ក្រុមអ្នកជំនាញជំរុញឱ្យអ្នកវិនិយោគបុរីនានា គិតគូរដល់បរិស្ថាន និងផាសុកភាព

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ កំណើននៃចំនួនគម្រោងបុរីលំនៅដ្ឋាន ក៏ដូចជាលំនៅដ្ឋានមានលក្ខណៈជាបុរីនៅពេលបច្ចុប្បន្ននេះ បានបង្ហាញពីសញ្ញាវិជ្ជមាននៃភាពរីកចម្រើន និងវឌ្ឍនភាពក្នុងវិស័យសំណង់គួរជាទីមោទន ប៉ុន្តែអ្វីដែលជាបញ្ហាគួរឱ្យបារម្ភ និងត្រូវយកមកសិក្សានោះគឺស្ថាបត្យកម្មដែលអាចរក្សាបានភាពល្អប្រសើរក្នុងរយៈពេលយូរ រួមជាការបង្កើត រក្សាទុកពិភពបៃតងនៅក្នុងតំបន់អភិវឌ្ឍន៍លំនៅដ្ឋាន។

គម្រោងសំណង់លំនៅឋានគិតត្រឹមដើមឆ្នាំ២០២០ បានបន្តកើនឡើងរហូតដល់ ៣ ៧៣២គម្រោង នៅលើផ្ទៃក្រឡាកម្រាលសំណង់ចំនួន ៨ ០២៤ ២៨៦ ម៉ែត្រការ៉េ មានទុនវិនិយោគ ៣ ៦៦១ ២៧៥ ៣៥០ដុល្លារ ស្មើនឹង ៣៨ ៤៨៨ ខ្នង ដែលក្នុងនោះគម្រោងបុរីសំណង់បុរី ត្រូវបានផ្តោតយកការចិត្តទុកដាក់ជាសំខាន់។

លោកបណ្ឌិត វ៉ាន់ វ៉ាត អ្នកជំនាញស្ថាបត្យកម្ម និងសំណង់ជាន់ខ្ពស់ បានមានប្រសាសន៍បង្ហាញពីមោទនភាពចំពោះការរីកចម្រើន និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃវិស័យសំណង់នៅកម្ពុជា ប៉ុន្តែក្នុងនោះលោកក៏មានក្ដីបារម្ភមួយចំនួនផងដែរ ពាក់ព័ន្ធទៅនឹងស្ថាបត្យកម្មទូទៅនៃគម្រោងដែលអាចក្លាយជាបញ្ហានៅថ្ងៃអនាគត។ លោកបណ្ឌិត វ៉ាន់ វ៉ាត បានប្រាប់តាមទូរស័ព្ទកាលពីចុងសប្ដាហ៍កន្លងទៅនេះថា “រាល់ការរីកចម្រើន និងអភិវឌ្ឍវិស័យសំណង់គ្រប់ប្រភេទនៅកម្ពុជា គឺសុទ្ធតែជារឿងល្អបំផុតដែលត្រូវសាទរ និងមានមោទនភាព”។ លោកបានបន្តទៀតថា “វឌ្ឍនភាពនៃវិស័យសំណង់ គឺបានបង្ហាញពីភាពលូតលាស់ និងកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាប្រជាពលរដ្ឋដែលអាចមានលទ្ធភាពក្នុងការរកបានចំណូលច្រើន”។

បច្ចុប្បន្ននេះ ស្ថិតនៅក្នុងបរិបទនៃភាពរីកចម្រើនក្នុងវិស័យសំណង់ ជាពិសេសគម្រោងសំណង់លំនៅដ្ឋាននានា បាន និងកំពុងតែរីករាលដាលស្ទើរគ្រប់ទីកន្លែង ខណៈដែលតម្រូវការទីផ្សារក្នុងវិស័យនេះនៅមានអត្រាមួយខ្ពស់”។ លោកបានបន្តថា “យើងពិតជារីករាយសាទរជាមួយនឹងអ្វីដែលកំពុងកើតមាន ប៉ុន្តែក្នុងនោះនៅមានចំណុចចន្លោះប្រហោងមួយចំនួន ដែលក្រុមហ៊ុនអភិវឌ្ឍន៍មិនបានផ្តោតការយកចិត្តទុកដាក់នៅក្នុងគម្រោងរបស់ខ្លួន ដែលអាចក្លាយជាចំណុចអវិជ្ជមាននៅថ្ងៃអនាគត។ “

