អាជ្ញាធរខេត្តកោះកុងនឹងចាត់វិធានការចំពោះបុគ្គលណាដែលទន្ទ្រានយកដីរបស់ក្រុមហ៊ុន UNION Development Co.,Ltd

0

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ចំពោះប្រជាពលរដ្ឋទាំងឡាយណាដែលមិនព្រមបញ្ឈប់ ហើយនៅតែបន្តចូលទៅទន្រ្ទានយកដីរបស់ក្រុមហ៊ុន UNION Development Co.,Ltd ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយខុសច្បាប់ ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុងដែលចុះហត្ថលេខាដោយ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងកាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២០ ម្សិលមិញនេះ ឱ្យដឹងថា រដ្ឋបានខេត្តពិនិត្យឃើញថា មានប្រជាលរដ្ឋមួយចំនួនបានចូលទៅកាប់ទន្ទ្រានយកដីនៅក្នុងទីតាំងដីទំហំ ៩៣០៦ ហិកតា ធ្វើជាកម្មសិទ្ធិលក់ ទិញ និងផ្ទេរសិទ្ធិកាន់កាប់ខុសច្បាប់នៅក្នុងតំបន់វិនិយោគរបស់ក្រុមហ៊ុន UNION Development Co.,Ltd។
បើតាមសេចក្តីជូនដំណឹងដដែលបន្តថា ទីតំាងដីទំហំ ៩៣០៦ ហិកតាដែលបានកាត់ចេញពីឧទ្យានជាតិបទុមសាគរ តាមព្រះរាជក្រឹត្យលេខ នស/០៧១៦ ចុះថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៦ សម្រាប់ផ្តល់ជាគោលនយោបាយបែងចែកជូនដល់ប្រជាពលរដ្ឋដែលត្រូវបានផ្លាស់ប្តូរលំនៅឋានចេញពីទីតាំងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន UNION Development Group Co.,Ltd តែប៉ុណ្ណោះ។

កន្លងមកសាលាខេត្តកោះកុង បានចេញសេចក្តីជូនដំណឹងលេខ ០៥២ សជណ ចុះថ្ងៃទី ៦ ខែសីហាឆ្នាំ ២០០៧ ស្តីពីការបញ្ឈប់បន្ទាន់នូវការចេញលិខិតផ្ទេរសិទ្ធិ ទិញ លក់ និងបែងចែកដីធ្លីនៅស្រុកគិរីសាគរ និងស្រុកបទុមសាគរ និងសេចក្តីសម្រេចលេខ ១១៥ សសរ ចុះថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១០ ស្តីពីការទុកជាមោឃភាពនូវរាល់លិខិតផ្ទេរ លក់ ទិញដី នៅឧទ្យានជាតិបុទុមសាគរដែលចុះហត្ថលេខាដោយមេឃុំកោះស្តេច ភ្ញីមាស ព្រែកខ្សាច់ ក្នុងស្រុកគិរីសាគរ និងមេឃុំតានូន មេឃុំថ្មស ក្នុងស្រុកបូទុមសាគរដែលស្ថិនៅលើទីតាំងដីវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុន UNION Development Group Co.,Ltd ។

កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៩ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ២៣៤ អនក្រ.បក ស្តីពីការធ្វើមោឃភាពប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលវត្ថុ និងឯកសារោផ្សេងៗទៀតដែលបញ្ជាក់ពីពីសិទ្ធិកាន់កាប់ដីធ្លីមិនស្របច្បាប់ នៅក្នុងស្រុកគិរីសាគរនិងស្រុកបូទុមសាគរក្នុងតំបន់វិនិយោគរប់សក្រុមហ៊ុន UNION Development Group., Ltd ខេត្តកោះកុង។

ក្រុមហ៊ុនចិន UNION Development Group Co., Ltd. កាលពីកកន្លងមកនេះបានប្រកាសបោះទុនវិនិយោគទឹកប្រាក់១,២០០លានដុល្លារ នៅស្រុកគិរីសាគរ និងស្រុកបទុមសាគរ ខេត្តកោះកុង ដើម្បីបើកការដ្ឋានសាងសង់ «ក្រុងវិស្សមកាលទេសចរណ៍» ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ សេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុនចិន UNION Development Group Co., Ltd. បានចុះកិច្ចសន្យាជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០០៨ ដើម្បីធ្វើការអភិវឌ្ឍគម្រោងតារាសាគរ លើផ្ទៃដីសរុបទំហំ ៣៦,០០០ហិចតា។ គិតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានកំពុងសម្រុកអនុវត្តន៍ គម្រោងទៅតាមផែនការ ដោយបានបណ្តាក់ទុនវិនិយោគជាង ១,៥០០លានដុល្លារ លើការសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួនដូចជា៖ ប្រព័ន្ធគមនាគមន៍, ក្លឹបវាយកូនហ្គោល, ព្រលានយន្តហោះ, កំពង់ផែទឹកជ្រៅអន្តរជាតិ, សួនលម្អ, បណ្តាញទឹកស្អាត និងប្រព័ន្ធអគ្គិសនី ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here