ដោយ ដួង ចន្រ្ទា
ភ្នំពេញ៖ ការមកដល់នៃក្រុមហ៊ុនអចលនទ្រព្យយក្សថ្មីមួយ គឺ ERA ដែលមានមូល ដ្ឋាននៅសហរដ្ឋអាមេរិក ដូចក្រុមហ៊ុន Century21 បានធ្វើឲ្យមានសំណួរចោទឡើងជាច្រើនថា តើក្រុមហ៊ុនទាំងពីរនឹងប្រកួតប្រជែង ឬធ្វើការជាមួយគ្នាយ៉ាងដូចម្តេច?។
ពាក្យ ERA Realty Network (ERA) មានបទពិសោធន៍ជោគជ័យច្រើនឆ្នាំនៅសហរដ្ឋអាមេរិក និងបណ្តាប្រទេស តំបន់អាស៊ីជាច្រើន បានពង្រីកទីផ្សាររបស់ខ្លួនមកដល់ប្រទេសកម្ពុជាក្នុងពេលថ្មីៗនេះ។
យោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ERA បានបង្ហាញថា ERA Cambodia ត្រូវបានបង្ហាញឡើង នៅក្នុងអំឡុងពេលនៃសន្និសីទពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិក ប្រចាំឆ្នាំ ២០១៨ ដែល បានធ្វើនៅប្រទេសសិង្ហបុរី នាពេលថ្មីៗនេះ។ កម្ពុជាគឺជាប្រទេសទី៩ ដែលបានដាក់បញ្ចូលជាមួយ ក្រុមហ៊ុនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ ERA ។
ក្រុមហ៊ុន ERA កំពុងប្រតិបត្តិការការងាររបស់ខ្លួននៅប្រទេសអាហ្វ្រីក ការាបៀន អឺរ៉ុប មជ្ឈិមបូព៌ា និងអាស៊ីប៉ាស៊ីភិច។ នៅក្នុងតំបន់អាស៊ី ក្រុមហ៊ុន ERA មានវត្តមាននៅក្នុង ប្រទេសសិង្ហបុរី ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េ ម៉ាឡេស៊ី តៃវ៉ាន់ ថៃ និងវៀតណាម។ នៅក្នុងតំបន់អាស៊ីទាំងមូលក្រុមហ៊ុន ERA មានការិយាល័យចំនួន៦៦១កន្លែង និងមានភ្នាក់ងារអចលនទ្រព្យជិត១៧,៥០០នាក់ ហើយបច្ចុប្បន្នរួមទាំងកម្ពុជាផងដែរ។
ប្រវត្តិERA
ក្រុមហ៊ុនERAបានបង្កើតឡើង នៅសហរដ្ឋអាមេរិកក្នុងទសវត្ស១៩៧០។ ភ្លាមៗបានក្លាយជាក្រុមហ៊ុនដំបូងគេ ដែលបានប្រើប្រាស់ម៉ាស៊ីនទូរសារក្នុងភ្ជាប់ទំនាក់ ទំនងរវាងអ្នកទិញ និងអ្នកលក់ អចលនទ្រព្យនៅទូទាំងសហរដ្ឋអាមេរិក។ ERA ក៏ជាភ្នាក់ងារអចលនទ្រព្យដំបូងបង្អស់ ដែលបានដាក់ អចលនទ្រព្យនៅក្នុងប្រព័ន្ធអនឡាញនៅឆ្នាំ ១៩៩៤ ។
បច្ចុប្បន្ន ក្រុមហ៊ុនERA មានវត្តមាននៅក្នុងរដ្ឋចំនួន៤៥ របស់សហរដ្ឋអាមេរិក និងប្រទេសចំនួន៣២នៅទូទាំងសាកលលោក ដែលមានការិយាល័យចំនួន ២,២៥០កន្លែង និងសាខាចំនួន៣៩,៥៥៧កន្លែង។
ក្រុមហ៊ុនបានបានផ្តោត លើការផ្តល់ជូននូវសេវាកម្មអចលនទ្រព្យលើផ្នែកផ្សេងៗគ្នា រួមមាន ប្រតិបត្តិការអចលនទ្រព្យ ឯកជន និងសាធារណៈ ការជួលលំនៅដ្ឋាន ការធ្វើទីផ្សារ ការគ្រប់គ្រង និង សេវាកម្មការវាយតម្លៃ។
ERA ដើរតួនាទីយ៉ាងដូចម្តេច?
បន្ទាប់ពីបានសម្រេចឈានជើងចូលទីផ្សារកម្ពុជា តាមរយៈអ្នកវិនិយោគក្នុងស្រុកមួយក្រុម ក្រុមហ៊ុនERA Cambodiaគ្រោងជ្រើសរើសបុគ្គលិកបំពេញការងារក្រៅម៉ោងចន្លោះពី២០០ទៅ២៥០នាក់ ហើយបច្ចុប្បន្នក្រុមហ៊ុនបានចាប់ ផ្តើមបណ្តុះបណ្តាលបុគ្គលិកបណ្តើរៗហើយ ដើម្បីធ្វើការក្នុងឧស្សាហកម្មដែលកំ ពុងរីកចម្រើនយ៉ាងលឿននៅកម្ពុជានាពេលនេះ។
តើ ERA លក់អាជ្ញាប័ណ្ណយ៉ាងដូចម្តេច?
ក្រុមហ៊ុនERA និងCentury21 មានទស្សនវិស័យ និងរបៀបធ្វើការខុសគ្នា ដោយក្រុមហ៊ុនERA ជាអ្នកផ្តល់នូវអាជ្ញាប័ណ្ណ ឬប្រើប្រាស់សិទ្ឋនៃឈ្មោះរបស់ពួកគេដល់បុគ្គល ដែលស្ម័គ្រចិត្តចូលធ្វើជាសមាជិករបស់ERA ហើយពួកគេនឹងទទួលបានការបណ្តុះបណ្តាល មុនពេលពួកគេក្លាយជាសមាជិកពេញសិទ្ឋិ និងតំណាងឲ្យក្រុមហ៊ុនERA ដើម្បីធ្វើការក្នុងវិស័យនេះ។
ចំណែកក្រុមហ៊ុន Century21 ជាក្រុមហ៊ុនលក់នូវកម្មសិទ្ឋនៃអាជ្ញាប័ណ្ណដល់បុគ្គល ដែលមានចុះបញ្ជីរបង្កើតក្រុមហ៊ុនច្បាស់លាស់ និងជាក្រុមហ៊ុនស្របច្បាប់ដែលចុះបញ្ជីរនៅក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានពន្ឋដា៕