ហាងលក់គ្រឿងអលង្ការដ៏ធំរបស់ចិនឈានជើងចូលទីផ្សារកម្ពុជា

0

ដោយ : វុត្ថា
ភ្នំពេញ : ក្រុមហ៊ុន Luk Fook Holdings (International) លីមីតធីត ជាក្រុហ៊ុនលក់គ្រឿងអលង្ការល្បីល្បាញរបស់ចិន បានឈានជើងចូលទីផ្សារកម្ពុជាជាមួយទុនវិនិយោគ៥លានដុល្លា​រ។
លោកស្រី ឆាយ លក្ខិណា ប្រធានគ្រប់គ្រងហាង Lukfook Jewelry ប្រចាំនៅកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងពិធិសម្ភោធនៅថ្ងៃទី៣ មីនា ឆ្នាំ២០១៨នេះថា ការសម្រេចចិត្តនាំយកគ្រឿងអលង្ការរបស់ក្រុមហ៊ុន Lukfook មកលក់នៅកម្ពុជា ដោយសារតែប្រទេសកម្ពុជា មានសក្កដានុពលសេដ្ឋកិច្ច និងជាពិសេសនោះ សម្រាប់នៅប្រទេសកម្ពុជា មិនទាន់មានក្រុមហ៊ុនម៉ាកល្បីលក់គ្រឿងអលង្ការនៅឡើយទេ។
លោស្រីបន្តថា “នេះជាលើកដំបូងសម្រាប់ប្រទេសកម្ពុជា ដែលមានហាងម៉ាកល្បី Lukfook ដែលជាប្រែនឆាយល្បីល្បាញក្នុងពិភពលោក”។ លោកស្រីបន្តថា “បច្ចុប្បន្ននេះប្រជាពលរដ្ឋ មិនទាន់អាចទទួលយកបានទាំងស្រុងនោះទេ តែនៅពេលអនាគត ពួកគេនឹងងាកមកប្រើប្រាស់ផលិតផលដែលមានម៉ាក និងម៉ូតល្បីៗ ព្រមទាំងមានគុណភាពខ្ពសរបស់ក្រុហ៊ុនវិញ ព្រោះប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍ប្រែនឆាយ”។


នាយកប្រតិបត្តិ និងអ្នកគ្រប់គ្រងទូទៅនៃLuk Fook Holdings Internationalលីមីតធីតលោកស្រី Shirley Wongបានថ្លែងថា ការឈានជើងចូលមកកាន់ទីផ្សារកម្ពុជា ដោយសារតែប្រទេសកម្ពុជា មិនទាន់មានក្រុមហ៊ុនម៉ាកល្បី និងលំដាប់អន្តរជាតិលក់គ្រឿងអលង្ការនោះទេ។
លោកស្រីបន្តថា “ការសម្ភោធហាងនៅថ្ងៃនេះ ជាឪកាសវិនិយោគថ្មីមួយទៀតរបស់ក្រុមហ៊ុន ក្នុងប្រទេសកម្ពុជា បន្ទាប់ពីទទួលបានជោជ័យនៅតាមបណ្តាលប្រទេសជាច្រើន”។លោកស្រីបន្តថា “មកដល់ពេលនេះ ក្រុមហ៊ុនមាន ចំនួន ១៦១០ សាខាននៅលើពិភពលោក។ លោកស្រីបន្តថា “ក្រុមហ៊ុននឹងបន្តបើកសា​ខាចំនួន៥បន្ថែមទៀត នៅក្នុងប្រទេសកម្ពុជានាពេលអនាគត”។


លោក Wong Wai Sheung ដែលជាប្រធាន និងជាអគ្គនាយកនៃក្រុមហ៊ុន បានឲ្យដឹងផងដែរថា ដោយយោងទៅតាមចក្ខុវិស័យ “ផលិតផលហុងកុង ចែងចាំងពេញពិភពលោក“ ក្រុមហ៊ុន កំពុងស្វែងរកឱកាសអាជីវកម្មថ្មីៗនៅក្នុងទីផ្សារអន្តរជាតិ ដើម្បីពង្រីកការវិនិយោគរបស់ខ្លួន។ ជាមួយនឹងគំនិតផ្តួចផ្តើមនៃផ្លូវខ្សែក្រវ៉ាត់ ក្រុមហ៊ុនមានសុទិដ្ឋិនិយម ចំពោះទស្សនវិស័យនៃទីផ្សារអាស៊ីអាគ្នេយ៍។ លោកបន្តថា បន្ទាប់ពីបានបើកហាងចំនួន២ នៅប្រទេសម៉ាឡេស៊ីកាលពីឆ្នាំមុន បច្ចុប្បន្នក្រុមហ៊ុន បានបង្កើតហាងលក់គ្រឿងអលង្ការមួយទៀត នៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដើម្បីបង្ហាញពីគ្រឿងអលង្ការ ដែលមានគុណភាព និងសេវាថែទាំនៅលើទីផ្សារ។
លោកបន្ថែមថា ក្រុមហ៊ុននឹងបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការផ្តល់ជូននូវបទពិសោធន៍លើគ្រឿងអលង្ការ ដែលគ្មានគូប្រៀប សម្រាប់អតិថិជននៅទូទាំងពិភពលោក ដើម្បីធានាថាគ្រឿងអលង្ការ Lukfook នៅតែជាម៉ាកយីហោគ្រឿងអលង្ការដ៏ល្បីពេញនិយមសម្រាប់អតិថិជនគ្រប់ទីកន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here