វិនិយោគិនក្នុងវិស័យមូលបត្រកើនដល់កើនឡើងខ្ពស់ ដែលធ្វើឲ្យមានផលិតផល លក់កាន់តែច្រើន

0

ដោយវុត្ថា

ភ្នំពេញៈ វិនិយោគិនក្នុងវិស័យមូលបត្របានបន្តកើនឡើងខ្ពស់ ដែលធ្វើឲ្យទីផ្សារដែលជាផ្នែកមួយនៃវិស័យហិរញ្ញវត្ថុនេះ កាន់តែមានផលិតផលសម្បូរបែប និងទាក់ទាញការវិនិយោគ។

ក្នុងចំណោមវិនិយោគិនទាំងនោះ មានវិនិយោគិន៨៣ភាគរយ គឺជាវិនិយោគិនក្នុងស្រុក និង១៧ភាគរយជាវិនិយោគិនបរទេស។ តម្លៃជួញដូរជាធម្យមប្រចាំឆ្នាំ ២០១៩ គឺ ១៥៧.០៤៥ ដុល្លារក្នុងមួយថ្ងៃ បើប្រៀបធៀបជាមួយឆ្នាំ២០១៨  តួលេខនេះ មានការកើនឡើង៤,៩ ដង។ នេះ បើយោងតាមរបាយការណ៍ របស់គណៈកម្មការមូលបត្រកម្ពុជាចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២០។

របាយការណ៍ដដែលបន្តថា ទន្ទឹមនឹងនេះ មូលធននីយកម្មទីផ្សារ ក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ គិតត្រឹមបណាច់ឆ្នាំ២០១៨ មូលធននីយកម្មទីផ្សារមានត្រឹមតែប្រមាណ៤៤៣លានដុល្លារ ប៉ុណ្ណោះរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ វាបានកើនឡើងដល់៧០១,៤៥ លានដុល្លារ ស្មើនឹងកំនើន៥៨,៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៨។

របាយការណ៍ដដែលបញ្ជាក់ថា ក្រុមហ៊ុនដែលបានចុះបញ្ជីនៅផ្សារមូលបត្រ ក្នុងស្រុកក៏ត្រូវបាន ផ្តល់ការលើកទឹកចិត្តពន្ធដារយ៉ាងច្រើន ពីរាជរដ្ឋាភិបាលផងដែរ ជាមួយនឹងការអនុគ្រោះពន្ធបំណុលពន្ធ និងកាត់បន្ថយពន្ធលើប្រាក់ចំណូលចំនួន៥០ %  សម្រា​ប់រយៈពេល៣ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃការចុះបញ្ជីលក់មូលបត្រ ជាសាធារណៈលើកដំបូង។

ក្រៅពីការលើកទឹកចិត្តពន្ធដារក្រុមហ៊ុនទាំងអស់ ដែលបានចុះបញ្ជីលក់មូលបត្រ រួមទាំងមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល នឹងទទួលបានការលើកទឹកចិត្តមិនមែនពន្ធដារពីភ្នាក់ងារពន្ធដារ ទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ ។ វិសាលភាពនៃការលើ​ក​ទឹកចិត្តរួមមាន ទី១ ការផ្តល់កម្ចីឥណទានក្នុងអត្រាការប្រាក់ពិសេស ទី២ ការផ្តល់អត្រាការប្រាក់ពិសេសសម្រាប់ការដាក់ប្រាក់បញ្ញើមានកាលកំណត់។

អស់រយៈពេលជិតមួយទសវត្សទីផ្សារមូលបត្រកម្ពុជា បានវិវឌ្ឍបន្តិចម្តងៗ សម្របតាមនិន្នាការសេដ្ឋកិច្ចពិភពលោក ដើម្បីបំពេញតួនាទីរបស់ខ្លួនជាប្រភពទុន សម្រាប់ក្រុមហ៊ុនក្នុងស្រុក ក្នុងការស្វែងរកទុនបន្ថែម ដើម្បីពង្រីកអាំជីវកម្មប្រតិបត្តិការ។

ចាប់តាំងពីការបង្កើតក្រុមហ៊ុន ផ្សារមូលបត្រកម្ពុជាដំបូងឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនសរុបចំនួន៨បានចុះបញ្ជីលក់មូលបត្រ ក្រុមហ៊ុនទាំងនោះបានប្រមូលទុនបន្ថែមរួមគ្នាសរុបជាង១៥១លានដុល្លារអាមេរិក ពីទីផ្សារតាមរយៈការលក់មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល។

ក្រុមមហ៊ុនចំនួន៥ ដែលបានចុះបញ្ជីមូលបត្រកម្មសិទ្ធិមាន កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រុមហ៊ុន ភ្នំពេញ អេស៊ីហ្សិន ភីអិលស៊ី កំពង់ផែស្វយ័តក្រុងភ្នំពេញ ក្រុមហ៊ុន ហ្គ្រេនធ្វីន អ៊ីនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី និងរដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ។ ចំពោះមូលបត្របំណុលក្រុមហ៊ុនចំនួន៣ បានចុះបញ្ជីដែលក្នុងនោះមានក្រុមហ៊ុន គ្រឹះស្ថានហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី និងធនាគារវឌ្ឍនៈអាស៊ីចំកាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here