្របតាមប្លង់គោលនៅតែ វាអាចនឹងបង្កើតជាបញ្ហានៅពេលអនាគត ហើយក៏អាចធ្វើឱ្យគម្រោងទាំងមូលជួបភាពខាត់បង់ផងដែរ”។

លោកបញ្ជាក់ថា “ការរៀបចំប្លង់គោល ដើម្បីងាយស្រួលក្នុងដំណើរការអភិវឌ្ឍន៍នៅតំបន់ណាមួយប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលស្របទៅនឹងបរិបទនៃការរស់នៅដូចជាតំបន់លំនៅដ្ឋាន តំបន់សេដ្ឋកិច្ច ក៏ដូចជាតំបន់ឧស្សាហកម្មជាដើម”។ លោកបន្ថែមទៀតថា “ជាទូទៅរដ្ឋាភិបាលតែងលើកទឹកចិត្ត និងគាំទ្ររាល់គម្រោងទាំងឡាយណាដែលចូលរួមចំណែក ក្នុងកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនកំណើនសេដ្ឋកិច្ច”។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារ អចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ថា គ្រប់គម្រោងអភិវឌ្ឍន៍ទីក្រុងរណបទាំងអស់ គឺសុទ្ធតែជារឿងវិជ្ជមានច្រើនជាងអវិជ្ជមាន។

លោកស្រីបានបញ្ជាក់ថា “វត្តមានទីក្រុងរណបមានចំណុចល្អច្រើន ស្ទើរតែទាំងអស់ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធដែលចូលរួមអភិវឌ្ឍន៍ ជាមួយរដ្ឋាភិបាលបានមួយផ្នែកធំ ការចូលរួមលើកកម្ពស់នៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ ក៏ដូចជាការចូលរួមទៅលើផ្នែកបច្ចេកវិទ្យានៃសំណង់សម័យថ្មីផងដែរ”។

លោកស្រីបន្តទៀតថា “នៅពេលដែលមានការបែងចែកតំបន់ក្រុង ផ្សេងគ្នាកាន់តែច្រើន វានឹងចូលរួមសម្រួលដល់សង្គមកាន់តែច្រើន ជាក់ស្ដែងដូចជាបញ្ហាកកស្ទះចរាចរ​ណ៍ត្រូវបានកាត់បន្ថយច្រើន ដោយសារតែនៅក្នុងទីក្រុងរណប ភាគច្រើនសុទ្ធតែមានបង្កើតជាតំបន់ពាណិជ្ជកម្មទាំងអស់ ដែលអ្នករស់នៅអាចធ្វើការបង្វែរគោលដៅទីតាំងអាជីវកម្ម ក៏ដូចជាកន្លែងការងារជាដើម។

លោកស្រីបានបញ្ជាក់ថា “គ្រប់គម្រោងអភិវឌ្ឍន៍ទាំង ដើម្បីបញ្ចៀសបញ្ហាប្រឈមនៅថ្ងៃអនាគត ក្រុមហ៊ុនអភិវឌ្ឍន៍ ត្រូវតែមានផែនការមេឱ្យបានច្បាស់លាស់ ទាំងការអភិវឌ្ឍន៍នៅពេលបច្ចុប្បន្ន ក៏ដូចជាបន្តទៅថ្ងៃអនាគតក្នុងរយៈពេលវែង ដែលក្រៅពីគិតទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ត្រូវគិតទៅលើការបង្កើត និថែរក្សាតំបន់បៃតងឱ្យបានច្រើន ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការរស់នៅ”។

គម្រោងទីក្រុងរណបទាំង ៧នេះរួមមាន៖

ទី១- ទីក្រុងរណប កាំកូស៊ីធី ៖ ទទួលបានការវិនិយោគពីក្រុមហ៊ុន វើល ស៊ីធី របស់កូរ៉េខាងត្បូង ដែលមានតម្លៃប្រមាណ២០០០លានដុល្លារ មានផ្ទៃក្រឡាសាងសង់១១៩ហិកតា ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ បឹងពោងពាយ ខណ្ឌឫស្សីកែវ ខាងជើងរាជធានីភ្នំពេញ។

ទី២-ទីក្រុងរណប ហ្គ្រេនភ្នំពេញ អ៊ិនធើណេសិនណល់ ស៊ីធីៈ វិនិយោគដោយក្រុមហ៊ុន ខេមបូឌា វ៉ាយ អ៊ិន ភី សហការជាមួយនឹងក្រុមហ៊ុនឥណ្ឌូនេស៊ី ស៊ីពូត្រា គ្រុប ដែលមានតម្លៃវិនិយោគដំបូង៦០០លានដុល្លារអាមេរិក ដែលមានផ្ទៃក្រឡាសាងសង់ចំនួន ២៦០ហិកតា ស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌឫស្សីកែវ ខាងជើងរាជធានីភ្នំពេញ។

ទី៣-ទីក្រុងរណប កោះពេជ្រស៊ីធីៈ ទទួលបានការវិនិយោគពីក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ ដែលមានតម្លៃវិនិយោគ១០០០លានដុល្លារ លើផ្ទៃក្រឡាសាងសង់ ១០០ហិកតា ស្ថិតនៅតាមបណ្តោយទន្លេបាសាក់ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ទី៤-ទីក្រុងរណបអភិវឌ្ឍន៍បឹងកក់ៈ វិនិយោគដោយក្រុមហ៊ុន ស៊ូកាគូអ៊ីន តម្លៃវិនិយោគចំនួន ១៥០០លានដុល្លារ ដែលមានផ្ទៃក្រឡាសាងសង់ប្រមាណ១១៤ហិកតា។

ទី៥-ទីក្រុងរណបជ្រោយចង្វារ៖ ទទួលបានការវិនិយោគពីក្រុមហ៊ុនOCICរបស់អ្នកឧកញ៉ា ពុង ឃាវសែ មានតម្លៃវិនិយោគ៤០០០លានដុល្លារ មានផ្ទៃក្រឡាសាងសង់មានទំហំ ៣៨៧ហិកតា ស្ថិតនៅតំបន់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here