ភ្ជាប់ទៅនឹងប្រធានបទខាងលើនេះ លោកបណ្ឌិត វ៉ាន់ វ៉ាត បានមានប្រសាសន៍ថា “ការសិក្សារកគំនិតថ្មីៗដើម្បីរំលេចចេញជាស្ថាបត្យកម្មដែលល្អឥតខ្ចោះ និងទាក់ទាញ គឺជាចំណុចដែលត្រូវគិត និងអាចធានាបានថាមានលទ្ធភាពផ្តល់នូវផាសុកភាពខ្ពស់ដល់អ្នករស់នៅទាំងពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត ហើយបន្ថែមពីនេះ ម្ចាស់គម្រោងក៏ត្រូវតែយកចិត្តទុកដាក់ទៅលើការបង្កើត ជាតំបន់ពិភពបៃតងឱ្យបានស្របទៅតាមការកំណត់នៃស្ដង់ដារ ដែលវាក៏ជាចំណុចសំខាន់មួយក្នុងការទាក់ទាញផងដែរ”។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ថា “វិស័យសំណង់ផ្នែកលំនៅដ្ឋាននៅពេលបច្ចុប្បន្ននេះកំពុងតែមានការអភិវឌ្ឍខ្លាំងស្របពេលដែលតម្រូវការទីផ្សារនៅមានខ្ពស់ ប៉ុន្តែក៏មានការប្រកួតប្រជែងខ្លាំងផងដែរ ដែលក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវតែមានការយកចិត្តទុកដាក់ខ្ពស់”។ លោកស្រីបានបន្តទៀតថា “ភាពប្រកួតប្រជែងនៅទីផ្សាររួម ភាភច្រើនបញ្ហាដែលបង្កភាពតានតឹង គឺកត្តាតម្លៃ នៅពេលដែលមានការប្រកួតប្រជែងកាន់តែច្រើននឹងជំរុញតម្លៃកាន់តែទាប ដើម្បីចាប់យកអតិថិជនដែលជាចំណែកទីផ្សារ ហើយគុណភាពនៃសំណង់ក៏ត្រូវតែធានាបាននូវភាពរឹងមាំល្អ”។

លោកស្រីបានបញ្ជាក់ថា “នៅពេលដែលផលិតផលត្រូវដាក់លក់ក្នុងតម្លៃទាប ដូច្នេះ ជាជម្រើសរបស់អ្នកផលិត ឬអ្នកផ្គត់ផ្គង់តែយកវិធីសាស្ត្រកាត់បន្ថយថ្លៃដើម”។ លោកបានបញ្ជាក់ថា “សម្រាប់ការអភិវឌ្ឍវិស័យលំនៅដ្ឋាន ត្រូវបានអ្នកអភិវឌ្ឍន៍ព្យាយាមសន្សំថ្លៃដើម ទាំងកម្រិតគុណភាពសំណង់ ការសន្សំទំហំផ្ទៃដីដែលនៅសល់ រហូតមានគម្រោងខ្លះបានអនុវត្តមិនស្របទៅនឹងស្ដង់ដាបរិស្ថានដែលតម្រូវឱ្យមានការបង្កើត និងរក្សាទុកនូវចំណែកនៃតំបន់បៃតងថែមទៀតផង”។ លោកស្រីបញ្ជាក់ថា “ការព្យាយាមសន្សំរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អាចទទួលបានលទ្ធផលល្អនៅពេលបច្ចុប្បន្ន ប៉ុន្តែអាចនឹងក្លាយជាក្ដីបារម្ភក្នុងការរស់នៅដែលមិនអាចរក្សាបានផាសុកភាពខ្ពស់” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here